(បរទេស)៖ នៅរយៈពេលពេញមួយឆ្នាំ២០១៩ ព្រឹត្តិការណ៍នៅទូទាំងពិភពលោក បានកើតមានឡើងគ្រប់ជំពូកតែម្តង ជាពិសេសគឺបញ្ហានយោបាយ និងសន្តិសុខ ដែលបណ្តាប្រទេសមហាអំណាចធំៗ មានការប្រែប្រួលទិសដៅ ព្រមទាំងការដាក់សម្ពាធលើគូសត្រូវ ដែលជាហេតុធ្វើឲ្យស្ថានការណ៍នៅតំបន់ខ្លះ ដូចជាមជ្ឈិមបូព៌ាជាដើម មានសភាពក្តៅគគុកខ្លាំងលើបណ្តាឆ្នាំមុនៗ។
បន្ថែមពីនេះសកម្មភាពអភិវឌ្ឍបច្ចេកវិទ្យា និងយោធារបស់ប្រទេសធំៗមួយចំនួន ក៏ជារឿងដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងផងដែរ នៅអំឡុងឆ្នាំ២០១៩។ ខាងក្រោមនេះគឺជាព្រឹត្តិការណ៍នយោបាយ និងសន្តិសុខអន្តរជាតិដែលបានកើតមានឡើង ចាប់ពីដើមខែមករា ឆ្នាំ២០១៩ រហូតដល់ចុងខែធ្នូ ឆ្នាំ២០១៩ ដែលមានជាបន្តបន្ទាប់៖
១៖ ព្រឹត្តិការណ៍ក្នុងខែមករា ឆ្នាំ២០១៩
* ថ្ងៃទី១ ខែមករា
- លោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) ចូលកាន់តំណែងជាប្រធានាធិបតីប្រេស៊ីល សម្រាប់អាណត្តិ ០៥ឆ្នាំ។
- យានអវកាសរុករកគ្មានមនុស្សបើក New Horizons បានធ្វើដំណើរទៅកៀកខ្សែក្រវាត់ Kuiper belt object (KBO) នៃប្រព័ន្ធព្រះអាទិត្យ។
- ប្រទេសកាតាដកខ្លួនចេញពីអង្គការក្រុមប្រទេសនាំចេញប្រេង ហៅកាត់ថា OPEC។
- ការរៀបអាពាហ៍ពិពាហ៍រវាងអ្នកស្រឡាញ់ភេទដូចគ្នា ត្រូវបានទទួលស្គាល់ដោយច្បាប់ក្នុងប្រទេសអូទ្រីស។
* ថ្ងៃទី០៣ ខែមករា៖ យានរុករកចិនឈ្មោះ Chang'e 4 បានក្លាយជាឧបករណ៍ផលិតដោយមនុស្សដំបូងគេបំផុត ដែលបានចុះចតនៅផ្នែកម្ខាងទៀតនៃព្រះច័ន្ទ។
* ថ្ងៃទី០៦ ខែមករា៖ ព្រះមហាក្សត្រម៉ាឡេស៊ី មូហាំម៉េដទី ៥ (Muhammad V) ប្រកាសដាក់រាជ្យដែលនេះបានធ្វើឱ្យទ្រង់ ក្លាយជាមហាក្សត្រម៉ាឡេស៊ីដំបូងគេដែលធ្វើដូច្នេះ។
* ថ្ងៃទី១០ ខែមករា៖ វេណេស៊ុយអេឡា បានធ្លាក់ចូលក្នុងវិបត្តិរដ្ឋធម្មនុញ្ញ ដោយសភាជាតិគ្រប់គ្រងដោយគណបក្សប្រឆាំងប្រកាសចាត់ទុក លោក នីកូឡាស់ ម៉ាឌូរ៉ូ ជាប្រធានាធិបតីខុសច្បាប់ ហើយទទួលស្គាល់លោក Juan Guaidó ជាប្រធានាធិបតីស្ដីទី។
* ថ្ងៃទី២៣ ខែមករា៖ រដ្ឋាភិបាលវេណេស៊ុយអេឡារបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ ផ្ដាច់ទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិក។
២៖ ព្រឹត្តិការណ៍ក្នុងខែកុម្ភៈ ឆ្នាំ២០១៩
* ថ្ងៃទី០១ ខែកុម្ភៈ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទទួលស្គាល់ថា ទីក្រុងវ៉ាស៊ីនតោននឹងដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF ឆ្នាំ១៩៨៧ ជាមួយរុស្ស៊ី ហើយប៉ុន្មានថ្ងៃក្រោយទីក្រុងម៉ូស្គូ ផ្អាកការអនុវត្តកាតព្វកិច្ចក្រោមសន្ធិសញ្ញានេះ។
