(ឡាហាវ៉ាន់)៖ នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់) សភាគុយបាបានអនុម័តទទួលស្គាល់លោក Manuel Marrero Cruz ដែលកន្លងមកជារដ្ឋមន្រ្តីទេសចរណ៍គុយបា ឲ្យកាន់តំណែងនាយករដ្ឋមន្រ្តីរបស់ប្រទេសដីកោះនៃតំបន់ការីបៀនមួយនេះ។ នេះបើ​តាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០១៩។

កំឡុងកិច្ចប្រជុំនោះ រដ្ឋសភាគុយបាក៏បានសម្រេចអនុម័តការតែងតាំងឧបនាយករដ្ឋមន្រី្តគុយបាចំនួន៦រូបផងដែរ។ មុនកាន់តួនាទី​ជារដ្ឋមន្រ្តីទេសចរណ៍គុយបាកាលពីជាង១៥ឆ្នាំមុន លោក Manuel Marrero ធ្លាប់បម្រើជាមន្រ្តីយោធាជាន់ខ្ពស់ម្នាក់ថែមទៀត​ផង នៃកងកម្លាំង​ប្រដាប់អាវុធនៃប្រទេសគុយបា។ លោក Manuel Marrero ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីគុយបាសម្រាប់អាណត្តិ ដែលមាន​រយៈពេល​៥ឆ្នាំ។

គួរជម្រាបថា តំណែងនាយករដ្ឋមន្រ្តីគុយបាត្រូវបានរំលាយចោល កាលពីឆ្នាំ១៩៧៦ ប៉ុន្តែទើបតែត្រូវបានស្តាឡើងវិញក្នុងឆ្នាំនេះ ក្រោយគុយបាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ តាមរយៈការបោះឆ្នោតប្រជាមតិមួយកាលពីខែកុម្ភៈ។ បុគ្គលដែលកាន់តំណែងនេះចុង​ក្រោយគេ គឺលោក Fidel Castro ដែលចាប់ពីឆ្នាំ១៩៥៩ រហូតដល់ខែធ្នូ ឆ្នាំ១៩៧៦ ជាពេលដែលឈ្មោះនៃតំណែងនេះ ត្រូវបាន​កែប្រែទៅជាប្រធានគណៈរដ្ឋមន្រ្តីវិញ។

យ៉ាងណាមិញ ចាប់ពីពេលនេះទៅ ប្រទេសគុយបាមានតំណែងប្រធានាធិបតី ព្រមទាំងនាយករដ្ឋមន្រ្តីដូចកាលប៉ុន្មានទសវត្សរ៍មុន​វិញហើយ។ បច្ចុប្បន្នប្រធានាធិបតីគុយបា គឺលោក Miguel Diaz-Canel។ នាយករដ្ឋមន្រ្តីមានតួនាទីគ្រប់គ្រងចាត់ចែងការងាររបស់​រដ្ឋាភិបាលគុយបា ប៉ុន្តែស្ថិតក្រោមការត្រួតពិនិត្យរបស់ប្រធានាធិបតី៕