(អាមេរិកកណ្តាល)៖ គ្រោះថ្នាក់ចរាចរណ៍មួយនៅប្រទេស Guatemala នៃតំបន់អាមេរិកណ្តាល បានឆក់យកជីវិតមនុស្សយ៉ាងតិចចំនួន២០នាក់ នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់កើតហេតុ)។ នេះបើតាមការដកស្រង់ការផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០១៩។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើ បានកើតឡើងនៅក្បែរក្រុង Gualan ភាគខាងកើតប្រទេស Guatemala នៅពេលរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងរបស់ទីភ្នាក់ងារទេសចរណ៍ឈ្មោះថា Pullman ដែលមានគោលដៅធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Santa Elena នៅភាគខាងត្បូងប្រទេស ក្បែរម៉ិចស៊ីកូ ស្រាប់តែបានបុកគ្នាជាមួយរថយន្តដឹកទំនិញធុនធំមួយគ្រឿង។
គួរជម្រាបថា ក្រោយទទួលបានដំណឹងនៃសោកនាដកម្មនេះ ប្រធានាធិបតីជាប់ឆ្នោត Guatemala គឺលោក Alejandro Giammattei បានបង្ហោះសារលើបណ្តាញសង្គម Twitter ដើម្បីសម្តែងការចូលរួមសោកស្តាយ។ ដោយឡែក មូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើ នៅមិនទាន់ត្រូវបានដឹងច្បាស់នោះឡើយ ខណៈអាជ្ញាធរកំពុងតែស៊ើបអង្កេត៕