* ថ្ងៃទី៣ ខែកុម្ភៈ៖ សម្ដេចប៉ាប ហ្វ្រង់ស៊ីស បានយាងទៅដល់ទីក្រុង Abu Dhabi ប្រទេសអេមីរ៉ាត អារ៉ាប់រួមក្នុងព្រះនាមជាសម្ដេចប៉ាបដំបូងគេបំផុត ដែលបំពេញទស្សនកិច្ចនៅឧបទ្វីបអារ៉ាប់។
* ថ្ងៃទី១២ ខែកុម្ភៈ៖ សាធារណរដ្ឋម៉ាសេដូនី បានប្ដូរឈ្មោះទៅជាសាធារណរដ្ឋម៉ាសេដូនីខាងជើង។
* ថ្ងៃទី១៤ ខែកុម្ភៈ៖ ការវាយប្រហារបំផ្ទុះគ្រាប់អត្តឃាត លើក្បួនរថយន្ដយោធាឥណ្ឌា ក្នុងតំបន់កាស្មៀបានផ្ដាច់ជីវិតយោធាឥណ្ឌា ៤០នាក់ ហើយនេះជាការវាយប្រហារ សម្លាប់កងកម្លាំងឥណ្ឌា ច្រើនជាងគេបំផុតក្នុងតំបន់កាស្មៀនារយៈពេល ៣០ឆ្នាំចុងក្រោយនេះ។
* ថ្ងៃទី២៦ និងទី២៧ ខែកុម្ភៈ៖ កងទ័ពអាកាសឥណ្ឌាបានបើកការវាយប្រហារ តាមផ្លូវអាកាសលើមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធ ដែលខ្លួនចោទថា ជាអ្នកនៅពីក្រោយការវាយប្រហារបំផ្ទុះគ្រាប់បែក កាលពីថ្ងៃទី១៤ កុម្ភៈ នៅតំបន់ Balakot លើទឹកដីប៉ាគីស្ថាន។ ការវាយប្រហារនេះបានធ្វើឱ្យប្រទេសទាំងពីរ មានភាពតានតឹងផ្នែកយោធាដល់កម្រិតកំពូល រហូតដល់មានការអះអាងពីការបាញ់ ទម្លាក់យន្ដហោះចម្បាំងរៀងៗខ្លួន។
* ថ្ងៃទី២៧ និង២៨ ខែកុម្ភៈ៖ សហរដ្ឋអាមេរិក និងកូរ៉េខាងជើងរៀបចំជំនួបកំពូលលើកទី២ រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ តែមេដឹកនាំទាំងពីរបានបញ្ចប់កិច្ចប្រជុំនេះ ដោយគ្មានចេញសេចក្ដីថ្លែងការណ៍រួម ឬមានលទ្ធផលអ្វីជាដុំកំភួនឡើយ ខណៈភាពតានតឹងបានផ្ទុះឡើងជាថ្មី រហូតមកទល់បច្ចុប្បន្ន។
៣៖ ព្រឹត្តិការណ៍នៅក្នុងខែមីនា ឆ្នាំ២០១៩
* ថ្ងៃទី០៣ ខែមីនា៖ យាន SpaceX Dragon ដែលមានមហិច្ឆតាដឹកជញ្ជូន អវកាសយានិកអាមេរិកទៅកាន់ទីអវកាស បានទទួលជោគជ័យក្នុងការចុះចតដោយស្វ័យប្រវត្តិ នៅស្ថានីយទីអវកាសអន្តរជាតិ។
* ថ្ងៃទី២៤ ខែមីនា៖ បោះឆ្នោតសកលនៅប្រទេសថៃ ដោយលទ្ធផលបង្ហាញគណបក្សរបស់លោក ប្រាយុទ្ធ ចាន់អូចា ជាអ្នកទទួលបានជ័យជ្នះ ហើយលោកប្រាយុទ្ធត្រូវបានសភាបោះឆ្នោត គាំទ្រឱ្យកាន់តំណែងនាយករដ្ឋមន្ត្រី។
៤៖ ព្រឹត្តិការណ៍នៅក្នុងខែមេសា ឆ្នាំ២០១៩
* ថ្ងៃទី១១ ខែមេសា
- ស្ថាបនិកគេហទំព័រ WikiLeaks លោក ជូលៀន អាស្សាង (Julian Assange) ត្រូវបានអាជ្ញាធរអង់គ្លេសចាប់ខ្លួន បន្ទាប់ជ្រកកោនក្នុងស្ថានទូតអេក្វាឌ័រ ប្រចាំទីក្រុង ឡុងដ៍ អស់រយៈពេល៧ឆ្នាំ។
- លោក អូម៉ារ អាល់ បាហ្ស័រ (Omar al-Bashir) ត្រូវបានយោធាធ្វើរដ្ឋប្រហារ ទម្លាក់ពីតំណែង ជាប្រធានាធិបតីស៊ូដង់ ក្រោយកាន់អំណាចជិត៣០ឆ្នាំ។
