(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ នៅក្នុងសប្ដាហ៍នេះ បានក្លាយជាប្រធានាធិបតីទី៣ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលត្រូវបានសភាតំណាងរាស្ត្រ ចោទប្រកាន់ជាផ្លូវការដើម្បីដកតំណែង។ ប៉ុន្តែ លោក ត្រាំ នៅតែអាចអង្គុយនៅក្នុងសេតវិមានដដែល បើទោះ ជាត្រូវគេដំណើរការនីតិវិធីដកតំណែងដ៏ស្មុគស្មាញនេះក៏ដោយ ហើយបើសិនជាព្រឹទ្ធសភាមិនបោះឆ្នោតគាំទ្រទម្លាក់រូបលោកទៅទៀត នោះលោក ត្រាំ ត្រូវបានគេរំពឹងថាអាចនឹងឈ្នះឆោ្នតម្ដងទៀតនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលនឹង ប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។
ខាងក្រោមនេះគឺជាសំណួរ និងចម្លើយសំខាន់ៗពាក់ព័ន្ធនឹងជោគវាសនានយោបាយរបស់លោក ត្រាំ នៅឆ្នាំ២០២០៖
១. តើព្រឹទ្ធសភាអាមេរិកនឹងបើកសវនាកាជជែកដេញដោលនៅពេលណា?
កាលបរិច្ឆេទនៃការបើកសវនាកាជជែកដេញដោល លើការបោះឆ្នោតដកតំណែងលោក ត្រាំ នៅព្រឹទ្ធសភា មិនទាន់មានការបញ្ជាក់ឱ្យច្បាស់នៅឡើយទេ តែបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក សវនាកានេះអាចនឹងត្រូវធ្វើឡើងនៅសប្ដាហ៍ទី២ នៃខែមករា ឬក៏អាចនៅថ្ងៃទី២០ ខែមករា។
២. តើលោក ត្រាំ ត្រូវតម្រូវឱ្យចូលរួមក្នុងសវនាការនេះដែរឬទេ?
លោក ដូណាល់ ត្រាំ មិនត្រូវបានគេតម្រូវឱ្យចូលរួមឱ្យខានតែបាននោះទេ ក្នុងការផ្ដល់សក្ខីកម្មនៅសវនាការបស់ព្រឹទ្ធសភា លើកលែងតែលោកស្ម័គ្រចិត្ត។ លោក Bill Clinton និងលោក Andrew Johnson ដែលជាប្រធានាធិបតីអាមេរិកធ្លាប់ត្រូវបានគេដំណើរការនីតិវិធីដកតំណែង មិនបានបង្ហាញខ្លួនក្នុងសវនាកាទេ។ ដោយឡែក ផ្ទុយពីការបោះឆ្នោតនៅសភាតំណាងរាស្ត្រ ឬរដ្ឋសភាដែលត្រូវការតឹ្រមតែសំឡេងភាគច្រើនធម្មតា ការបោះឆ្នោតដកតំណែងលោក ត្រាំ ត្រូវការសំឡេងគាំទ្រពីរភាគបី ឬមានន័យថា ៦៧នាក់ ក្នុងចំណោមសមាជិកព្រឹទ្ធសភា១០០នាក់។
សវនាកានេះនឹងត្រូវធ្វើឡើង ដោយសមាជិកព្រឹទ្ធសភាទាំង១០០នាក់ នឹងដើរតួជាតុលាការ ដែលនឹងឃ្លាំមើលយ៉ាងស្ងៀមស្ងាត់លើសំណុំរឿងដកតំណែងប្រធានាធិបតី រីឯសមាជិករដ្ឋសភា នឹងដើរតួជារដ្ឋអាជ្ញា ហើយប្រធានតុលាការកំពូល លោក John Roberts នឹងធ្វើជាប្រធានសវនាការបស់ព្រឹទ្ធសភា ខណៈលោក ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីយុត្តិធម៌របស់លោក នឹងដើរតួជាចុងចោទ។
យ៉ាងណាក៏ដោយ ការបោះឆ្នោតដកលោក ត្រាំ ពីតំណែង នៅព្រឹទ្ធសភាដែលបច្ចុប្បន្នគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ត្រូវបានមជ្ឈដ្ឋានជាច្រើនយល់ថានឹងមិនអាចធ្វើទៅរួចឡើយ។
៣. បើសិនលោក ត្រាំ ត្រូវបានគេដកតំណែងមែន ហើយលោក Mike Pence ក្លាយជាប្រធានាធិបតី តើវាជារឿងស្របច្បាប់ដែរទេ នៅសហរដ្ឋអាមេរិក បើលោក Pence តែងតាំងលោក ត្រាំ ជាអនុប្រធានាធិបតីវិញ?
រដ្ឋធម្មនុញ្ញអាមេរិក មិនបានហាមឃាត់ត្រង់ចំណុចនេះទេ ពោលគឺរឿងតែងតាំងអាចធ្វើទៅបាន។ តែការតែងតាំង លោក ត្រាំ ជាអនុប្រធានាធិបតី ពីសំណាក់លោក Pence ត្រូវការការទទួលស្គាល់ក្នុងសំឡេងភាគច្រើនពីសភាតំណារាស្ត្រ និងព្រឹទ្ធសភា ក្នុងបរិបទដែលសមាជិកព្រឹទ្ធសភា និងរដ្ឋសភាមកពីគណបក្សប្រជាធិបតេយ្យ ប្រហែលជានឹងមិនបោះឆ្នោតគាំទ្រឡើយ។
៤. បើសិនព្រឹទ្ធសភាមិនបោះឆ្នោតគាំទ្រដកតំណែងលោក ត្រាំ តើអាចនឹងមានរឿងអ្វីកើតឡើង?
ក្នុងករណីការបោះឆ្នោតបណ្ដេញលោក ដូណាល់ ត្រាំ ចេញពីសេតវិមាន ត្រូវបរាជ័យនៅត្រឹមព្រឹទ្ធសភានោះលោក ប្រធានាធិបតី ត្រាំ នឹងកាន់តែមានអំណាចជាងមុនក្នុងការធ្វើសកម្មភាពនៅពេលអនាគត ហើយដែលសកម្មភាពទាំងនោះអាចនឹងផ្ដល់ផលប៉ះពាល់ជាអវិជ្ជមានដល់គណបក្សប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតឆ្នាំ២០២០។ ពោលគឺបើទម្លាក់លោក ត្រាំ មិនបានវាអាចនឹងធ្វើឱ្យអ្នកគាំទ្របក្សប្រជាធិបតេយ្យដ៏ស្មោះស័្មគ្រខ្លះ ខឹងសម្បារ ឬអាចបាត់បង់ទំនុកចិត្ត ឬក៏មិនទៅចូលរួម បោះឆ្នោតក៏ថាបាន៕