(វ៉ាស៊ីនតោន)៖ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi បានអញ្ជើញប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យធ្វើការថ្លែងសារប្រចាំឆ្នាំរបស់លោកនៅក្នុងសភា ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ហើយលោក ត្រាំ ក៏បានយល់ព្រមផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញផ្សាយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០១៩។
ការថ្លែងសារខាងលើទំនងជានឹងត្រូវធ្វើឡើងកំឡុង ឬមួយក៍ក្រោយការបើកសវនាការជំនុំជម្រះ ជាលើកចុងក្រោយនៅព្រឹទ្ធសភា ដើម្បីសម្រេចថា តើលោក ដូណាល់ ត្រាំ «គួរតែត្រូវទម្លាក់ ឬក៏មិនត្រូវទម្លាក់ពីតំណែង»។ ក៏ប៉ុន្តែបើតាមការវិភាគ លោក ត្រាំ ច្បាស់ជានឹងរួចខ្លួន ដ្បិតព្រឹទ្ធសភាអាមេរិកកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សសាធារណរដ្ឋ ដែលឈរនៅខាងលោក។ យ៉ាងណាមិញ លោកស្រី Pelosi នៅមិនទាន់និយាយត្រូវគ្នាជាមួយថ្នាក់ដឹកនាំបក្សសាធារណរដ្ឋនៅព្រឹទ្ធសភា ជុំវិញការរៀបចំសវនាការស្តីពីនីតិវិធីដកលោក ត្រាំ ពីតំណែងនៅឡើយទេ ហើយកាលបរិច្ឆេទដើម្បីបើកសវនាការក៏មិនទាន់ត្រូវបានកំណត់ដែរ។
ដោយឡែក បន្ទាប់ពីលោកស្រី Pelosi សរសេរលិខិតមួយច្បាប់ដើម្បីអញ្ជើញលោក ដូណាល់ ត្រាំ ឲ្យថ្លែងសារ State of the Union ដែលនឹងរៀបចំឡើងនៅក្នុងសភាតំណាងរាស្រ្ត ជាទីដែលបានបោះឆ្នោតគាំទ្រឲ្យចោទប្រកាន់រូបលោកជាផ្លូវការ ដើម្បីចាប់ផ្តើមនីតិវិធីដកតំណែងនោះ អ្នកនាំពាក្យសេតវិមានលោក Hogan Gidley បានឲ្យដឹងថា លោកប្រធានាធិបតីអាមេរិកបានយល់ព្រមចំពោះការអញ្ជើញរបស់លោកស្រីប្រធានសភា។
គួរជម្រាបថា កំឡុងការថ្លែងសាររបស់លោក ត្រាំ ក្នុងឆ្នាំ២០១៩នេះ លោកស្រី Pelosi ត្រូវគេមើលឃើញថា ហាក់បានឌីដងដាក់លោក ដូណាល់ ត្រាំ ជាមួយការទះដៃបែបចំអកចំពោះលោក ហើយទំនាក់ទំនងរវាងអ្នកទាំងពីរបានបន្តធ្លាក់ចុះដុនដាប កាន់តែខ្លាំងថែមទៀតចាប់តាំងពីពេលនោះមក រហូតដល់ថ្នាក់ទាស់សម្តីគ្នានៅក្នុងសេតវិមាន និងការបង្ហោះសារលើបណ្តាញសង្គម Twitter ទិតៀនគ្នាជាដើម៕