(រីយ៉ាដ)៖ នៅទីបំផុតតុលាការនៅអារ៉ាប៊ីសាអូឌីតបានសម្រេច «ផ្តន្ទាទោសប្រហារជីវិតមនុស្ស០៥នាក់» ពាក់ព័ន្ធករណីឃាតកម្មលើអ្នកកាសែតឈ្មោះ ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) កាលពីខែតុលា ឆ្នាំ២០១៨។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩។
នាថ្ងៃចន្ទនេះព្រះរាជអាជ្ញាអារ៉ាប៊ីសាអូឌីតបានឲ្យដឹងថា តុលាការបានបានសម្រេចផ្តន្ទាទោសប្រហារជីវិតមនុស្សចំនួន ០៥នាក់ ដែលត្រូវបានរកឃើញថា មានជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងករណីធ្វើឃាតលោក Jamal Khashoggi ដែលជាអ្នកកាសែតរបស់សារព័ត៌មានអាមេរិក The Washington Post និងមាននិន្នាការប្រឆាំងរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។ ក្រៅពីនេះមនុស្ស ០៣នាក់ផ្សេងទៀត ក៏ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធគ្នារយៈពេល ២៤ឆ្នាំផងដែរ។
គួរជម្រាបថា ករណីឃាតកម្មលើលោក Khashoggi បានកើតឡើងនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ នៅស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំនៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី ខណៈសាកសពលោកពុំត្រូវបានគេរកឃើញឡើយ ហើយមូលហេតុនៃការស្លាប់ក៏មិនត្រូវបានដឹងឲ្យប្រាកដដែរ ប៉ុន្តែមានការជឿជាក់ថា សាកសពរបស់លោកត្រូវបានកាប់ចិញ្ច្រាំជាកង់ៗ ទើបអាចងាយយកចេញពីស្ថានកុងស៊ុល ដោយគ្មាននរណាសង្ស័យបែបនេះ។
កន្លងមកនេះមានការសង្ស័យថា ឃាតកម្មដ៏សាហាវខាងលើ អាចមានជាប់ទាក់ទងនឹងរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ខណៈរាជវង្សអារ៉ាប៊ីសាអូឌីត បានចេញមុខច្រានចោលការសង្ស័យ និងបកស្រាយតបវិញថា ខ្លួនមិនមានជាប់ពាក់ព័ន្ធអ្វីឡើយ។
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ រដ្ឋអាជ្ញានៃទីក្រុងអ៊ីស្តង់ប៊ុលបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា លោក Khashoggi ត្រូវបានគេរឹត ឬក៏ច្របាច់កសម្លាប់ ពេលចូលទៅដល់អគារស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតភ្លាមៗតែម្តង ហើយសាកសពលោកត្រូវគេកាប់ជាកង់ៗ ដើម្បីយកទៅបោះចោល។ ដោយឡែក នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ អាជ្ញាធរអារ៉ាប៊ីសាអូឌីតបានអះអាងថា ជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១១នាក់ ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតលើលោក Khashoggi ហើយក្នុងនោះ ០៥នាក់អាចត្រូវទទួលទោសប្រហារជីវិត៕