(ឡុងដ៍)៖ ប្រព័ន្ធផ្សព្វផ្សាយនៅចក្រភពអង់គ្លេសបានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញនាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson ឲ្យទៅបំពេញទស្សនកិច្ចនៅឯសេតវិមាន នាដើមឆ្នាំថ្មីខាងមុខនេះ។ នេះបើតាម ការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០១៩។
សារព័ត៌មានអង់គ្លេស Sunday Times បានឲ្យដឹងថា ការអញ្ជើញរបស់លោក ដូណាល់ ត្រាំ ជូនទៅកាន់លោក Johnson ត្រូវបានធ្វើឡើងបន្ទាប់ពីលោក Boris Johnson បានទទួលជ័យជម្នះក្នុងការបោះឆ្នោតមុនអាណត្តិ កាលពីពេលថ្មីៗកន្លងទៅនេះ។ បើតាមប្រភពជិតស្និទ្ធសេតវិមានអាមេរិកនិងវិមាន Downing Street របស់ចក្រភពអង់គ្លេស ការពិភាក្សាជាផ្លូវការដើម្បីកំណត់យកថ្ងៃធ្វើទស្សនកិច្ចរបស់លោក Johnson ទៅកាន់សហរដ្ឋអាមេរិក នៅមិនទាន់រៀបចំឡើងទេ ប៉ុន្តែវាអាចប្រព្រឹត្តទៅកំឡុងពាក់កណ្តាលខែមករា ឆ្នាំក្រោយតែម្តងក៏ថាបាន។ យ៉ាងណាក៏ដោយ គឺភាគីទាំងពីរចង់ឲ្យដំណើរទស្សនកិច្ចនេះកើតឡើង នៅដើមឆ្នាំ២០២០។
គួរជម្រាបថា ដោយឡែក យោងតាមសារព័ត៌មានអង់គ្លេសមួយទៀតគឺ The Mail លោក Johnson កំពុងស្ទាក់ស្ទើរក្នុងការចេញទៅទស្សនកិច្ចនៅឯសេតវិមាន មុនការនាំចក្រភពអង់គ្លេសចេញផុតពីសហភាពអឺរ៉ុប ព្រោះការធ្វើ Brexit នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែមករាខាងមុខនេះហើយ ដោយលោកចង់ទៅ ក្រោយការរុះរើគណៈរដ្ឋមន្រ្តីនៅខែកុម្ភៈ ដែលពេលនោះលោកនឹងតែងតាំងមន្រ្តីថ្មីទទួលបន្ទុកដឹកនាំកិច្ចចរចាពាណិជ្ជកម្ម។ លោក ដូណាល់ ត្រាំ បានលើកឡើងថា សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសនឹងមានឱកាសសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំអស្ចារ្យថ្មីមួយ ក្រោយ Brexit៕