(តៃវ៉ាន់)៖ ក្រសួងការពារជាតិតៃវ៉ាន់បានឲ្យដឹងថា នាវាដឹកយន្តហោះចម្បាំងដែលចិនទើបដាក់ដំណើរការនាពេលថ្មីៗកន្លងទៅ នេះ បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាលើកទីពីរ នៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន CNA នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩។
ក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់ថា ខ្លួនបានតាមដានជាប់លើនាវាដឹកយន្តហោះចម្បាំង Shandong របស់ចិន ព្រមទាំង ក្រុម នាវាចម្បាំងអមដំណើរមួយចំនួនទៀត នៅពេលនាវាយោធាចិនទាំងនោះចល័តឆ្លងកាត់ច្រកសមុទ្រ ដែលខណ្ឌចែកដែនដីធំរបស់ ប្រទេសចិន ហើយនិងកោះតៃវ៉ាន់ ដែលត្រូវចិនចាត់ទុកត្រឹមជាខេត្តមួយ។ កាលពីខែវិច្ឆិកាកន្លងទៅ នាវាដឹកយន្តហោះចម្បាំងចិន ដែលកាលនោះនៅមិនទាន់មានឈ្មោះនៅឡើយ ក៏ត្រូវបានបញ្ជូនឲ្យធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដែរ។
ការចល័តនាវាដឹកយន្តហោះចម្បាំងចិនគ្រានោះ បានបង្កឲ្យការិយាល័យតំណាងទីក្រុងវ៉ាស៊ីនតោនប្រចាំនៅតៃវ៉ាន់បង្ហាញក្តីបារម្ភ ឡើង ហើយរដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក Joseph Wu បានចោទចិនថាព្យាយាមជះឥទ្ធិពលលើការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីរបស់តៃវ៉ាន់ ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។
គួរជម្រាបថា កាលពីសប្តាហ៍មុន ប្រទេសចិនទើបតែបានដាក់ដំណើរការនាវាដឹកយន្តហោះចម្បាំង Shandong ជាផ្លូវការ ដែលជានាវាដឹកយន្តហោះចម្បាំងគ្រឿងទីពីររបស់ខ្លួន។ នាវាដឹកយន្តហោះចម្បាំងចិនមួយទៀតមានឈ្មោះថា Liaoning៕