(ព្យុងយ៉ាង)៖ ប្រមុខដឹកនាំកំពូលរបស់ប្រទេសកូរ៉េខាងជើងគឺ លោក គីម ជុងអ៊ុន បានបើកកិច្ចប្រជុំមួយជាមួយក្រុមមន្រ្តីយោធាជាន់ខ្ពស់របស់លោក ដើម្បីពិភាក្សាអំពីកិច្ចប្រឹងប្រែងពង្រឹងសមត្ថភាពយោធារបស់កូរ៉េខាងជើង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KNCA ដកស្រង់ការផ្សាយដោយសារព័ត៌មាន Japan Times នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០១៩។
យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន KCNA កិច្ចប្រជុំខាងលើបានជជែកនិងពិចារណាអំពីចំណាត់ការនយោបាយនិងវិធានការនៃការដឹកនាំ ព្រមទាំងយុទ្ធសាស្រ្តយោធាសំខាន់ៗ សម្រាប់ពង្រឹងក៏ដូចជាពន្លឿនការអភិវឌ្ឍសមត្ថភាពការពារជាតិរបស់ប្រទេសកូរ៉េខាងជើង។ នាឱកាសនោះ លោក គីម ជុងអ៊ុន ក៏បានលើកឡើងនូវស្ថានការណ៍ស្មុគស្មាញផ្ទៃក្នុង និងនៅផ្នែកខាងក្រៅផងដែរ។ យ៉ាងណាមិញ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA មិនបានបញ្ជាក់ច្បាស់ថា កិច្ចប្រជុំនេះបានប្រព្រឹត្តទៅកាលពីពេលណាឲ្យប្រាកដឡើយ។
គួរជម្រាបថា បើតាម KCNA ក្នុងពេលឆាប់ៗខាងមុខ កូរ៉េខាងជើងទំនងជានឹងបើកកិច្ចប្រជុំបក្សធំមួយ ដើម្បីជជែកនិងសម្រេចអំពីបញ្ហាសំខាន់ៗរួមជាមួយការប្រែប្រួលនៃស្ថានការណ៍ទាំងនៅក្នុងនិងក្រៅប្រទេស។ ខណៈនេះ អ្នកវិភាគកំពុងមានក្តីព្រួយបារម្ភថា កូរ៉េខាងជើងអាចងាកទៅរកការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយនិងការធ្វើតេស្តអាវុធនុយក្លេអ៊ែរឡើងវិញ នៅចំពោះមុខការជាប់គាំងនៃកិច្ចប្រឹងប្រែងចរចាស្តីពីបញ្ហាអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក។ ប៉ុន្តែការធ្វើបែបនោះ អាចនឹងបង្កឲ្យទំនាក់ទំនងប្រទេសទាំងពីរត្រឡប់ទៅដូចកាលពីឆ្នាំ២០១៧វិញពុំខាន ដែលជាពេលភាពតានតឹងបានកើនឡើងកម្តៅយ៉ាងខ្លាំង៕