* ថ្ងៃទី២៥ ខែមេសា៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បំពេញទស្សនកិច្ចទៅកាន់ទីក្រុងវ្ល៉ាឌីវ៉ូស្តូក (Vladivostok) ប្រទេសរុស្ស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។
* ថ្ងៃទី៣០ ខែមេសា
- ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ (Akihito) បានដាក់រាជ្យជាផ្លូវការ ដែលធ្វើឱ្យព្រះអង្គ ក្លាយជាព្រះចៅអធិរាជដំបូងគេបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុន ដែលបានដាក់រាជ្យ ក្នុងរយៈពេលជាង ២០០ឆ្នាំមកនេះ។ ការដាក់រាជ្យរបស់ព្រះអង្គគឺជាបញ្ចប់សករាជ ហីសី (Heisei) និងបើកសករាជថ្មី រៃវ៉ា (Reiwa) នៃព្រះចៅអធិរាជថ្មី ណារុហ៊ីតុ (Naruhito) ជាបុត្របង្កើតរបស់ទ្រង់។
- ផ្ទុះការប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់លោក នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីតំណែងតែបរាជ័យ ហើយលោក ម៉ាឌូរ៉ូ ចោទប្រកាន់លោក ហ្ស៊ាន ហ្គៃដូ (Juan Guaidó) ថាជាអ្នកនៅពីក្រោយការធ្វើរដ្ឋប្រហារនេះ។
៥៖ ព្រឹត្តិការណ៍នៅក្នុងខែឧសភា ឆ្នាំ២០១៩
* ថ្ងៃទី០១ ខែឧសភា៖ ព្រះមហាក្សត្រថៃព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) រៀបអភិសេកជាមួយអង្គរក្សផ្ទាល់ខ្លួនឈ្មោះ សុធីតា ធីតចៃ (Suthida Tidjai) ដែលក្រោយមកទ្រង់បានតែងតាំងព្រះអគ្គមហេសី។
* ថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែឧសភា៖ ពិធីឡើងគ្រងរាជសម្បត្តិជាផ្លូវការរបស់ ព្រះមហាក្សត្រថៃព្រះបាទ Maha Vajiralongkorn ក្នុងទីក្រុងបាងកក។
* ថ្ងៃទី១២ ខែឧសភា៖ ឧប្បដិហេតនៅឈូងសមុទ្រអូម៉ង់ ដោយកប៉ាល់ពាណិជ្ជកម្មបួនគ្រឿង ក្នុងនោះរួមមានកប៉ាល់ដឹកប្រេងអារ៉ាប៊ីសាអូឌីត ពីរគ្រឿងរងការវាយប្រហារ ខណៈទីក្រុងវ៉ាស៊ីនតោន និងទីក្រុងរីយ៉ាដចោទថា អ៊ីរ៉ង់ជានៅពីក្រោយការវាយប្រហារនេះ តែអ៊ីរ៉ង់បដិសេធ។
* ថ្ងៃទី១៧ ខែឧសភា៖ កោះតៃវ៉ាន់បានក្លាយជាដែនដីតំបន់គេបំផុតក្នុងតំបន់អាស៊ី ដែលផ្ដល់ភាពស្របច្បាប់លើអាពាហ៍ពិពាហ៍ នៃក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។
* ថ្ងៃទី១៨ ខែឧសភា៖ លោក ស្កតត៍ ម៉ូរីសសុន (Scott Morrison) ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីអូស្ត្រាលី។
* ថ្ងៃទី១៩ ខែឧសភា៖ សង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន នាំឲ្យក្រុមហ៊ុន Google បញ្ឈប់ការផ្ដល់សេវាកម្មនានាឱ្យក្រុមហ៊ុនចិន Huawei បន្ទាប់ពីត្រូវបានសហរដ្ឋអាមេរិកបញ្ចូលក្នុងបញ្ជីខ្មៅ។
