(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានចុះហត្ថលេខា ហើយលើច្បាប់ស្ដីពីវិស័យការពារជាតិ NDAA ដើម្បីបង្កើតកងទ័ពអវកាសសម្រាប់ការប្រយុទ្ធនៅទីអវកាស។ កងទ័ពអវកាស គឺជាអង្គភាពយោធាអាមេរិកថ្មីដំបូងគេបំផុត ដែលត្រូវបានបង្កើតឡើង ក្នុងរយៈពេលជាង ៧ទសវត្សរ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៩។
កងទ័ពអវកាសជាមហិច្ឆតាមួយ ដែលត្រូវបានប្រកាសឱ្យពិភពលោកបានដឹងកាលពីខែមិថុនា ឆ្នាំ២០១៨ ដោយលោក ដូណាល់ ត្រាំ ត្រូវបង្កើតឡើងជាផ្លូវការ ក្រោយប្រធានាធិបតីអាមេរិករូបនេះ បានចុះហត្ថលេខាលើកញ្ចប់ថវិកាយោធាប្រចាំឆ្នាំ២០២០ ក្រោមច្បាប់ NDAA ដែលមានទំហំលើសលប់ដល់ទៅ ៧៣៨ពាន់លានដុល្លារ។
កងទ័ពអវកាសត្រូវធ្វើប្រតិបត្តិការក្រោមកងទ័ពអាកាសអាមេរិក ហើយទីបញ្ជាការកងទ័ពអវកាស នឹងផ្ដោតជាសំខាន់លើសង្រ្គាមប្រយុទ្ធ ដូចទីបញ្ជាការអាមេរិកមួយចំនួនដូចជា CentCom ជាដើម។ កងទ័ពនៃអង្គភាពថ្មីមួយនេះ នឹងដឹកនាំបេសកកម្មក្នុងនោះរួមមានកាបណ្ដុំបណ្ដាល ការផ្ដល់ជំនួយ ការរៀបចំផែនការរយៈពេលវែង និងបំពេញមុខងារជាច្រើនទៀត។
គួរបញ្ជាក់ថា កងទ័ពអវកាសគឺជាកងអង្គភាពយោធាអាមេរិកទី ៦ បន្ទាប់ពីកងទ័ពជើងគោក, កងនាវា, កងទ័ពអាកាស, កងម៉ារីន, និងកងឆ្មាំសមុទ្រ ហើយកងទ័ពដ៏ថ្មីសន្លាងមួយនេះនឹងមានសមាជិក ១៦,០០០នាក់មកពីកងទ័ពអាកាស និងបុគ្គលិកយោធាស៊ីវិល។ ក្រៅពីអាមេរិក ប្រទេសរុស្ស៊ី ចិន និងបារាំងជាដើមសុទ្ធតែបានបង្ហាញមហិច្ឆតា ក្នុងការអភិវឌ្ឍកងការពារអវកាសដូចគ្នា៕