Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិន និងអឺរ៉ុបមិនមែនជាសត្រូវ ហើយក៏មិនត្រូវប្រជែងគ្នានោះដែរ, នេះបើតាមរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី

24-12-2019 13:10

(ប៉េកាំង)៖ ទីក្រុងប៉េកាំងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប ដើម្បីពង្រឹងទំនាក់ទំនង និងធានាស្ថេរភាពសកលលោក ខណៈចិន និងសហភាពអឺរ៉ុបមិនមែនជាសត្រូវ ហើយក៏មិនត្រូវទៅប្រជែងដាក់គ្នានោះដែរ។ នេះបើតាមរដ្ឋមន្ត្រីការបរទេសចិនដកស្រង់ ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០១៩។

រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិនលោក វ៉ាង យី ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍មួយដែលចេញផ្សាយ នៅលើគេហទំព័រផ្លូវការនៃក្រសួងការបរទេស។ លោក វ៉ាង បានគូសបញ្ជាក់ដូច្នេះថា «ប្រទេសចិន និងសហភាពអឺរ៉ុបគឺជាដៃគូនឹងគ្នា ហើយយើងក៏ជាមិត្ត ហើយក៏មិនមែនជាសត្រូវនឹងគ្នានោះដែរ។ នៅឆ្នាំក្រោយគឺជាខួបលើកទី ៤៥ នៃខួបអនុស្សាវរីយនៃទំនាក់ទំនងចិន និងសហភាពអឺរ៉ុប... ដូច្នេះចិនបានត្រៀមខ្លួនជាស្រេច ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប ដើម្បីពង្រឹងទំនាក់ទំនង និងធានាស្ថេរភាពសកលលោក»

គួរបញ្ជាក់ថា បើតាមលោក វ៉ាង យី ប្រទេសចិន និងសហភាពអឺរ៉ុប អាចផ្ដល់ស្ថេរភាពបន្ថែមដល់ពិភពលោកទាំងមូល បើសិនជាភាគីទាំងធ្វើការងាររួមគ្នា ហើយឆ្នាំ២០១៩នេះ គឺជាឆ្នាំដែលបានផ្ដល់លទ្ធផលផ្លែផ្កាសម្រាប់ទំនាក់ទំនងរវាងចិន និងសហភាពអឺរ៉ុប ជាពិសេសនៅក្រោយការបញ្ចប់ទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង នៅអឺរ៉ុប។ ការលើកឡើងរបស់ចិននេះ គឺមិនមែនជាលើកទី ១ នោះឡើយ ខណៈសហរដ្ឋអាមេរិកកំពុងមានទំនាក់ទំនងប្រេះស្រាំ លើផ្នែកមួយចំនួនជាមួយអឺរ៉ុប ជាពិសេសការដំឡើងពន្ធលើទំនិញដាក់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការក្នុងអង្គការ NATO ជាដើម៕