(វ៉ាស៊ីនតោន)៖ ក្រសួងរតនាគារជាតិអាមេរិកបានស្នើឱ្យមានការដាក់ទណ្ឌកម្ម និងបញ្ឈប់ជាបន្ទាន់នូវគម្រោងបំពង់បង្ហូរឧស្ម័ន Nord Stream 2 និង TurkStream បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ស្ដីពីវិស័យការពារជាតិ NDAA ឆ្នាំ២០២០ ជាមួយកញ្ចប់ថវិកាយោធា ៧៣៨ពាន់លានដុល្លារ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រសប្ដាហ៍នេះបានចុះហត្ថលេខា ដើម្បីឲ្យ NDAA ក្លាយទៅជាច្បាប់ជាផ្លូវការ ហើយក្រៅតែពីបង្កើតកងទ័ពអវកាស នឹងផ្ដល់ថវិកា ៧៣៨ពាន់លានដុល្លារឱ្យមន្ទីរបញ្ចកោណ ច្បាប់នេះក៏មានគោលបំណង ដាក់ទណ្ឌកម្មប្រឆាំងនឹង ស៊ីរី, បំពង់បង្ហូរឧស្ម័ន ណដស្ទ្រីម ២ (Nord Stream 2), ធើកស្ទ្រីម (TurkStream), ហាមឃាត់កិច្ចសហប្រតិបត្តិការរវាងយោធា និងយោធាជាមួយរុស្ស៊ី, ដាក់ទណ្ឌកមុ្មលើតួកគីរឿងទិញប្រព័ន្ធការពារមីស៊ីល S-400 ក៏ដូចជាបញ្ឈប់ការប្រគល់យន្ដហោះចម្បាំង F-35 ឱ្យទីក្រុងអង់ការ៉ាផងដែរ។ បន្ថែមពីលើនេះគ្រាន់តែលោក ត្រាំ ចុះហត្ថលេខាភ្លាមៗ ក្រុមហ៊ុន អលស៊ីស៍ (Allseas) មានមូលដ្ឋានក្នុងប្រទេសស្វីស ប្រកាសផ្អាកសកម្មភាពរបស់ខ្លួនជាមួយគម្រោង Nord Stream 2។
គួរបញ្ជាក់ថា Nord Stream 2 គឺជាគម្រោងសាងសង់បំពង់បង្ហូរឧស្ម័នរវាងក្រុមហ៊ុនរុស្ស៊ី ហ្គាសប្រម (Gazprom) និងក្រុមហ៊ុនអឺរ៉ុប ចំនួន៥ ដូចជាក្រុមហ៊ុន អង់ជី (ENGIE) របស់បារាំង, អូទ្រីស OMV (Austria's OMV) របស់អូទ្រីស, ក្រុមហ៊ុនស៊ែល (UK-Dutch Royal Dutch Shell) របស់អង់គ្លេស-ហូឡង់, ព្រមទាំងក្រុមហ៊ុនយូនីភើ (Germany's Uniper) និងវីនធើសល (Wintershall) របស់អាល្លឺម៉ង់។ បំពង់ឧស្ម័នេះ មានចំនួនពីរ ដោយមួយមានប្រវែង ១១៩៨គីឡូម៉ែត្រ ដែលគ្រោងនឹងបញ្ជូនឧស្ម័ន ៥៥ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ ចេញពីរុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់ កាត់តាមតំបន់ដែនទឹកសេដ្ឋកិច្ចផ្ដាច់មុខនៃប្រទេសដាណឺម៉ាក ហ្វាំឡង់ អាល្លឺម៉ង់ រុស្ស៊ី និងស៊ុយអែត។ ចំណែកឯមួយទៀតគឺ TurkStream គឺជាគម្រោងបំពង់ឧស្ម័នរវាងតួកគី និងរុស្ស៊ី ដែលមានបំពង់ពីរប្រវែង ៩២៨គីឡូម៉ែត្រ ហើយគ្រោងនឹងដាក់សម្ពោធនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។
កន្លងមកសហរដ្ឋអាមេរិកបានព្រមានថា ខ្លួននឹងដាក់ទណ្ឌកម្មលើប្រទេស ដែលចូលរួមជាមួយរុស្ស៊ី ក្នុងការសាងសង់បំពង់ឧស្ម័នទាំងនេះ ដោយសំអាងលើទប់ស្កាត់ការគំរាមកំហែង និងឥទ្ធិពលរុស្ស៊ីនៅក្នុងតំបន់ ខណៈទីក្រុងវ៉ាស៊ីនតោនខ្លួនឯង កំពុងបញ្ចុះបញ្ចូលឱ្យប្រទេសនៅអឺរ៉ុបទាំងអស់ ទិញឧស្ម័នធម្មជាតិពីខ្លួនជំនួសទីក្រុងម៉ូស្គូ៕