(តេហេរ៉ង់)៖ ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក USGS បានឱ្យដឹងនៅថ្ងៃសុក្រនេះថា គ្រោះរញ្ជួយដីកម្រិតធ្ងន់បង្គួរមួយ បានវាយប្រហារ លើតំបន់ស្ថិតនៅចំងាយ ៤៥គីឡូម៉ែត្រប៉ុណ្ណោះ ពីរោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០១៩។
យោងតាម USGS គ្រោះរញ្ជួយដីខាងលើមានរំញ័រកម្រិត៥.១ រ៉ិចទ័រ ហើយវាបានកើតឡើងនៅចំងាយ៤៤គីឡូម៉ែត្រ ពីភាគអាគ្នេយ៍ទីក្រុង Borazjan និងមានជម្រៅរញ្ជួយទៅក្នុងដី២៨គីឡូម៉ែត្រ ព្រមទាំងចំណុចរញ្ជួយនៅចំងាយ៤៥គីឡូម៉ែត្រពីភាគខាងកើត នៃរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr។ ប៉ុន្តែ ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការខូចខាតនៅឡើយទេ៕