(អាមេរិក)៖ នាថ្ងៃសុក្រនេះ ក្រុមហ៊ុន Boeing បានចាប់ផ្តើមធ្វើការសាកល្បងហោះហើរជាលើកដំបូង នៃយានអវកាសឈ្មោះថា CST-100 Starliner របស់ខ្លួន ដែលកំពុងតែស្ថិតក្រោមការអភិវឌ្ឍឡើង សម្រាប់ដឹកជញ្ជូនអវកាសយានិកអាមេរិកឡើងនិងចុះ ស្ថានីយអវកាសអន្តរជាតិ (ISS)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅយប់ថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩។
យាន Starliner ត្រូវបានបង្ហោះឡើងទីអវកាសដោយប្រើគ្រាប់រ៉ុក្កែត Atlas V ចេញពីក្នុងរដ្ឋផ្លូរីដា ក្នុងការហោះហើរសាកល្បង លើកទីមួយរបស់វា ឆ្ពោះទៅកាន់ស្ថានីយអវកាស ISS ប៉ុន្តែការធ្វើតេស្តដំបូងបែបនេះ ពុំមានក្រុមអវកាសយានិកជិះទៅជាមួយ នោះឡើយ គឺទាល់តែកំឡុងការធ្វើតេស្តហោះហើរលើកក្រោយទៀត។ យ៉ាងណាមិញ មានសេចក្តីរាយការណ៍ថា ប៉ុន្មានម៉ោង ក្រោយការបាញ់បង្ហោះឡើងដោយជោគជ័យ យាន Starliner ហាក់មិនបានទៅដល់គន្លងទីតាំង ដែលបានគ្រោងទុកឡើយ។
ដោយឡែក ក្រុមហ៊ុន Boeing និងក្រុមហ៊ុន SpaceX ត្រូវបានអង្គការ NASA ផ្តល់កិច្ចសន្យាឲ្យអភិវឌ្ឍន៍យានអវកាសម្នាក់មួយ ដែលអាចប្រើប្រាស់ឡើងវិញបាន សម្រាប់ដឹកជញ្ជូនអវកាសយានិករបស់ខ្លួន។ យានដែល SpaceX កំពុង អភិវឌ្ឍន៍មានឈ្មោះថា Crew Dragon។ ចាប់តាំងតែពីការបិទបញ្ចប់កម្មវិធីយានអវកាស Space Shuttle ឆ្នាំ២០១១ សហរដ្ឋអាមេរិកពឹងផ្អែក ទៅលើយាន Soyuz របស់ប្រទេសរុស្ស៊ី សម្រាប់ការធ្វើដំណើររបស់ក្រុមអវកាសយានិកខ្លួនឡើងនិងចុះពីស្ថានីយ ISS។ ទាំងក្រុមហ៊ុន Boeing និង SpaceX សុទ្ធតែចង់ធ្វើតេស្តហោះហើរយានអវកាសរបស់ខ្លួន ដោយមានផ្ទុកអវកាសយានិកតែម្តង នៅឆ្នាំ២០២០។
គួរជម្រាបថា យោងតាមផែនការ ក្រុមហ៊ុន Boeing រំពឹងថា យាន Starliner នឹងចូលចតនៅស្ថានីយអវកាសអន្តរជាតិ នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ ហើយត្រឡប់ចុះមកផែនដីវិញនៅថ្ងៃទី២៨ ខែធ្នូ ប៉ុន្តែវាមិនច្បាស់ថា បញ្ហាដែលបានកើតមានឡើងខាងលើ នឹង ប៉ះពាល់ការកាលវិភាគនេះដែរឬក៏អត់ឡើយ៕