(វ៉ាស៊ីនតោន)៖ រឿងដែលមិនអាចប្រកែកបាននោះ គឺលោក ដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីទី ៣ ក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលត្រូវបានសភាតំណាងរាស្ត្រសម្រេចចោទប្រកាន់ជាផ្លូវការ ដើម្បីទម្លាក់ចេញពីតំណែង ប៉ុន្តែរឿងរ៉ាវដែលធំមួយទៀតនោះ គឺការបែកបាក់គ្នាយ៉ាងជូរចត់មិនធ្លាប់មាន នៅក្នុងសភាតំណាងរាស្ត្រអាមេរិក ដែលមានសំឡេងនៃបក្សទាំងពីរគឺប្រជាធិបតេយ្យ និងសាធារណរដ្ឋ។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៩។
នៅក្នុងសារមួយបង្ហោះលើគណនីបណ្តាញសង្គម Twitter លោក ដូណាល់ ត្រាំ ដែលកំពុងប្រឈមមុខការទម្លាក់ចេញពីតំណែងប្រធានាធិបតីនោះ បានសរសេរយ៉ាងដូច្នេះថា «លោក ផេឡូស៊ី កំពុងសម្លឹងរកមើលប្រយោជន៍ (Quid Pro Quo) ពីព្រឹទ្ធសភា។ ហេតុអ្វីបានជាយើងមិនធ្វើការទម្លាក់លោកស្រីវិញទៅ?» ការបង្ហោះសាររបស់លោក ដូណាល់ ត្រាំ បែបនេះបានធ្វើឲ្យមានការឆ្លើយតប និងរិះគន់ជាខ្លាំងតែម្តងពីសំណាក់អ្នកលេងបណ្តាញសង្គម ជាពិសេសសមាជិកសភាបក្សប្រជាធិបតេយ្យ ដែលបានគាំទ្រការទម្លាក់លោក ចេញពីតំណែងប្រធានាធិបតីនោះ។
គួរបញ្ជាក់ថា ក្រោយការសម្រេចជោគជ័យក្នុងសភាតំណាងរាស្ត្រ (រដ្ឋសភា) កិច្ចដំណើរការនីតិវិធីដើម្បីទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែង ត្រូវការបញ្ជូនទៅកាន់ព្រឹទ្ធសភាមួយតំណាក់កាលទៀត ដើម្បីបើកសវនាការជំនុំជម្រះ ជាលើកចុងក្រោយ ហើយទើបសម្រេចថា តើលោក ដូណាល់ ត្រាំ «គួរតែត្រូវទម្លាក់ ឬក៏មិនត្រូវទម្លាក់»។
ទោះបីជាបែបនេះក្តីព្រឹទ្ធសភាដែលកំពុងគ្របដណ្តប់ ដោយសំឡេងបក្សសាធារណរដ្ឋភាគច្រើន នោះត្រូវបានគេជឿជាក់ថា នឹងមិនគាំទ្រការទម្លាក់លោក ដូណាល់ ត្រាំ ពីតំណែងប្រធានាធិបតីឡើយ។ ដោយឡែកការបើកសវនាការចុងក្រោយក្នុងព្រឹទ្ធសភាអាមេរិក អាចនឹងត្រូវធ្វើឡើងនៅអំឡុងខែមករា ឆ្នាំ២០២០៕