(តូក្យូ)៖ យោងតាមឯកសាររបស់រដ្ឋាភិបាលជប៉ុន ទីក្រុងតូក្យូនឹងបញ្ជូននាវាចម្បាំងមួយគ្រឿង រួមជាមួយយន្តហោះល្បាតប៉ុន្មានគ្រឿង ឲ្យទៅការពារការធ្វើដំណើររបស់កប៉ាល់ជប៉ុន នៅតំបន់មជ្ឈិមបូព៌ា ខណៈស្ថានការណ៍នៅទីនោះនៅតែស្ថិតក្នុងភាពគ្រោះថ្នាក់។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៩។

នៅក្រោមផែនការខាងលើ នាវាចម្បាំងប្រភេទពិឃាត (Destroyer) មួយគ្រឿង ដែលមានបំពាក់ឧទ្ធម្ភាគចក្រ ព្រមទាំងយន្តហោះល្បាតធុន P-3C ចំនួន ០២គ្រឿងនឹងត្រូវបញ្ជូនឲ្យធ្វើបេសកកម្មប្រមូលព័ត៌មាន ជាមួយគោលដៅធានាការពារឲ្យកប៉ាល់ជប៉ុននានា ធ្វើដំណើរប្រកបដោយសុវត្ថិភាព នៅតាមដែនសមុទ្រនៃតំបន់មជ្ឈិមបូព៌ា ហើយប្រសិនបើមានករណីបន្ទាន់ រដ្ឋមន្រ្តីការពារជាតិជប៉ុននឹងដាក់ចេញបញ្ជាពិសេសភ្លាមៗ ដែលអនុញ្ញាតឲ្យកងកម្លាំងជប៉ុនទាំងនោះ ប្រើប្រាស់សព្វាវុធដើម្បីការពារកប៉ាល់ ដែលស្ថិតក្រោមគ្រោះថ្នាក់។

គួរជម្រាបថា នៅចំពោះមុខភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកាលពីខែឧសភា និងខែមិថុនា ឆ្នាំ២០១៩នេះ ករណីវាយប្រហារមួយ ចំនួនបានកើតឡើងនៅកប៉ាល់ដឹកជញ្ជូនរបស់អន្តរជាតិ ដែលក្នុងចំណោមរួមមានទាំងកប៉ាល់ដឹកប្រេងជប៉ុនឈ្មោះ កូគុកា (Kokuka Courageous) លើផ្ទៃសមុទ្រនៅមជ្ឈិមបូព៌ា។ ករណីទាំងនោះត្រូវបានទីក្រុងវ៉ាស៊ីនតោនទម្លាក់កំហុសលើអ៊ីរ៉ង់ ប៉ុន្តែទីក្រុងតេហេរ៉ង់បានច្រានចោលការចោទប្រកាន់។

ការចល័តនាវាចម្បាំង និងយន្តហោះល្បាតខាងលើ គឺជាប្រតិបត្តិការដាច់ដោយឡែកពីប្រតិបត្តិការស្រដៀងគ្នា ដែលដឹកនាំដោយអាមេរិក ខណៈជប៉ុននៅតែចង់រក្សាចំណងទាក់ទង ក្នុងលក្ខណៈមិត្តភាពជាមួយអ៊ីរ៉ង់។ កាលពីសប្តាហ៍មុននាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ បានជូនដំណឹងដល់ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន រួហានី (Hassan Rouhani) អំពីគម្រោងរបស់ទីក្រុងតូក្យូ ក្នុងការបញ្ជូនកងកម្លាំងជើងទឹកទៅកាន់តំបន់មជ្ឈិមបូព៌ា៕