(បរទេស)៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ការដាច់ខ្សែហ្វាយបឺអុបទិក (Fibre Optic) ជាច្រើនព្រមៗគ្នាបានធ្វើឲ្យគាំងដំណើរការ ដល់ការប្រើប្រាស់បណ្តាញអ៊ីនធើណែត នៅតាមតំបន់មួយចំនួននៃអឺរ៉ុបខាងកើត ព្រមទាំងនៅអ៊ីរ៉ង់ និងតួកគី ហើយក្នុងនោះសេវារបស់ក្រុមហ៊ុន Google ក៏បានរងការប៉ះពាល់ផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នាព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩។
បញ្ហាខាងលើបានកើតឡើងរយៈពេលខ្ទង់ ០២ម៉ោង។ ក្រុមហ៊ុន Google បានឲ្យដឹងថា សេវារបស់ខ្លួនក៏បានគាំងដំណើរការ នៅតាមតំបន់ទាំងនោះដែរ រយៈពេលប្រមាណ ៣០នាទី។ តាមរយៈការចេញសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកមួយនេះ បានបន្ទោសទៅលើការដាច់ខ្សែ Fibre ជាច្រើនក្នុងពេលតែមួយដែលជា «រឿងចម្លែក និងកម្រខ្លាំង»។ យ៉ាងណាមិញ ពុំមានការបញ្ជាក់លម្អិត ជុំវិញការដាច់ខ្សែបញ្ជូនទិន្នន័យដ៏លឿននេះឡើយ ខណៈ Google បានសន្យាថា នឹងចេញរបាយការណ៍ពេញលេញមួយ អំពីហេតុការណ៍នេះក្នុងពេលខាងមុខ។
គួរជម្រាបថា ពីមុនមកខ្សែផ្គត់ផ្គង់បណ្តាញអ៊ីនធើណែតអន្តរជាតិ ក៏ធ្លាប់ត្រូវបានធ្វើឲ្យដាច់ដោយអចេតនាដែរ។ កាលពីឆ្នាំ២០១១ ស្រ្តីចំណាស់អាយុ ៧៥ឆ្នាំម្នាក់ បានសារភាពថាគាត់បានធ្វើឲ្យខូចខ្សែ Fibre Optic ដែលតភ្ជាប់រវាងប្រទេស ហ្សកហ្ស៊ី (Georgia) និង អាម៉ានី (Armenia)។ រីឯកាលពីឆ្នាំ២០១៨ ថ្មីