(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានចុះហត្ថលេខាហើយលើច្បាប់ស្ដីពីវិស័យការពារជាតិ ឬ NDAA ឆ្នាំ២០២០ អមជាមួយកញ្ចប់ថវិកាយោធា ៧៣៨ពាន់លានដុល្លារ ដើម្បីបម្រើដល់សកម្មភាព និងប្រតិបត្តិការយោធានៅឯបរទេស ក្នុងនោះរួមទាំងការបង្កើតកងទ័ពអវកាស សម្រាប់ត្រៀមការប្រយុទ្ធនៅទីអវកាសទៀតផង។
កងទ័ពអវកាស គឺជាអង្គភាពយោធាអាមេរិកថ្មីដំបូងគេបំផុត ដែលត្រូវបានបង្កើតឡើង ក្នុងរយៈពេលជាង ៧ទសវត្សរ៍ ពោលគឺចាប់តាំងពីឆ្នាំ១៩៤៧ និងជាកងអង្គភាពយោធាអាមេរិកទី ៦ បន្ទាប់ពីកងទ័ពជើងគោក, កងនាវា, កងទ័ពអាកាស, កងម៉ារីន, និងកងឆ្មាំសមុទ្រ។ កងទ័ពអវកាសត្រូវបានបង្កើតចេញពីទីបញ្ជាការអវកាស ដែលបាននិងកំពុងធ្វើប្រតិបត្តិការ ក្រោមក្របខណ្ឌកងទ័ពអាកាស ចាប់តាំងពីត្រូវបានបង្កើតឡើងកាលពីខែសីហា កន្លងទៅ។
NDAA ក៏បានបង្កើតផងដែរនូវតំណែងជាប្រធានប្រតិបត្តិការអវកាស ដែលនឹងត្រូវអង្គុយលើតំណែងក្នុងចំណោមប្រធានសេនាធិការយោធាអាមេរិក ហើយលោក ដូណាល់ ត្រាំ បានតែងតាំងឧត្ដមសេនីយកងទ័ពអាកាស លោក Jay Raymond ឱ្យកាន់តំណែងនេះ។
បើតាមច្បាប់ NDAA ក្នុងចំណោមកញ្ចប់ថវិកាយោធា ៧៣៨ពាន់លានដុល្លារ លុយ ៤០លានដុល្លារ នឹងត្រូវយកទៅបង្កើតកងទ័ពអវកាស តែចំនួននេះគឺតិចជាងថវិកា ៧២.៤លានដុល្លារ ស្នើឡើងដោយមន្ទីរបញ្ចកោណកាលពីដំបូង ខណៈសមាជិកសភាអាមេរិកមួយចំនួន នៅតែមានមន្ទិលសង្ស័យពីភាពចំាបាច់ នៃការបង្កើតកងអង្គភាពយោធាបន្ថែម ដោយនាំឲ្យថ្លៃចំណាយលើវិស័យការពារជាតិកើនឡើង។
* តើកងទ័ពអវកាសអាមេរិកមានតួនាទីធ្វើអ្វី?
តួនាទី ឬបេសកកម្មរបស់កងទ័ពអវកាសអាមេរិក មិនទាន់ត្រូវបានគេបញ្ជាក់ឱ្យលម្អិតនោះទេ។ តែបើតាមច្បាប់ស្ដីពីកងទ័ពអវកាស កងអង្គភាពមួយនេះនឹងត្រូវបង្កើតឡើង ហើយទទួលការបណ្ដុះបណ្ដាល ក៏ដូចជាបំពាក់អាវុធ ដើម្បីគាំទ្រដល់ប្រតិបត្តិការ ដ៏ទូលំទូលាយសម្រាប់សហរដ្ឋអាមេរិក ចាប់តាំងពីនៅលើដីរហូតដល់ទីអវកាស ព្រមទាំងប្រតិបត្តិការទីអវកាសជាអចិន្ត្រៃយ៍ ផងដែរ។ ចំណែកឯកាតព្វកិច្ចរបស់កងទ័ពអវកាស កាន់តែមិនមានព័ត៌មានជាក់លាក់ទៅទៀត ដោយគ្រាន់តែគេដឹងថា កងទ័ពនេះនឹងដឹកនាំប្រតិបត្តិការនៅទីអវកាស, ការពារផលប្រយោជន៍អាមេរិកនៅក្នុងទីអវកាស, ទប់ទល់នឹងការឈ្លានពាន ឬការវាយប្រហារនានា លើប្រព័ន្ធផ្កាយរណប ឬយានអវកាសជាដើម។
* តើកងទ័ពអវកាសអាមេរិកមានកងទ័ពចំនួនប៉ុន្មាននាក់?
