(បាងកក)៖ យោងសារព័ត៌មានថៃបាងកកប៉ុស្តិ៍ បាតុភូតសូរ្យគ្រាសនឹងកើតឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩ ដោយនៅទីក្រុងបាងកកប្រទេសថៃ និងផ្នែកមួយចំនួនទៀត អាចមើលឃើញបាតុភូតនេះចាប់ពី ៥០% ដល់ ៨០% (ជាសូរ្យគ្រាសមិនពេញលេញ ឬ Partial Solar Eclipse) ហើយបើយើងមើលតាមកាលវិភាគ ទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា ទំនងជាអាចមើលឃើញ ៦០% ផងដែរ។ នេះបើតាមការផ្សាយព័ត៌មាននៅថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៩។
សម្រាប់សូរ្យគ្រាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយនេះ គឺជាសូរ្យប្រចាំឆ្នាំ ដែលនឹងរាលដាលពីប្រទេសអារ៉ាប៊ីសាអូឌីត ដល់ប្រទេសឥណ្ឌា និងអាស៊ីភាគខាងត្បូង។ បើតាមផែនទីដែលត្រូវបានបង្ហាញដោយក្រុមអ្នកជំនាញ ប្រទេសដែលនឹងអាចមើលឃើញសូរ្យគ្រាសពេញលេញ ១០០% មានដូចជាអារ៉ាប៊ីសាអូឌីត, អូម៉ង់, ឥណ្ឌាភាគខាងត្បូង, ស្រីលង្កា, កោះធំទាំងពីររបស់ឥណ្ឌូណេស៊ី គឺស៊ូម៉ាត្រា និងកាលីម៉ាន់តាន់, គូឡាឡាំពួរ-ម៉ាឡេស៊ី, ប្រ៊ុយណេ, សិង្ហបុរី និងភាគខាងត្បូងហ្វីលីពី។
គួរបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា ថៃ និងភាគខាងត្បូងវៀតណាម គឺនឹងអាចមើលឃើញបាតុករសូរ្យគ្រាសប្រចាំឆ្នាំនេះដូចគ្នា ប៉ុន្តែគឺចាប់ពី ៥០% ដល់ ៨០%ប៉ុណ្ណោះ ហើយមានតែខេត្តយ៉ាឡា ដែលស្ថិតនៅចុងភាគខាងត្បូងថៃទេ ដែលអាចមើលឃើញរហូតដល់ទៅ ៨៧% នៃបាតុភូតសូរ្យគ្រាស ដែលនឹងកើតឡើងនៅកំឡុងម៉ោង ១២៖០៥នាទី (ម៉ោងនៅទីក្រុងបាងកក) ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩។
ពេលវេលាជាក់លាក់កម្ពុជា៖ សម្រាប់ទីក្រុងភ្នំពេញនៃប្រទេសយើង គឺអាចមើលឃើញសូរ្យគ្រាស ចាប់ផ្តើមនៅវេលាម៉ោង ១០៖៣១នាទីព្រឹក ហើយវានឹងឈានដល់ចំណុចពេញលេញនៃ Partial Solar Eclipse (៦០% ទៅ ៧០%) នៅវេលាម៉ោង ១២៖២៤នាទីថ្ងៃត្រង់។ សូរ្យគ្រាសហ្នឹងបញ្ចប់ទៅនៅវេលាម៉ោង ២៖១៤នាទីរសៀល ដែលនេះមានន័យថា បាតុភូតសូរ្យគ្រាសអូសបន្លាយ អស់រយៈពេល ៣ម៉ោង និង ៤៤នាទី (ម៉ោងនៅទីក្រុងភ្នំពេញ) នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩៕