(ម៉ូស្គូ)៖ យន្ដហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ាក់ Iraqi Airways ធ្វើដំណើរពីទីក្រុងបាកដាដ ឆ្ពោះទៅកាន់ទីក្រុងមីង (Minsk) នៃប្រទេសបែលឡារុស (Belarus) ត្រូវបានបង្ខំចិត្តចុះចតជាបន្ទាន់ នៅឯអាកាសយានដ្ឋានក្នុងទីក្រុង រ៉ូសតូវអនដន (Rostov-on-Don) ប្រទេសរុស្ស៊ី។ នេះបើតាមមន្ត្រីម្នាក់អាកាសយានដ្ឋាន ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០១៩។
យោងតាមមន្ត្រីដដែល យន្ដហោះខាងលើមានដឹកអ្នកដំណើរ ២០០នាក់ បានចុះចតជាបន្ទាន់នៅឯអាកាសយានដ្ឋានផ្លាតូវ (Platov International Airport) នៃទីក្រុង Rostov-on-Don នៅម៉ោងប្រមាណ ១១៖១៥នាទីព្រឹកថ្ងៃសុក្រនេះ (ម៉ោងនៅម៉ូស្គូ) ដោយសារតែបញ្ហាបច្ចេកទេស។
គួរជម្រាបថា នៅថ្ងៃសុក្រនេះយន្ដហោះដឹកអ្នកដំណើរ ១០០នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ប៊ែកអ៊ែរ (Bek Air) ដែលមានគោលដៅហោះហើរពីពីទីក្រុង អាល់ម៉ាធី (Almaty) ឆ្ពោះទៅកាន់រដ្ឋធានីណួរស៊ុលតាន់ (Nur-Sultan) នៃប្រទេសកាហ្សាក់ស្ថាន ក៏បានធ្លាក់ចំអគារកម្ពស់ ០២ជាន់ ផងដែរនៅក្បែរអាកាសយានដ្ឋាន នៅក្នុងទីក្រុងអាល់ម៉ាធី (Almaty) ក្រោយហោះឡើងបានបន្តិច។ គ្រោះថ្នាក់ធ្លាក់យន្ដហោះនេះ បានបណ្ដាលឱ្យមនុស្ស ១៥នាក់ស្លាប់ និងជាច្រើននាក់រងរបួស៕