(ហ្សាការតា)៖ និស្សិតសាកលវិទ្យាល័យចំនួន ០៣នាក់បានបាត់បង់ជីវិត ក្នុងរូងភ្នំមួយកន្លែងដែលត្រូវទឹកជន់លិច នៅប្រទេសឥណ្ឌូណេស៊ី ដែលហេតុការណ៍នេះបានរំលឹកដល់ហេតុការណ៍ក្មេងៗជាង ១០នាក់ ជាក្រុមកីឡាករបាល់ទាត់ ដែលបានជាប់ខ្លួនអស់រយៈពេលជាច្រើនថ្ងៃ ក្នុងរូងភ្នំនៅឯប្រទេសថៃកាលពីឆ្នាំមុន ប៉ុន្តែកាលនោះពុំមានអ្នកស្លាប់ឡើយ។ នេះបើតាម ការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩។
ប្រតិបត្តិការរុករក និងជួយសង្រ្គោះដែលធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញ បានជួយនិស្សិត ០៥នាក់ដោយសុវត្ថិភាពនៅរូងភ្នំឈ្មោះថា ឡេឡេ (Lele) ក្នុងខេត្តជ្វាខាងលិចនៃប្រទេសឥណ្ឌូណេស៊ី ក្រោយភ្លៀងបានធ្លាក់យ៉ាងជោគជាំ នៅក្នុងតំបន់នោះ ហើយជន់លិចរូងភ្នំតែម្តង។ ប៉ុន្តែនិស្សិត ០៣នាក់ផ្សេងទៀតដែលជាប់ក្នុងរូងភ្នំលិចទឹកយូរពេក ព្រោះក្រុមជួយសង្រ្គោះ ពុំអាចជម្លៀសខ្លួនពួកគេបានទាន់ពេលវេលា ហើយក៏បានបាត់បង់ជីវិតទៅយ៉ាងគួរឲ្យសោកស្តាយ។
អាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា ដោយសាររូងភ្នំមានជម្រៅប្រមាណ ៣០ម៉ែត្រ ក្រុមភ្នាក់ងារជួយសង្រ្គោះត្រូវចំណាយពេលខ្ទង់ ០១ម៉ោងដើម្បីចុះទៅដល់រូងភ្នំ។ រីឯមូលហេតុដែលនិស្សិតទាំងនោះ ស្ថិតនៅក្នុងរូងភ្នំខាងលើ គឺពួកគេចុះទៅក្រោមគោលដៅសិក្សាស្រាវជ្រាវ ហើយពេលដំបូងឡើយគឺអាកាសធាតុល្អជាធម្មតាទេ តែក្រោយមកក៏មានការធ្លាក់ភ្លៀង យ៉ាងគំហុកតែម្តងដោយនឹកស្មានមិនដល់។
គួរជម្រាបថា ហេតុការណ៍ខាងលើ បានធ្វើឲ្យគេនឹកឃើញដល់ករណីក្មេងជាកីឡាករបាល់ទាត់ចំនួន ១២នាក់ អាយុចន្លោះ ១១-១៦ឆ្នាំ និងគ្រូបង្វឹកអាយុ ២៥ឆ្នាំម្នាក់របស់ពួកគេ ដែលបានជាប់ខ្លួនក្នុងរូងភ្នំថាំលួង (Tham Luang Nang Non) នៅខេត្តឈាងរ៉ៃ (Chiang Rai) ភាគខាងជើងប្រទេសថៃ ដោយសារទឹកភ្លៀងជន់លិចកាលពីខែមិថុនា ឆ្នាំ២០១៨។ យ៉ាងណាមិញ ក្រោមការខិតខំប្រឹងប្រែងជួយសង្រ្គោះនៅខែកក្កដា ឆ្នាំដដែល មនុស្ស ១៣នាក់នោះ ក៏ត្រូវជួយសង្រ្គោះបានចេញពីរូងភ្នំ ប៉ុន្តែស្ថិតក្នុងសភាពទន់ខ្សោយ ហើយអ្វីដែលជាដំណឹងល្អបំផុត គឺមិនមានអ្នកបាត់បង់ជីវិតក្នុងករណីនោះឡើយ៕