(វ៉ាស៊ីនតោន)៖ ការស្ទង់មតិមួយធ្វើឡើងដោយទីភ្នាក់ងារព័ត៌មាន Reuters និងក្រុមហ៊ុនស្រាវជ្រាវទីផ្សារ អាយភីសូស (Ipsos) បានបង្ហាញថា ប្រជាជនអាមេរិកតិចជាងពាក់កណ្ដាល ឬស្មើនឹង ៤២ភាគរយយល់ស្របថា លោកប្រធានាធិបតី ដូណាល់ ត្រាំ គួរតែត្រូវបានដកតំណែង ក្រោយសភាតំណាងរាស្ត្រអាមេរិកបោះឆ្នោតចោទប្រកាន់ជាផ្លូវការ ដើម្បីបណ្ដេញរូបលោកចេញពីសេតវិមាន ប៉ុន្តែត្រូវឆ្លងកាត់ព្រឹទ្ធសភាមួយតង់ទៀត។
លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធសប្ដាហ៍នេះ បានក្លាយជាប្រធានាធិបតីទី ៣ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលត្រូវបានសភាតំណាងរាស្ត្រដំណើរការនីតិវិធីដកតំណែង ជាមួយការចោទប្រកាន់ចំនួនពីរករណីធំៗគឺ រំលោភអំណាច និងបង្កការាំងស្ទះដល់កិច្ចការស៊ើបអង្កេតរបស់សភា ជុំវិញរឿងអាស្រូវដែលគេចោទថា លោកបានគំរាមកាត់បន្ថយជំនួយយោធា ជាការដាក់សម្ពាធលើមេដឹកនាំបរទេស គឺប្រធានាធិបតីអ៊ុយក្រែន ឲ្យស៊ើបអង្កេតលើកូនប្រុសលោក ចូ បៃប៊ិន (Joe Biden) និងលោក Joe Biden ផ្ទាល់ដែលធ្លាប់ជាអតីតអនុប្រធានាធិបតីអាមេរិក និងជាគូប្រជែងដ៏លេចធ្លោរមួយរូបមកពីបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០២០។ ប៉ុន្តែលោក ដូណាល់ ត្រាំ បានទាត់រាល់ការចោទប្រកាន់ទាំងអស់នេះ និងចាត់ទុកថា នីតិវិធីប្រឆាំងនឹងរូបលោក គឺជាការប៉ុនប៉ងធ្វើរដ្ឋប្រហារដ៏អាក្រក់បំផុត។
ជុំវិញការបោះឆ្នោតចោទប្រកាន់របស់សភាតំណាងរាស្ត្រនេះដែរ ការស្ទង់មតិមួយធ្វើឡើងដោយទីភ្នាក់ងារព័ត៌មាន Reuters និងក្រុមហ៊ុន Ipsos បានឱ្យដឹងថា ប្រជាជនអាមេរិក ៤២ភាគរយដែលត្រូវបានសាកសួរ និងភាគច្រើនជាក្រុមអ្នកប្រជាធិបតេយ្យបាននិយាយថា «ពួកគេគាំទ្រឱ្យដកលោក ដូណាល់ ត្រាំ ពីតំណែងប្រធានាធិបតី»។ ចំណែកឯ ១៧ភាគរយថា លោក ត្រាំ គួរតែត្រូវបានថ្កោលទោសជាផ្លូវការដោយសភាទាំងពីរ ខណៈចំនួន ២៩ភាគរយ ចង់ឱ្យការចោទប្រកាន់ប្រឆាំងនឹងលោក «គួរតែត្រូវបានទម្លាក់ចោល» ហើយមួយចំនួននៅសល់និយាយថា ពួកគេគ្មានយោបល់អ្វីឡើយ។
បន្ថែមពីលើនេះបើតាមការស្ទង់មតិដដែល នៅពេលត្រូវបានសាកសួរថា តើការចោទប្រកាន់ជាផ្លូវការដើម្បីដកលោក ត្រាំ ចេញពីតំណែងធ្វើឱ្យពួកគេមានអាម្មណ៍បែបណាចំពោះលោក ត្រាំ? ក្នុងនោះប្រជាជន ២៦ភាគរយបាននិយាយថា ពួកគេគាំទ្រលោក ដូណាល់ ត្រាំ កាន់តែខ្លាំងជាងមុន ២០ភាគរយថាធ្លាក់ចុះការគាំទ្រ ហើយដោយឡែក ៤៨ភាគរយទៀតនៅតែបង្ហាញអារម្មណ៍ មិនចេញចិត្តចំពោះលោក ដូណាល់ ត្រាំ ដដែល។
គួរជម្រាបថា ការស្ទង់មតិរបស់ Reuters និងក្រុមហ៊ុន Ipsos ធ្វើឡើងនៅបណ្ដាញអិនធើណិតជាភាសាអង់គ្លេស នៅទូទាំងសហរដ្ឋអាមេរិក ជាមួយការសាកសួរ និងទទួលចម្លើយពីមនុស្ស ១,១០៨នាក់ ចន្លោះពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ដែលជាពេលក្តៅគគុកមួយនៃដំណើរការចោទប្រកាន់ ទៅលើលោក ដូណាល់ ត្រាំ។ ព្រឹទ្ធសភាអាមេរិកគ្រោងនឹងបើកសវនាការជជែកដេញដោល ទៅតាមនីតិវិធីចោទប្រកាន់ដើម្បីដកតំណែងលោក ដូណាល់ ត្រាំ នៅខែមករា ឆ្នាំ២០២០ ឆាប់ៗខាងមុខនេះ ហើយព្រឹទ្ធសភាគឺជាអ្នកសម្រេចចុងក្រោយថា តើត្រូវបណ្ដេញលោក ត្រាំ ចេញពីសេតវិមាន ឬក៏យ៉ាងណា៕