(តូក្យូ)៖ រដ្ឋាភិបាលជប៉ុននាថ្ងៃសុក្រនេះបានអនុម័តគម្រោង «បង្កើនកញ្ចប់ថវិកាការពារជាតិ បន្ថែមទៀតសម្រាប់ឆ្នាំក្រោយ» ដើម្បីត្រៀមទិញយន្តហោះចម្បាំងបំបាំងកាយ ប្រព័ន្ធមីស៊ីលការពារដែនអាកាស និងគ្រឿងបរិក្ខាដទៃទៀតពីសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ ការផ្សាយពីសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩។
វាគឺជាឆ្នាំទី ៨ ជាប់ៗគ្នាហើយដែលរដ្ឋាភិបាលជប៉ុន បានសម្រេចបង្កើនទំហំកញ្ចប់ថវិកា នៃវិស័យការពារជាតិរបស់ខ្លួន។ សម្រាប់ឆ្នាំសារពើពន្ធ ២០២០ ដែលចាប់ផ្តើមពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ កញ្ចប់ថវិកាការពារជាតិជប៉ុន នឹងកើនដល់ទំហំ ៥.៣១ទ្រីលានយេន ស្មើនឹង ៤៨.៥៦ពាន់លានដុល្លារ។ បន្ទាប់ពីការអនុម័តរបស់រដ្ឋាភិបាលជប៉ុន សភាជប៉ុនដែលគ្រប់គ្រងដោយ គណបក្សកាន់អំណាចរបស់នាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៊ីនហ្សូ នឹងបោះឆ្នោតលើគម្រោង បង្កើនកញ្ចប់ថវិកាការពារជាតិនេះនៅឆ្នាំក្រោយ។
គួរជម្រាបថា ទោះបីមានត្រឹមកងកម្លាំងស្វ័យការពារក៏ដោយ ជប៉ុនគឺជាប្រទេសដែលចំណាយលុយ ច្រើនបំផុតមួយលើវិស័យការពារជាតិ ។ ការចំណាយលើវិស័យការពារជាតិប៉ុន្មានឆ្នាំចុងក្រោយនេះ ភាគច្រើនគឺជប៉ុនបានផ្តោតទៅលើការទិញសម្ភារយោធា ពីក្រុមហ៊ុននៅអាមេរិកដូចជា ឡុកឃីដម៉ាទីន (Lockheed Martin) និង រ៉ាយថុន (Raytheon) ជាដើម។ សម្រាប់សម្ភារៈយោធាសំខាន់ៗ ដែលជប៉ុនត្រៀមទិញនាឆ្នាំក្រោយ នឹងរួមមានទាំងយន្តហោះចម្បាំង F-35 ពីក្រុមហ៊ុន Lockheed Martin ចំនួន ០៩គ្រឿង ក្នុងតម្លៃជិត ១ពាន់លានដុល្លារអាមេរិក។
ជាមួយគ្នានេះក្រសួងការពារជាតិជប៉ុន ក៏នឹងចំណាយជាង ១ពាន់លានដុល្លារទៀត ដើម្បីពង្រឹងសមត្ថភាពការពារមីស៊ីលផ្លោង ដែលនឹងរួមមានការទិញមីស៊ីលស៊េរីថ្មីពីក្រុមហ៊ុន Raytheon ដែលអាចបាញ់កម្ទេចក្បាលគ្រាប់មីស៊ីលផ្លោង នៅក្នុងទីអវកាសតែម្តង។ ក្រសួងការពារជាតិជប៉ុន ក៏នឹងចាប់ផ្តើមសាងសង់ស្ថានីយតាមដានមីស៊ីល អេជីស អាហ្ស័រ (Aegis Ashore) ចំនួន ០២កន្លែង ដែលបំពាក់នូវប្រព័ន្ធរ៉ាដាថ្មីដ៏ខ្លាំងថែមទៀតផង៕