(ឡាអេ)៖ ប្រធានរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC លោកស្រី Fatou Bensouda បានឱ្យដឹងថានឹងបើកការស៊ើបអង្កេត ពេញលេញមួយលើការចោទប្រកាន់ជុំវិញការប្រពឹ្រត្តបទឧក្រិដ្ឋកម្មសង្គ្រាម នៅក្នុងដែនដីប៉ាឡេស្ទីន ដែលអ៊ីស្រាអែលកំពុងធ្វើអាណានិគមកិច្ច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៩។
ការប្រកាសខាងលើរបស់លោកស្រី Fatou ធ្វើឡើងបន្ទាប់ពីការបញ្ចប់ការស៊ើបអង្កេតបឋមមួយចំណាយពេលជាតិ៥ឆ្នាំ លើស្ថានភាពសង្គ្រាមនៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីឆ្នាំ២០១៤មក រីឯប៉ាឡេស្ទីនក៏បានសម្ដែងការសាទរ និងគាំទ្រដល់ ការសម្រេចចិត្តនេះដែរ។ លោកស្រី បានបន្ថែមច្នេះថា៖ «បទឧក្រិដ្ឋកម្មសង្រ្គាម បាន ឬកំពុងកើតឡើងនៅក្នុងដែនដី West Bank, ហ្សេរុយសាឡឹមខាងកើត (East Jerusalem) និង ហ្គាហ្សា ស្រ្ទីប (Gaza Strip) ដែលអ៊ីស្រាអែលកំពុងធ្វើអាណានិគមកិច្ច»។
ប៉ុន្តែ ទន្ទឹមគ្នា លោកស្រីមិនបាននិយាយចំៗឈ្មោះថាអ៊ីស្រាអែល ឬក៏នរណាដែលអាចនឹងស្ថិតនៅក្រោមការស៊ើបអង្កេតពីឧក្រិដ្ឋកម្ម សង្រ្គាមនោះទេ ខណៈអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបង្ហាញការជំទាស់យ៉ាងខ្លាំងនឹងការប្រកាសការស៊ើបអង្កេតនេះ ដោយចោទថាគ្មានមូលដ្ឋានត្រឹមត្រូវ ហើយ ICC គ្មានសមត្ថកិច្ច ឬយុត្តធិការក្នុងសំណុំរឿងនេះឡើយ ខណៈអ៊ីស្រាអែលមិនមែន ជាសមាជិកនៃតុលាការអន្តរជាតិមួយនេះ។
គួរជម្រាបថា អ៊ីស្រាអែល ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីសហរដ្ឋអាមេរិក បានគ្រប់គ្រង និងធ្វើនិគមកិច្ចនៅក្នុងដែនដី ប៉ាឡេស្ទីន West Bank, ហ្សេរុយសាឡឹមខាងកើត (East Jerusalem) រួមទាំង ហ្គាហ្សា ស្រ្ទីប (Gaza Strip) ក្រោយសង្រ្គាម មជ្ឈិមបូព៌ា ឆ្នាំ១៩៦៧។ រដ្ឋជ្វីបមួយនេះត្រូវបានសហគមន៍អន្តរជាតិ ថ្កោលទោសរាប់មិនអស់ចំពោះសកម្មភាពយោធានៅក្នុង តំបន់ទាំងនេះ ខណៈអង្គការសង្គមស៊ីវិលអន្តរជាតិមួយចំនួនចោទថាអ៊ីស្រាអែលបានរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ និងឧក្រិដ្ឋកម្ម សង្រ្គាមប្រឆាំងជនជាតិប៉ាឡេស្ទីន។
តែយ៉ាងណាក៏ដោយ គេមានសង្ឃឹមតិចតួចបំផុតថាអ៊ីស្រាអែល នឹងត្រូវស៊ើបអង្កេត ឬកាត់ទោស ដោយតុលាការ ICC។ ដ្បិត អ៊ីស្រាអែល ត្រូវបានការពារយ៉ាងមាំទំាពីអាមេរិក ហើយម្យ៉ាងវិញទៀត កាលពីឆ្នាំ២០១៨ លោកស្រីរដ្ឋអាជ្ញា Fatou Bensouda ក៏ធ្លាប់បានប្រកាសបើកការស៊ើបអង្កេតពីបទឧក្រិដ្ឋកម្មសង្រ្គាមប្រឆាំង កងទ័ពអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថានផងដែរ តែក្រោយមកលោកស្រីបានសម្រេចចិត្តលុបចោលការស៊ើបអង្កេត នេះទៅវិញ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន គំរាមដាក់ទណ្ឌកម្ម ចៅក្រម និងរដ្ឋអាជ្ញា ICC ដែលហ៊ានដំណើរការនីតិវិធីនេះ៕