(ព្យុងយ៉ាង)៖ ក្រសួងការបរទេសកូរ៉េខាងជើងបានសម្តែងការខឹងសម្បារជាខ្លាំង ចំពោះសហរដ្ឋអាមេរិក ដែលបានរិះគន់កូរ៉េខាងជើងអំពីបញ្ហាសិទ្ធិមនុស្ស ហើយទីក្រុងព្យុងយ៉ាងក៏ចាត់ទុកផងដែរថា ទង្វើអាមេរិកបែបនេះមិនខុសពីការចាក់សាំង លើភ្លើងដែលកំពុងឆាបឆេះនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៩។

អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង ដែលមិនត្រូវបានបញ្ចេញឈ្មោះបាននិយាយថា ការកត់សម្គាល់ដោយមិនមានការប្រុងប្រយ័ត្ន របស់ក្រសួងការបរទេសអាមេរិក ប្រឆាំងនឹងកូរ៉េខាងជើងលើបញ្ហាសិទ្ធិមនុស្សនោះគឺជា «ការបង្កហេតុផ្នែកនយោបាយដ៏ធ្ងន់ធ្ងរមួយ ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។ ពាក្យព្យាបាទបែបនេះ បានកើតឡើងនៅពេលដែលទំនាក់ទំនងរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក កំពុងឈានដល់ចំណុចដែលរសើបបំផុត ហើយវានឹងផ្តល់លទ្ធផលកាន់តែធ្ងន់ធ្ងរថែមទៀត ពីលើស្ថានការណ៍តានតឹង ដែលកំពុងមានរួចហើយនៅក្នុងឧបទ្វីបកូរ៉េ... វាដូចជាការចាក់សាំងលើភ្លើងកំពុងឆេះ»

គួរបញ្ជាក់ថា ការបញ្ចេញកំហឹងក្រេវក្រោធរបស់កូរ៉េខាងជើងពេលនេះ គឺបានកើតមានឡើងបន្ទាប់ពីលោក រ៉ូប៊ឺត ឌែស្ត្រូ (Robert Destro) ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការពលករ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ បានផ្តល់បទសម្ភាស៍ ឲ្យសារព័ត៌មាន VOA អាមេរិក។ ក្នុងឱកាសនោះលោក Destro បានលើកឡើងថា សហរដ្ឋអាមេរិកនៅតែមានមានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះបញ្ហាសិទ្ធិមនុស្ស នៅក្នុងប្រទេសកូរ៉េខាងជើង ហើយលោកបានផ្តល់យោបល់ឲ្យទីក្រុងវ៉ាស៊ីនតោន ធ្វើការដាក់សម្ពាធកូរ៉េខាងជើងបន្ថែមទៀត ដើម្បីឲ្យទីក្រុងព្យុងយ៉ាងផ្លាស់ប្តូរឥរិយាបថ៕