(តូក្យូ)៖ ជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះ បានប្រហារជីវិតដោយព្យួរកជនជាតិចិនម្នាក់ ដែលត្រូវបានតុលាការផ្ដន្ទាទោសពីបទសម្លាប់មនុស្សមួយ គ្រួសារមានសមាជិក៤នាក់ ហើយនេះគឺជាការប្រហារជីវិតជនបរទេសជាលើកដំបូងបំផុត ចាប់តាំងពីឆ្នាំ២០០៧មក។ នេះបើតាមរដ្ឋមន្ត្រីយុត្តិធម៌ ជប៉ុន ដកស្រង់ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩។
បុរសជាជាតិចិនខាងលើមានឈ្មោះថា Wei Wei អាយុ៤០ឆ្នាំ បានប្រព្រឹត្តអំពើលួចប្លន់ និងមនុស្សឃាតនៅពាក់កណ្ដាលឆ្នាំ២០០៣ ជាមួយ អ្នកសមគំនិតពីរនាក់ផ្សេងទៀត ដែលបានរត់គេចខ្លួនទៅកាន់ប្រទេសចិន។ តែពួកគេត្រូវបានចាប់ខ្លួននៅទីនោះ ហើយម្នាក់ត្រូវបានប្រហារជីវិត នៅក្នុងប្រទេសចិននៅឆ្នាំ២០០៥ និងម្នាក់ទៀតត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារអស់មួយជីវិត។ ជនឈ្មោះ Wei Wei ដែលជាអតីតសិស្សថ្នាក់ភាសា ក្នុងប្រទេសជប៉ុន បានសារភាពពីទោសកំហុសពាក់ព័ន្ធនឹងការសម្លាប់មនុស្សមួយគ្រួសារមានសមាជិកនាក់ តែបានអះអាងថាខ្លួនមិនមែនជា ជនដៃដល់ឡើយ។ តែយ៉ាងនេះក្ដី ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ រដ្ឋមន្ត្រីយុត្តិធម៌ជប៉ុន លោកស្រី Masako Mori បានសង្កត់ធ្ងន់ថាទង្វើដែល ជននេះបានប្រព្រឹត្តគឺមានភាពសាហាវយង់ឃ្នង។
លោកស្រី បានគូសបញ្ជាក់ដូច្នេះថា៖ «វាគឺជាទង្វើសាហាវយង់ឃ្នងបំផុត ដែលកើតឡើងលើមនុស្សមួយគ្រួសារដ៏មានសុភមង្គលមាន សមាជិក៤នាក់ ក្នុងនោះមានទាំងក្មេងអាយុ៨ឆ្នាំ និង១១ឆ្នាំ ដែលត្រូវបានសម្លាប់ដោយសារតែប្រយោជន៍ផ្ទាល់ខ្លួន»។
គួរបញ្ជាក់ថា បច្ចុប្បន្ន អ្នកទោស១២០នាក់ ត្រូវបានផ្ដន្ទាទោសប្រហារជីវិត និងកំពុងរង់ចាំការប្រហារជីវិត នៅក្នុងប្រទេសជប៉ុន ហើយកាលពីឆ្នាំ ២០១៨ អ្នកទោស១៥នាក់ ត្រូវបានប្រហារជីវិត។ ចំណែកឯ ការប្រហារជីវិតជនជាតិចិនឈ្មោះ Wei Wei គឺជាការប្រហារជីវិតអ្នកទោសទី៣៩ ក្រោមរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ។ មុនឆ្នាំ២០០៧ អត្តសញ្ញាណអ្នកទោសត្រូវប្រហារជីវិត មិនត្រូវបាន បង្ហាញ ឬបញ្ចេញនៅលើទិន្នន័យនៃការផ្តន្ទាទោសប្រហារជីវិតនោះទេ៕