(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានធ្វើការកោះប្រជុំបន្ទាន់មួយ នៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក នៅថ្ងៃសៅរ៍នេះ ស្តីអំពីបញ្ហាសន្តិសុខទូទាំងប្រទេស ខណៈបាតុកម្មបានវិវឌ្ឍកាន់តែក្តៅគគុក និងមនុស្ស ២០នាក់ហើយបាត់បង់ជីវិត នៅក្នុងអំពើហិង្សារវាងក្រុមបាតុករ និងកងកម្លាំងប៉ូលិស។
២៖ ក្រសួងការបរទេសកូរ៉េខាងជើងបានសម្តែងការខឹងសម្បារជាខ្លាំង ចំពោះសហរដ្ឋអាមេរិក ដែលបានរិះគន់កូរ៉េខាងជើង អំពីបញ្ហាសិទ្ធិមនុស្ស ហើយទីក្រុងព្យុងយ៉ាងក៏ចាត់ទុកផងដែរថា ទង្វើអាមេរិកបែបនេះមិនខុសពីការចាក់សាំង លើភ្លើងដែលកំពុងឆាបឆេះនោះឡើយ។
៣៖ ក្រសួងរតនាគារជាតិអាមេរិកបានស្នើឱ្យមានការដាក់ទណ្ឌកម្ម និងបញ្ឈប់ជាបន្ទាន់នូវគម្រោងបំពង់បង្ហូរឧស្ម័ន Nord Stream 2 និង TurkStream បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ស្ដីពីវិស័យការពារជាតិ NDAA ឆ្នាំ២០២០។
៤៖ អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានលើកឡើងអំពីការព្រួយបារម្ភរបស់ចិន ជុំវិញសេចក្តីថ្លែងការណ៍នានាកន្លងមករបស់អាមេរិក ពាក់ព័ន្ធបញ្ហាកោះតៃវ៉ាន់ ទីក្រុងហុងកុង និងតំបន់ស៊ីនជាំង ដែលសហរដ្ឋអាមេរិកនៅតែបន្តលូកលាន់ កិច្ចការផ្ទៃក្នុងចិនកាន់តែច្រើនឡើងៗ។
៥៖ ប្រធានរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC លោកស្រី Fatou Bensouda បានឱ្យដឹងថានឹងបើកការស៊ើបអង្កេត ពេញលេញមួយលើការចោទប្រកាន់ជុំវិញការប្រពឹ្រត្តបទឧក្រិដ្ឋកម្មសង្គ្រាម នៅក្នុងដែនដីប៉ាឡេស្ទីន ដែលអ៊ីស្រាអែលកំពុងធ្វើអាណានិគមកិច្ច។
៦៖ កងនាវាអាមេរិកនៅដើមសប្ដាហ៍នេះ បានសម្រេចចិត្តហាមឃាត់ ការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមចិន TikTok នៅលើឧបករណ៍អេឡិចត្រូនិកចល័តដូចជា ទូរស័ព្ទដៃស្មាតហ្វូន ឬកុំព្យូទ័រយួរដៃរបស់រដ្ឋាភិបាល ដោយសារតែព្រួយបារម្ភ ពីការគំរាមកំហែងខាងសន្តិសុខព័ត៌មានវិទ្យា៕