(ញូដេលី)៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានធ្វើការកោះប្រជុំបន្ទាន់មួយ នៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោកនៅថ្ងៃសៅរ៍នេះ ស្តីអំពីបញ្ហាសន្តិសុខទូទាំងប្រទេស ខណៈបាតុកម្មបានវិវឌ្ឍកាន់តែក្តៅគគុក និងមនុស្ស ២០នាក់ហើយបាត់បង់ជីវិត នៅក្នុងអំពើហិង្សារវាងក្រុមបាតុករ និងកងកម្លាំងប៉ូលិស។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៩។
គិតចាប់តាំងពីរដ្ឋាភិបាលឥណ្ឌាអនុម័តច្បាប់ស្តីពីសញ្ជាតិថ្មី កាលពីថ្ងៃទី១១ ខែធ្នូ ដែលនាំឲ្យសហគមន៍ម៉ូស្លីមទូទាំងប្រទេស មានការខឹងសម្បារនោះ បាតុកម្មបានផ្ទុះឡើងជាបន្តបន្ទាប់ស្ទើរទូទាំងប្រទេសឥណ្ឌា រហូតមកដល់ថ្ងៃសៅរ៍ ទី២១ ខែធ្នូ នេះតែម្តង។ នៅថ្ងៃសៅរ៍នេះបាតុករ ០៥នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងអំពើហិង្សាជាមួយប៉ូលិស ទើបបានជាធ្វើឲ្យតួលេខមនុស្សស្លាប់កើនដល់ ២០នាក់។
គួរបញ្ជាក់ថា បាតុករលើកនេះ គឺជាបញ្ហាធ្ងន់ធ្ងរបំផុតមិនធ្លាប់មានសម្រាប់លោក ណារិដ្រា ម៉ូឌី ចាប់តាំងពីលោកក្លាយជានាយករដ្ឋមន្ត្រី កាលពីឆ្នាំ២០១៤។ សម្រាប់កិច្ចប្រជុំខាងលើនេះគេនៅមិនទាន់ដឹងថា ចេញលទ្ធផលយ៉ាងណានោះឡើយ ប៉ុន្តែបាតុកម្មដ៏ក្តៅគគុកនៅថ្ងៃសៅរ៍នេះ គឺកើតមាននៅចំពោះមុខបំរាមយ៉ាងតឹងរ៉ឹង របស់អាជ្ញាធរ ខណៈរដ្ឋយូតតាប្រាដែសដែលមានប្រជាជនរស់នៅច្រើនបំផុតនៅឥណ្ឌា គឺជាទីតាំងដែលបាតុកម្មកំពុងផ្ទុះឡើងក្តៅគគុកជាងគេ៕