Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាវាដឹកនាំយន្តហោះចម្បាំងថ្មីរបស់អាមេរិក ប្តូរវេនធ្វើប្រតិបត្តិការនៅតំបន់មជ្ឈិមបូព៌ា (Video inside)

24-12-2019 16:14

(វ៉ាស៊ីនតោន)៖ កងទ័ពជើងទឹកអាមេរិកនាដើមសប្តាហ៍នេះបានឲ្យដឹងថា នាវាដឹកយន្តហោះចម្បាំងរបស់ខ្លួនឈ្មោះ USS ហារីទ្រូមែន (Harry Truman) បានចាប់ផ្តើមធ្វើប្រតិបត្តិការនៅតំបន់មជ្ឈិមបូព៌ា ជំនួសនាវាដឹកយន្តហោះចម្បាំង អាប្រាហាម លីងខុន (Abraham Lincoln) ហើយ។ នេះបើតាមការដកស្រង់ការ ផ្សាយចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០១៩។

យោងតាមសេចក្តីប្រកាសរបស់កងទ័ពជើងទឹកអាមេរិក នាវាដឹកយន្តហោះចម្បាំង Truman ដែលជាលំដាប់នីមីតស៍ (Nimitz-class) បានចាប់ផ្តើមធ្វើប្រតិបត្តិការការពារសន្តិសុខ កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅតំបន់ប្រតិបត្តិការរបស់កងអង្គភាពជើងទឹកអាមេរិកទី ៥ (5th Fleet) ហើយនឹងបន្តរក្សាវត្តមាននៅក្នុងតំបន់នោះ។ ដែនធ្វើប្រតិបត្តិការរបស់ កងអង្គភាពទ័ពជើងទឹកអាមេរិក 5th Fleet គ្របដណ្តប់លើផ្ទៃសមុទ្រទំហំខ្ទង់ ៦.៥លានគីឡូម៉ែត្រក្រឡា ដោយរាប់បញ្ចូលទាំងឈូងសមុទ្រពែក ឈូងសមុទ្រអូម៉ង់ សមុទ្រក្រហម និងផ្នែកខ្លះនៃមហាសមុទ្រឥណ្ឌា។

គួរជម្រាបថា នាវាដឹកយន្តហោះចម្បាំង USS Harry S. Truman បានទៅបំពេញបេសកកម្មជំនួសនាវាដឹកយន្តហោះចម្បាំង USS Abraham Lincoln ដែលត្រូវបានបញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ា កាលពីខែឧសភា ឆ្នាំនេះ ស្របពេលដែលអាមេរិកមានភាពតានតឹងខ្លាំងជាមួយអ៊ីរ៉ង់។ នាវាដឹកយន្តហោះចម្បាំង Abraham Lincoln បានចាកចេញពីមជ្ឈិមបូព៌ា កាលពីពេលកន្លងទៅក្នុងខែធ្នូនេះ ហើយឥឡូវនាវាដឹកយន្តហោះចម្បាំង Truman ត្រូវបំពេញការងារជំនួយវិញម្តង។ ក្រៅពីរក្សាវត្តមាននាវាដឹកយន្តហោះចម្បាំង ទីក្រុងវ៉ាស៊ីនតោនក៏បានចល័តកងទ័ពប្រហែល ១៤,០០០នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ចាប់តាំងពីខែឧសភាផងដែរ៕