Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទូរទស្សន៍ជប៉ុន NHK ច្រឡំផ្សាយព័ត៌មានថា «កូរ៉េខាងជើងបាញ់មីស៊ីលធ្លាក់ចូលក្នុងសមុទ្រ» តែក្រោយមកទើបចេញមុខសុំទោស (Video inside)

27-12-2019 11:47

(តូក្យូ)៖ ទូរទស្សន៍ NHK បានផ្សាយព័ត៌មានច្រឡំថា កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលមួយគ្រាប់ ធ្លាក់ចូលក្នុងតំបន់ដែនទឹកភាគខាងកើត នៃទីប្រជុំកោះជប៉ុន។ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមកប្រព័ន្ធផ្សព្វផ្សាយជប៉ុនមួយនេះ បានចេញសារសូមអភ័យចំពោះការភ័ន្ដច្រឡំដ៏ធំនេះ។ នេះបើតាមការដកស្រង់ និងចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០១៩។

ព័ត៌មានដែលត្រូវបានចេញផ្សាយថា កូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលខាងលើនេះ ត្រូវបានចេញផ្សាយនៅរយៈពេល ២២នាទី ក្រោយពាក់កណ្ដាលយប់ឈាន ចូលថ្ងៃសុក្រនេះ នៅលើគេហទំព័ររបស់ NHK ដោយមានខ្លឹមសារជាព័ត៌មាន បែបទាន់ហេតុការណ៍យ៉ាងដូច្នេះថា «មីស៊ីលកូរ៉េខាងជើងមួយគ្រាប់ បានធ្លាក់ចូលក្នុងសមុទ្រស្ថិតនៅចំងាយ ២,០០០គីឡូម៉ែត្រ ពីភាគខាងកើតជ្រោយអេរីម៉ូ (Erimo) នៃទីប្រជុំកោះហុកកៃដូ»

ប៉ុន្តែនៅម៉ោង ២៖២៨នាទីរំលងអធ្រាត្រ ទូរទស្សន៍ NHK បានចេញសារសូមអភ័យទោស ចំពោះការភ័ន្ដច្រឡំនេះដោយអះអាងថា «អត្ថបទព័ត៌មាននេះ គឺសម្រាប់ការហ្វឹកហាត់សរសេរព័ត៌មានតែប៉ុណ្ណោះ និងជារឿងមិនពិតនោះឡើយ ហើយយើងសូមអភ័យទោសដល់ប្រិយមិត្តរបស់យើង និងសាធារណជនទាំងអស់»។

គួរជម្រាបថា នេះមិនមែនជាលើកទីមួយឡើយដែល NHK ចេញផ្សាយព័ត៌មានច្រឡំបែបនេះ ដោយកាលពីខែមករា ឆ្នាំ២០១៨ ទូរទស្សន៍ជប៉ុន មួយនេះក៏ធ្លាប់បានរាយការណ៍ខុសថា កូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលផងដែរ។ តែយ៉ាងណាក៏ដោយ ទោះbIជាកូរ៉េខាងជើងមិនបានធ្វើតេស្ដមីស៊ីល ជាកាដូបុណ្យណូអែល ផ្ញើឱ្យសហរដ្ឋអាមេរិកតាមការសន្យាក៏ដោយ តែអ្នកជំនាញជាច្រើនយល់ថា លោក គីម ជុងអ៊ុន កំពុងត្រៀមអំណោយផ្សេងដ៏ធំសម្រាប់លោក ដូណាល់ ត្រាំ នៅក្រោយកិច្ចប្រជុំពេញអង្គ នៃគណបក្សពលករកូរ៉េខាងជើងនៅចុងខែធ្នូនេះ ឬនៅកំឡុង ពិធីថ្លែងសារឆ្លងឆ្នាំថ្មីរបស់លោក គីម នៅដើមឆ្នាំ២០២០៕