* ថ្ងៃទី២៣ ខែឧសភា៖ លោក ណារិនដ្រា ម៉ូឌី ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីឥណ្ឌាសាជាថ្មី
* ថ្ងៃទី២៤ ខែឧសភា៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ថេរ៉េសា ម៉ាយ (Theresa May) ប្រកាសលាលែងចេញពីតំណែងជាប្រធានគណបក្សអភិរក្សនិយម។
* ថ្ងៃទី២៧ ខែឧសភា៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បំពេញទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសជប៉ុន និងចូលគាល់ព្រះចៅអធិរាជថ្មី។
៦៖ ព្រឹត្តិការណ៍ក្នុងខែមិថុនា ឆ្នាំ២០១៩
* ថ្ងៃទី០៧ ខែមិថុនា៖ លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស Theresa May លាលែងចេញពីតំណែងជាផ្លូវការ។
* ថ្ងៃទី០៩ ខែមិថុនា៖ បាតុករហុងកុងជាងមួយលាននាក់ចាប់ផ្តើមធ្វើបាតុកម្ម ប្រឆាំងនឹងច្បាប់ធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក។
* ថ្ងៃទី១៣ ខែមិថុនា៖ កប៉ាល់ដឹកប្រេងពីរគ្រឿង រងការវាយប្រហារនៅក្បែរច្រកសមុទ្រ ហ័រមឹស (Hormuz) ដែលក្រោយមកបង្កឲ្យជម្លោះអាមេរិក និងអ៊ីរ៉ង់កាន់តែរីកធំ។
* ថ្ងៃទី១៥ ខែមិថុនា៖ រដ្ឋាភិបាលក្រុងហុងកុងប្រកាសថា នឹងផ្អាកទាំងស្រុងនូវ «ច្បាប់ស្ដីពីការធ្វើបត្យាប័ន» តែក្រុមបាតុករនៅតែបន្តធ្វើការតវ៉ា ទាមទារបន្ថែមរហូតមកទល់សព្វថ្ងៃ ក្នុងនោះរួមមានទាំងឱ្យលោកស្រី ខារី ឡាំ (Carrie Lam) ចុះចេញពីតំណែងអភិបាលក្រុង។
* ថ្ងៃទី១៨ ខែមិថុនា៖ សហរដ្ឋអាមេរិកបញ្ជូនកងទ័ពបន្ថែម ១,០០០នាក់ទៅកាន់មជ្ឈិមបូព៌ា ដោយសំអាងលើការពារសម្ព័ន្ធមិត្ត ពីការគំរាមកំហែងរបស់អ៊ីរ៉ង់។
* ថ្ងៃទី២០ ខែមិថុនា៖ អ៊ីរ៉ង់បាញ់ទម្លាក់យន្ដហោះដ្រូនស៊ើបការណ៍អាមេរិកមួយគ្រឿងធុន RQ-4 Global Hawk នៅច្រកសមុទ្រ Hormuz ដោយអះអាងថា ដ្រូននេះហោះចូលដែនអាកាសរបស់ខ្លួន។
* ថ្ងៃទី២០ ដល់ថ្ងៃទី២១៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បំពេញទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង។
* ថ្ងៃទី៣០ ខែមិថុនា៖ លោក ដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីអាមេរិក កំពុងកាន់អំណាចដំបូងគេបំផុត ដែលឆ្លងព្រំដែនពីកូរ៉េខាងត្បូង ចូលទឹកដីកូរ៉េខាងជើង ដើម្បីជួបជាមួយលោក គីម ជុងអ៊ុន។
៧៖ ព្រឹត្តិការណ៍ក្នុងខែខែកក្កដា ឆ្នាំ២០១៩
* ថ្ងៃទី០១ ខែកក្កដា
- ជប៉ុនប្រកាសរឹតត្បិតការនាំចេញ បរិក្ខាបច្ចេកវិទ្យាសំខាន់ៗ សម្រាប់ផលិតអេក្រង់ទូរស័ព្ទដៃស្មាតហ្វូន និងបន្ទះឈីបជាដើមដល់កូរ៉េខាងត្បូង។
