(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងត្រៀមលក្ខណៈជានិច្ច ចំពោះការជូនកាដូបុណ្យណូអែលរបស់កូរ៉េខាងជើង ខណៈប៉ុន្មានម៉ោងទៀត ទើបផុតថ្ងៃគ្រីស្មាស់នៅអាមេរិក។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានយុនហ៉ាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩។
«កាដូបុណ្យណូអែល» របស់ទីក្រុងព្យុងយ៉ាង ត្រូវមនុស្សភាគច្រើនរំពឹងថា គឺជាការបាញ់គ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប (ICBM) បន្ទាប់ពីកូរ៉េខាងជើង ទើបតែបានធ្វើតេស្តដ៏សំខាន់ចំនួនពីរលើកដែលគេជឿថា ជាការសាកល្បងម៉ាស៊ីនគ្រាប់រ៉ុក្កែត នៅកន្លែងបង្ហោះផ្កាយរណប នាពេលកន្លងទៅក្នុងខែធ្នូនេះ។ អ្នកនាំពាក្យក្រសួងការពារជាតិ លោក ដេវ អ៊ីសប៊ឺន (Dave Eastburn) បាននិយាយថា «អាមេរិក និងសម្ព័ន្ធមិត្តរបស់យើងនៅជុំវិញពិភពលោក ត្រៀមលក្ខណៈជានិច្ច ដើម្បីការពារខ្លួនឯងក្នុងឱកាសថ្ងៃបុណ្យគ្រីស្មាស់»។
ដោយឡែកកាលពីចន្លោះថ្ងៃអង្គារ និងថ្ងៃពុធសប្តាហ៍នេះ អាមេរិកបានធ្វើការហោះហើរយន្តហោះស៊ើបការណ៍ចំនួន ០៤គ្រឿង នៅលើឧបទ្វីបកូរ៉េ ដើម្បីត្រៀមឆ្លើយតបចំពោះ សកម្មភាពបង្កហេតុរបស់កូរ៉េខាងជើង។
គួរជម្រាបថា ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្រកាសផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពធ្វើតេស្តនុយក្លេអ៊ែរ និងមីស៊ីលផ្លោងឆ្លងទ្វីប ICBM នៅខែមេសា ឆ្នាំ២០១៨ មុនពេលលោកត្រៀមចូលរួមកិច្ចប្រជុំកំពូលទ្វេភាគី ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅខែមិថុនា ឆ្នាំដដែល។ ប៉ុន្តែក្រោយពីកិច្ចចរចានុយក្លេអ៊ែរ រវាងប្រទេសទាំងពីរបានជាប់គាំង ទីក្រុងព្យុងយ៉ាងបានបាញ់ តេស្តប្រព័ន្ធបាញ់មីស៊ីលរយៈចម្ងាយខ្លី ជាបន្តបន្ទាប់ចាប់តាំងពីខែឧសភាមក ហើយបានគំរាមជូនកាដូគ្រីស្មាស់ ដល់សហរដ្ឋអាមេរិកថែមទៀត៕