(ប៉ារីស)៖ អាជ្ញាធរតាមដានការប្រកួតប្រជែងរបស់ប្រទេសបារាំង បានសម្រេចផាកពិន័យក្រុមហ៊ុនយក្ស Google របស់សហរដ្ឋអាមេរិកជាទឹកប្រាក់រហូតដល់ ១៥០លានអឺរ៉ូ ឬស្មើនឹង ១៦៧លានដុល្លារអាមេរិក ពីបទប្រើប្រាស់ច្បាប់គ្រប់គ្រង ការផ្សាយពាណិជ្ជកម្មតាមអនឡាញដោយមិនច្បាស់លាស់ ឬពិបាកឲ្យគេឯងយល់ពេក។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ នាល្ងាចថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩។
និយតករបារាំងបានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនយ៉ាងដូច្នេះថា «Google បានរំលោភភាពជាអ្នកនាំមុខរបស់ខ្លួន នៅក្នុងផ្នែកផ្សាយពាណិជ្ជកម្មលើទីផ្សារ តាមរយៈការបង្កើតច្បាប់ ឬបទបញ្ជាដែលនាំឲ្យគ្រប់គ្នាពិបាកយល់ ទៅលើសេវាកម្ម Google Ads ហើយបានដាក់ឲ្យប្រើប្រាស់កម្មវិធីនេះ ដោយមានលក្ខណៈអយុត្តិធម៌ និងមានលក្ខណៈជាការរៀបចំទុកមុនជាបណ្តាក់ៗ (random)»។
សេចក្តីថ្លែងការណ៍ខាងលើបានសង្កត់ធ្ងន់ទៀតថា «អាជ្ញាធរតាមដានការប្រកួតប្រជែងបារាំង សម្រេចដាក់ពិន័យ ១៥០លានអឺរ៉ូ និងទាមទារឱ្យក្រុមហ៊ុន Google បកស្រាយឱ្យច្បាស់នូវច្បាប់ធ្វើប្រតិបត្តិការ សម្រាប់ការផ្សាយពាណិជ្ជកម្ម ឬ Google Ads ក៏ដូចជានីតិវិធីសម្រាប់ការព្យួរគណនីនានាឡើងវិញ»។
គួរបញ្ជាក់ថា កាលពីខែកញ្ញាកន្លងទៅនេះ ក្រុមហ៊ុន Google ក៏បានព្រមព្រៀងក្នុងការបង់ប្រាក់ជាង ១ពាន់លានដុល្លារអាមេរិកផងដែរ ទៅដល់អាជ្ញាធរពន្ធគយរបស់បារាំង ដើម្បីបញ្ចប់ជម្លោះពាក់ព័ន្ធនឹងការបង់ពន្ធ ដែលបានផ្ទុះឡើងកាលពី ០៤ឆ្នាំមុន៕