(អាមេរិក)៖ យានអវកាសអាមេរិកដែលសិក្សាពីព្រះអាទិត្យ Parker Solar Probe បានធ្វើការហោះឆ្វែលភពសុក្រ (Venus) ជាថ្មីម្តងទៀត ដែលជាផ្នែកមួយក្នុងដំណើរបេសកកម្មរបស់វា នៅជុំវិញព្រះអាទិត្យរបស់យើង។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយព័ត៌មាន Space នៅរសៀលថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០១៩។
យាន Parker Solar Probe (PSP) ត្រូវបានទីភ្នាក់ងារអវកាសអាមេរិក NASA បាញ់បញ្ជូនចេញពីផែនដីកាលពីខែសីហា ឆ្នាំ២០១៨។ វាត្រូវចំណាយពេលសរុប ០៧ឆ្នាំ ដើម្បីហោះក្រឡឹងជុំវិញព្រះអាទិត្យ ដោយនៅអំឡុងប៉ុន្មានឆ្នាំចុងក្រោយនៃបេសកកម្ម វានឹងចូលទៅឲ្យកៀកព្រះអាទិត្យបំផុតខ្ទង់ ៦លានគីឡូម៉ែត្រ។
ប៉ុន្តែតាមរយៈការធ្វើបែបនោះ គន្លងធ្វើដំណើររបស់យាន PSP នឹងរួមមានការហោះឆ្វែលភពសុក្រចំនួន ០៧លើកផងដែរ។ វាអាចចាត់ទុកថា ជាឱកាសពិសេសមួយសម្រាប់ឲ្យក្រុមអ្នកវិទ្យាសាស្រ្ត ដើម្បីឆ្លៀតឱកាសបង្កើនការស្វែងយល់បន្ថែមលើភពសុក្រ ខណៈពុំមានយានណាមួយត្រូវបានបញ្ជូនឲ្យទៅសិក្សាអំពី Venus ទៀតឡើយ ចាប់តាំងតែពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០។
គួរជម្រាបថា ក្រោយពេលចាកចេញពីផែនដី យាន PSP បានហោះឆ្វែលភពសុក្រជាលើកដំបូង កាលពីខែតុលា ឆ្នាំ២០១៨។ សម្រាប់ការ ហោះឆ្វែលពីរលើកបន្ទាប់ទៀតរបស់ Parker Solar Probe នឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២០ និងនៅខែកុម្ភៈ ឆ្នាំ២០២១៕