(បូហ្គោតា)៖ គ្រោះរញ្ជួយដីដ៏កក្រើកស្ទួនៗក្នុងកម្រិត ៦.២រ៉ិចទ័រ និងបន្ទាប់មកទៀតគឺ ៥.៧រ៉ិចទ័របានវាយប្រហារភាគកណ្តាលប្រទេសកូឡុំប៊ី នៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅអាមេរិកខាងត្បូង) ខណៈរដ្ឋធានីបូហ្គោតា (Bogota) វិញត្រូវបានគេរាយការណ៍ថា បានទទួលរងការញាប់ញ័រ នាំឲ្យអគារខ្ពស់ៗជាច្រើនយោលយោគ ប៉ុន្តែពុំទាន់មានសេចក្តីរាយការណ៍ណាមួយថា មានមនុស្សទទួលរងរបួស ឬបាត់បង់ជីវិតនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០១៩។
យោងតាមទិន្នន័យពីទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS ការញ័ររញ្ជួយទាំងពីរលើកខាងលើនេះ គឺស្ថិតនៅតំបន់មួយដែលមានចម្ងាយ ១៦០គីឡូម៉ែត្រពីភាគខាងត្បូងរដ្ឋធានីបូហ្គោតា។ កូឡុំប៊ីក៏ជាប្រទេសមួយ ដែលស្ថិតនៅជាប់តំបន់ខ្សែក្រវ៉ាត់ភ្លើង (Ring of Fire) ជុំវិញមហាសមុទ្រប៉ាស៊ីហ្វិកផងដែរ ហេតុដូច្នេះទើបគ្រោះរញ្ជួយដី តែងតែកើតឡើងជារឿយៗរាល់ឆ្នាំ៕