- បាតុករនាំគ្នាធ្វើបាតុកម្មតវ៉ាប្រឆាំងរដ្ឋាភិបាលហុងកុង នាឱកាសខួបនៃការប្រគល់ទីក្រុងហុងកុង ពីអង់គ្លេសឱ្យចិនគ្រប់គ្រងវិញ (ថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៧)។
* ថ្ងៃទី១៦ កក្កដា៖ សភាអឺរ៉ុបបោះឆ្នោតគាំទ្រលោកស្រី យួរស៊ូឡា ឡេអិន (Ursula von der Leyen) ជាប្រធានក្រុមប្រឹក្សាអឺរ៉ុបថ្មីជំនួសលោក ហ្សង់ ក្លូដ ចាំងខឺ (Jean-Claude Juncker) ហើយលោកស្រីគឺជាមនុស្សស្រីដំបូងគេបំផុត ដែលបានអង្គុយតំណែងកំពូលនេះ។
* ថ្ងៃទី១៧ ខែកក្កដា៖ ស្ដេចគ្រឿងញៀនម៉ិចស៊ីកូ ហាវឃ្វីន អ៊ែលចាប៉ូ (Joaquín "El Chapo" Guzmán) ត្រូវបានតុលាការអាមេរិកផ្តន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត បូកបន្ថែមទោសជាប់ពន្ធនាគារ ៣០ឆ្នាំទៀត។
* ថ្ងៃទី១៩ ខែកក្កដា៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ចាប់ឃាត់ទុកនាវាដឹកប្រេងឈ្មោះ ស្ទេណា អ៊ីមភើរ៉ូ (Stena Impero) ដោតទង់ជាតិអង់គ្លេស និងជាកម្មសិទ្ធិរបស់ស៊ុយអែត។
* ថ្ងៃទី២៤ ខែកក្កដា៖ លោក បូរីស ចនសុន (Boris Johnson) បានក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេស។
៨៖ ព្រឹត្តិការណ៍ក្នុងខែសីហា ឆ្នាំ២០១៩
* ថ្ងៃទី០២ ខែសីហា
- សហរដ្ឋអាមេរិកដកខ្លួនជាផ្លូវការ ចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF ជាមួយរុស្ស៊ី។
- ជប៉ុនប្រកាសដកកូរ៉េខាងត្បូង ចេញពីបញ្ជីសនៃភាពជាដៃគូពាណិជ្ជកម្មគួរឱ្យទុកចិត្ត។
* ថ្ងៃទី១២ ខែសីហា៖ កូរ៉េខាងត្បូងប្រកាសដកជប៉ុនចេញពីបញ្ជីស នៃភាពជាដៃគូពាណិជ្ជកម្មគួរឱ្យទុកចិត្ត។
* ថ្ងៃទី២១ ខែសីហា៖ ភ្លើងឆេះព្រៃអាម៉ាហ្សូន (Amazon) ធ្វើឲ្យពិភពលោករំជើបរំជួល។
៩៖ ព្រឹត្តិការណ៍ក្នុងខែកញ្ញា ឆ្នាំ២០១៩
* ថ្ងៃទី០៤ ខែកញ្ញា៖ រដ្ឋាភិបាលទីក្រុងហុងកុង ប្រកាសលុបចោលច្បាប់ធ្វើបត្យាប័នជនសង្ស័យ ទៅកាន់ចិនដីគោកជាផ្លូវការ។
* ថ្ងៃទី០៦ ខែកញ្ញា៖ យានចន្ទ្រាយាន ២ (Chandrayaan-2) របស់ឥណ្ឌា បានចូលទៅកាន់គន្លងគោចរជុំវិញព្រះច័ន្ទដោយជោគជ័យ ប៉ុន្តែយានវីក្រាម (Vikram) បានធ្លាក់នៅព្រះច័ន្ទ ក្រោយគ្រាប់រ៉ុក្កែតជួបបញ្ហា។
* ថ្ងៃទី២៤ ខែកញ្ញា៖ ប្រធានសភាតំណាងរាស្រ្តមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) ប្រកាសចាប់ផ្តើមស៊ើបអង្កេតជាផ្លូវការ ដើម្បីឈានទៅដំណើរការនីតិវិធីដកតំណែងលោក ដូណាល់ ត្រាំ។
១០៖ ព្រឹត្តិការណ៍នៅក្នុងខែតុលា ឆ្នាំ២០១៩
* ថ្ងៃទី០១ ខែតុលា
- ចិនប្រារព្ធខួបលើកទី៧០ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន យ៉ាងគគ្រឹកគគ្រេង។
