(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្នើឱ្យព្រឹទ្ធសភាអាមេរិក បើកសវនាការជជែកដេញជាបន្ទាន់ លើនីតិវិធីដករូបលោកចេញពីតំណែង ដែលត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រ គ្រប់គ្រងដោយបក្សប្រជាធិតេយ្យ ខណៈក្រុមអ្នកប្រជាធិបតេយ្យ និងសាធារណរដ្ឋកំពុងខ្វែងគំនិតគ្នាថា តើត្រូវបើកសវនាកានេះនៅពេលណា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅល្ងាចថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩។
ការកត់សម្គាល់ខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ លោក ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីក្រុមអ្នកប្រជាធិបតេយ្យ ផ្ដល់ឱ្យខ្ញុំនូវនីតិវិធីដ៏អយុត្តិធម៌នៅក្នុងរដ្ឋសភា ដោយគ្មានមេធាវី គ្មានសាក្សី គ្មានអ្វីទំាងអស់ ឥឡូវនេះពួកគេចង់សួរទៅព្រឹទ្ធសភាថា តើត្រូវដំណើរសវនាការយ៉ាងដូចម្ដេច? បច្ចុប្បន្នពួកគេគ្មានភស្តុតាងទាល់តែសោះ ហើយពួកគេក៏មិនដែលបង្ហាញភស្តុតាងទាំងនោះដែរ ដោយបានតែមាត់ប៉ុណ្ណោះ។ ដូច្នេះខ្ញុំចង់ឱ្យសវនាការធ្វើឡើងជាបន្ទាន់»។
គួរបញ្ជាក់ថា ក្រោយការចោទប្រកាន់ដើម្បីដកតំណែង លោក ដូណាល់ ត្រាំ ត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រ ព្រឹទ្ធសភាអាមេរិកត្រូវបានគេរំពឹងថា អាចនឹងបើកសវនាកាជជែកដេញដោលមួយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។ ប៉ុន្តែផ្ទុយពីការបោះឆ្នោតនៅសភាតំណាងរាស្ត្រ ឬរដ្ឋសភា ដែលត្រូវការសំឡេងភាគច្រើនធម្មតា នៅព្រឹទ្ធសភាឯណេះវិញ ការបោះឆ្នោតបណ្ដេញលោក ត្រាំ ចេញពីសេតវិមានគឺត្រូវការសំឡេងរហូតដល់ទៅ «ពីរភាគបី» ខណៈមានការសន្និដ្ឋានជាច្រើនថា ព្រឹទ្ធសភាគ្រប់គ្រងដោយបក្សសាធារណរដ្ឋនាពេលបច្ចុប្បន្ននឹងជួយរំដោះរូបលោក ចេញពីនីតិវិធីដកតំណែងនេះ។
លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធសប្ដាហ៍នេះបានក្លាយជាប្រធានាធិបតីទី ៣ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលត្រូវបានសភាតំណាងរាស្ត្រដំណើរការនីតិវិធីដកតំណែង ជាមួយការចោទប្រកាន់ចំនួនពីរករណីធំៗគឺ រំលោភអំណាច និងបង្កការាំងស្ទះដល់ កិច្ចការស៊ើបអង្កេតរបស់សភា ជុំវិញរឿងអាស្រូវដែលគេចោទថា លោកបានគំរាមកាត់បន្ថយជំនួយយោធា ជាការដាក់សម្ពាធលើមេដឹកនាំបរទេស គឺប្រធានាធិបតីអ៊ុយក្រែន ឲ្យស៊ើបអង្កេតលើកូនប្រុសលោក ចូ បៃប៊ិន (Joe Biden) និងលោក Joe Biden ផ្ទាល់ដែលធ្លាប់ជាអតីតអនុប្រធានាធិបតីអាមេរិក និងជាគូប្រជែងដ៏លេចធ្លោរមួយរូបមកពីបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០២០។
ទោះបីជាបែបនេះលោក ដូណាល់ ត្រាំ បានទាត់រាល់ការចោទប្រកាន់ទាំងអស់នេះ និងចាត់ទុកថា នីតិវិធីប្រឆាំងនឹងរូបលោក គឺជាការប៉ុនប៉ងធ្វើរដ្ឋប្រហារដ៏អាក្រក់បំផុត៕