កងទ័ពអវកាសត្រូវបានគេរំពឹងថា គ្រាន់តែជាសាខាតូចមួយនៃយោធាអាមេរិកប៉ុណ្ណោះ ដោយនឹងមានកងទ័ព ១៦,០០០នាក់មកពីកងទ័ពអាកាស និងបុគ្គលិកយោធាស៊ីវិល។ បើតាមឧត្ដមសេនីយលោក ចន រ៉េយម៉ុនដ៍ (John Raymond) ដែលជាមេបញ្ជាការនៃទីបញ្ជាការអវកាស និងកងទ័ពអវកាសកងទ័ព ១៦,០០០នាក់នេះ នឹងនៅតែជាយោធានៅក្នុងជួរកងទ័ពអាកាសដដែល ហើយក្នុងនោះមានជិត ៥,០០០នាក់ នឹងត្រូវផ្ទេរទៅកាន់កងកម្លាំងអវកាស ក្រោមគោលការណ៍ស្ម័គ្រចិត្ត។
* តើទីតាំងនៃមូលដ្ឋានទ័ពអវកាសស្ថិតនៅឯណា?
កងទ័ពអវកាសនឹងប្រើប្រាស់មូលដ្ឋានមួយចំនួន ជាកម្មសិទ្ធិរបស់កងទ័ពអាកាស ក្នុងនោះរួមមានទាំងមូលដ្ឋានទ័ពអាកាស ភីតធើសុន (Peterson) ក្នុងរដ្ឋ ខូឡូរ៉ាដូ (Colorado) ដែលជាទីតាំងនៃទីបញ្ជាការអវកាសរបស់កងទ័ពអាកាស និងមូលដ្ឋានទ័ពអាកាស វ៉ាន់ដិនប៊ឺក (Vandenberg) ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ដោយឡែកជាការឆ្លើយតប ទៅនឹងការបង្កើតកងទ័ពអវកាស មូលដ្ឋានទ័ពអាកាសសំខាន់ៗទាំងនេះនឹងត្រូវ ប្ដូរឈ្មោះពីមូលដ្ឋានកងទ័ពអាកាស ទៅជាមូលដ្ឋានទ័ពអវកាស។
ដោយឡែកបើតាមសារព័ត៌មានអាមេរិក CNN គេមិនទាន់ដឹងច្បាស់ថា កងទ័ពអវកាសនឹងជ្រើសរើសយកមួយណា ក្នុងចំណោមមូលដ្ឋានទាំងនេះឡើយ ខណៈមានសេចក្ដីរាយការណ៍ខ្លះថា មូលដ្ឋានទ័ពចំនួន ០៦ នៅក្នុងរដ្ឋ Colorado និងពីរទៀតនៅរដ្ឋអាឡាបាម៉ា និងកាលីហ្វ័រញ៉ា ក៏នឹងក្លាយជាជម្រើសផងដែរ សម្រាប់ទីបញ្ជាការកងទ័ពអវកាស។
* គ្មាន Logo, គ្មានឯកសណ្ឋាន និងគ្មានអត្ដសញ្ញាណសម្គាល់
អ្វីដែលកងទ័ពអវកាសនៅខ្វះនៅឡើយ គឺអត្តសញ្ញាណសម្គាល់។ ផ្ទុយពីកងអង្គភាពដទៃ កងទ័ពអវកាសគ្មានទេ កេរ្តិ៍តំណែល, គ្មាន Logo, គ្មានឯកសណ្ឋានពិសេស ហើយក៏គ្មានចម្រៀងសម្រាប់អង្គភាពនោះដែរ។ រីឯលោក Raymond អះអាងថា មិនទាន់ប្រញាប់ប្រញាល់ពីរឿងរក Logo ឬឯសណ្ឋានឱ្យកងទ័ពមួយនេះទេ ព្រោះអ្វីដែលចាំបាច់នោះ គឺកងទ័ពត្រូវតែបង្កើតជាផ្លូវការ និងទទួលបានថវិកាជាតិទ្រទ្រង់។
គួរបញ្ជាក់ថា ការបង្កើតកងទ័ពអវកាសរបស់សហរដ្ឋអាមេរិក គឺមានន័យគ្រប់គ្រាន់ឲ្យពិភពលោកបានយល់ ព្រោះប្រទេសកាន់តែច្រើនឡើងៗ មានសមត្ថភាពក្នុងការបាញ់បញ្ជូនផ្កាយរណបទៅកាន់ទីអវកាស ព្រមទាំងមានមហិច្ឆតាបង្កើត ស្ថានីយអវកាសផ្ទាល់ខ្លួនទៀតផងដូចជា ចិន ឥណ្ឌា និងរុស្ស៊ីជាដើម។ ក្រុមអ្នកវិភាគធ្លាប់បានលើកឡើងរួចមកហើយថា កងទ័ពអវកាសរបស់សហរដ្ឋអាមេរិក គឺមិនខុសពីកងអង្គភាពយោធាផ្សេងៗទៀតឡើយ ដែលវាត្រូវបានបង្កើតឡើងដើម្បីរក្សាអំណាចលេខ ១ របស់អាមេរិកលើគ្រប់វិស័យ៕
ប្រភព៖ Sputnik (ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៩)