- ប៉ូលិសហុងកុងប្រើប្រាស់គ្រាប់កាំភ្លើងពិត បាញ់បាតុករម្នាក់ឱ្យរបួសជាលើកដំបូង។
* ថ្ងៃទី០៤ ខែតុលា៖ រដ្ឋាភិបាលទីក្រុងហុងកុង ចេញច្បាប់ហាមពាក់ម៉ាស់ ឬរបាំងមុខក្នុងបាតុកម្មតវ៉ា ដែលនាំឲ្យក្រុមបាតុករកាន់តែផ្ទុះកំហឹង។
* ថ្ងៃទី០៥ ខែតុលា៖ បាតុករជាង៩០នាក់ត្រូវបានសម្លាប់ក្នុងបាតុកម្មតវ៉ា ដ៏ហិង្សានៅអ៊ីរ៉ាក់ ដើម្បីប្រឆាំងសេដ្ឋកិច្ចធ្លាក់ចុះ។
* ថ្ងៃទី០៩ ខែតុលា៖ ប្រធានាធិបតីតួកគីលោក រ៉េសិប តាយយីព អឺដូហ្គាន់ (Recep Tayyip Erdoğan) ប្រកាសបើកប្រតិបត្តិការយោធា វាយលុកលើកងកម្លាំងឃើដ នៅតាមបណ្ដោយព្រំដែនភាគឦសានប្រទេសស៊ីរី។
* ថ្ងៃទី២៧ ខែតុលា៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រកាសថា មេដឹកនាំ ISIS អាប៊ូ បាកឺ អាល់បាកដាឌី (Abu Bakr al-Baghdadi) ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការយោធាអាមេរិកនៅស៊ីរី។
១១៖ ព្រឹត្តិការណ៍នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩
* ថ្ងៃទី១០ ខែវិច្ឆិកា៖ ប្រធានាធិបតីបូលីវីលោក អ៊ីវ៉ូ ម៉ូរ៉ាល់ស៍ (Evo Morales) លាលែងចេញពីតំណែង ក្រោយរងសម្ពាធផ្ទៃក្នុង។
* ថ្ងៃទី១៤ ខែវិច្ឆិកា៖ អ៊ីតាលីប្រកាសដាក់ទីក្រុងវែនីស (Venice) ក្នុងគ្រាមានអាសន្នដោយសារតែទឹកជំនន់។
* ថ្ងៃទី១៧ ខែវិច្ឆិកា៖ បាតុករហុងកុងយកសាកលវិទ្យាល័យ The Hong Kong Polytechnic University ជាទីលានប្រយុទ្ធជាមួយប៉ូលិសហុងកុង។
* ថ្ងៃទី២៧ ខែវិច្ឆិកា៖ រដ្ឋាភិបាលលោក ដូណាល់ ត្រាំ អនុម័តច្បាប់ស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យក្រុងហុងកុង តែចិនចោទថានេះគឺជាទង្វើលូកដៃ ចូលកិច្ចការផ្ទៃក្នុងរបស់ចិនយ៉ាងធ្ងន់ធ្ងរ។
១២៖ ព្រឹត្តិការណ៍ក្នុងខែធ្នូ ឆ្នាំ២០១៩
* ថ្ងៃទី០៥ ខែធ្នូ៖ គណកម្មាធិការយុត្តិធម៌ នៃសភាតំណាងរាស្ត្រអាមេរិក តាក់តែងមាត្រាចំនួន២ ដើម្បីចោទប្រកាន់ប្រឆាំងនឹងលោក ដូណាល់ ត្រាំ។
* ថ្ងៃទី១៨ ខែធ្នូ៖ សភាតំណាងរាស្ត្រអាមេរិកអនុម័តលើមាត្រាចំនួនពីរ ដែលចោទប្រកាន់លោក ដូណាល់ ត្រាំ ពីបទរំលោភអំណាច និងបង្កការរាំងស្ទះដល់កិច្ចការស៊ើបអង្កេតរបស់សភា ហើយដែលការអនុម័តនេះបានធ្វើឱ្យលោក ត្រាំ ក្លាយជាប្រធានាធិបតីទី ៣ ក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលត្រូវបានគេដំណើរការនីតិវិធីដកតំណែង។
* ថ្ងៃទី២០ ខែធ្នូ៖ សហរដ្ឋអាមេរិកបង្កើតកងទ័ពអវកាសអាមេរិកជាផ្លូវការ ក្រោយសភាទាំងពីររបស់អាមេរិក អនុម័តលើផែនការនៃកញ្ចប់ថវិកាយោធា ៧៣៨ពាន់លានដុល្លាររបស់លោក ដូណាល់ ត្រាំ៕