(តូក្យូ)៖ នាថ្ងៃអង្គារនេះ រុស្ស៊ីបានសម្រេចដោះលែងទូកនេសាទជប៉ុនចំនួន៥គ្រឿង ដែលត្រូវបានរឹបអូសទុកក្បែរតំប ន់ប្រជុំកោះ Kuril ដែល នៅចន្លោះឧបទ្វីប Kamchatka នៃប្រទេសរុស្ស៊ី និងកោះហុកកៃដូនៃប្រទេសជប៉ុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០១៩។
បើតាមរដ្ឋាភិបាលជប៉ុន ទូកនេសាទទាំង៥គ្រឿងកំពុងតែធ្វើការនេសាទរកសត្វមឹក ក្បែរតំបន់ប្រជុំកោះ Kurile នៅពេលពួកគេត្រូវបានកប៉ាល់រុស្ស៊ី ចាប់ឃាត់ទុក កាលពីថ្ងៃទី១៧ ខែធ្នូ ក្រោមការសង្ស័យថា ទូកនេសាទទាំងនោះទំនងជាបានរំលោភលើកិច្ចព្រមព្រៀងស្តីពីការនេសាទ។ ក្នុងទូកនេសាទទាំង៥គ្រឿងមានមនុស្សសរុប២៤នាក់។ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Suga Yoshihide បានបញ្ជាក់ថា ស្ថានភាពសុខភាពរបស់អ្នកនេសាទទាំង២៤នាក់ គឺមានសភាព ល្អជាធម្មតា ហើយពួកគេនឹងត្រឡប់មកដល់ទីក្រុង Nemuro នៃកោះហុកកៃដូ ក្នុងពេលប៉ុន្មានម៉ោងទៀត។
ចំណែកមន្រ្តីការពារព្រំដែនរុស្ស៊ីម្នាក់វិញ បានឲ្យដឹងថា ការដោះលែងខាងលើធ្វើឡើងបន្ទាប់ពីពួកគេបានបង់ប្រាក់ពិន័យជាង១សែនដុល្លារ តាមការបង្គាប់របស់តុលាការនៅប្រទេសរុស្ស៊ី កាលពីថ្ងៃចន្ទម្សិលមិញ ដោយសារតែការនេសាទលើសបរិមាណដែលត្រូវបានកំណត់ សម្រាប់ បណ្តាទូកនេសាទជប៉ុននានា ដែលធ្វើសកម្មភាពនេសាទនៅជុំវិញទីប្រជុំកោះមានជម្លោះនោះ។
គួរជម្រាបថា បច្ចុប្បន្នរុស្ស៊ីកំពុងកាន់កាប់លើកោះទាំងអស់ នៅតំបន់ប្រជុំកោះ Kuril ប៉ុន្តែជប៉ុនបាននិងកំពុងទាមទារចំណែកកម្មសិទ្ធិ លើកោះមួយចំនួន។ តំបន់ប្រជុំកោះ Kuril ត្រូវជប៉ុនហៅថា Northern Territories រីឯនៅរុស្ស៊ីវិញ តំបន់នោះត្រូវហៅថា Southern Kuriles ដែលត្រូវបានកងទ័ពរបស់អតីតសហភាពសូវៀតចូលគ្រប់គ្រង កាលពីអំឡុងសម័យសង្រ្គាមលោក។ ដោយសារតែបញ្ហាជម្លោះនេះ ជប៉ុននិងរុស្ស៊ីមិនបានចុះសន្ធិសញ្ញាសន្តិភាពជាផ្លូវការជាមួយគ្នានោះ ឡើយ៕