(វ៉ាស៊ីនតោន)៖ អង្គការស៊ើបអង្កេតមួយបានទម្លាយឲ្យដឹងថា មន្រ្តីនៃទីភ្នាក់ងារគ្រប់គ្រងកញ្ចប់ថវិការបស់សេតវិមាន បានប្រាប់ឲ្យក្រសួងការពារជាតិអាមេរិក ផ្អាកការប្រគល់ជំនួយផ្នែកយោធាទៅឲ្យអ៊ុយក្រែន ក្រោយកិច្ចសន្ទនាតាមទូរស័ព្ទដ៏ចម្រូងចម្រាស រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡិនស្កាយ (Volodymyr Zelensky) បញ្ចប់ទៅបាន ៩០នាទី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០១៩។

យោងតាមសារអ៊ីម៉ែល ដែលចេញផ្សាយដោយអង្គការ Center for Public Integrity មន្រ្តីទីភ្នាក់ងារគ្រប់គ្រងកញ្ចប់ថវិកាសេតវិមាន លោក ម៉ៃឃើល ដាហ្វហ្វី (Michael Duffy) បានសរសេរទៅកាន់ក្រសួងការពារជាតិអាមេរិកយ៉ាងដូច្នេះថា «ដោយផ្អែកលើការណែនាំដែលខ្ញុំទទួលបាន សូមក្រសួងការពារជាតិផ្អាកការផ្តល់ កញ្ចប់ជំនួយយោធាទាំងឡាយទៅកាន់អ៊ុយក្រែន ខណៈរដ្ឋបាលយើងកំពុងគ្រោងវាយតម្លៃឡើងវិញ លើការផ្តល់ជំនួយទាំងនេះ។ បន្ថែមពីនេះ ខ្ញុំក៏ស្នើឲ្យខាងអ្នករក្សាភាពសម្ងាត់នៃសំណើនេះផងដែរ ដោយឲ្យតែបុគ្គលដែលចាំបាច់ត្រូវដឹងប៉ុណ្ណោះ»

លោក ដូណាល់ ត្រាំ ត្រូវគេចោទប្រកាន់ថា បានផ្អាកជំនួយផ្នែកយោធាទំហំ ៤០០លានដុល្លារសម្រាប់អ៊ុយក្រែន ដើម្បីដាក់សម្ពាធទីក្រុងកៀវឲ្យស៊ើបអង្កេត លើគូប្រជែងផ្នែកនយោបាយរបស់លោក គឺលោក ចូ បៃដិន (Joe Biden)។ លោក ត្រាំ បាននិយាយអំពីរឿងនេះ កំឡុងកិច្ចសន្ទនាមួយតាមទូរស័ព្ទកាលពីថ្ងៃទី២៥ ខែកក្កដា ជាមួយលោក Zelensky។ រីឯសារអ៊ីម៉ែលខាងលើត្រូវបានផ្ញើនៅម៉ោង ១១៖០៤នាទីព្រឹកថ្ងៃនោះ ដែលត្រូវនឹងថេរវេលា ១ម៉ោង៣១នាទី ក្រោយកិច្ចសន្ទនារបស់មេដឹកនាំទាំងពីរបញ្ចប់ទៅ។

គួរជម្រាបថា កាលពីដើមខែធ្នូនេះ ក្រុមបក្សសាធារណរដ្ឋបានចេញមុខការពារលោក ត្រាំ ថា ការផ្អាក ឬពន្យារពេលផ្តល់ជំនួយឲ្យបរទេស មិនមែនជារឿងចម្លែកអ្វីឡើយ ដោយលោកគ្រាន់តែបារម្ភអំពីថវិកា ដែលពិបាករករបស់ប្រជាជនអាមេរិកថា តើគួរតែត្រូវចំណាយទៅលើ ប្រទេសដែលមានអំពើពុករលួយដែរ ឬយ៉ាងណាប៉ុណ្ណោះ។ ដោយឡែកក្រុមបក្សប្រជាធិបតេយ្យវិញបានលើកឡើងវិញថា ប្រសិនវាគ្មានអ្វីខុសទេនោះ ហេតុអ្វីបានជាមានការលាក់បាំងជុំវិញរឿងនេះ ហើយលោកប្រធានាធិបតីបែរជាខ្លាច មិនហ៊ានឲ្យមន្រ្តីរបស់ខ្លួនផ្តល់សក្ខីកម្ម។

ខណៈលោក ដូណាល់ ត្រាំ ត្រូវបានសភាតំណាងរាស្រ្តបោះឆ្នោត ដំណើរការនីតិវិធីដកតំណែង ក្រោមបទចោទប្រកាន់រំលោភអំណាច និងបង្កភាពរាំងស្ទះដល់កិច្ចស៊ើបអង្កេតរបស់សភា កាលពីថ្ងៃពុធសប្តាហ៍មុន លោកនឹងត្រូវប្រឈមសវនាការជុំនំជម្រះមួយនៅព្រឹទ្ធសភាដែល អាចនឹងរៀបចំឡើងខែមករា ដើមឆ្នាំក្រោយតែម្តង៕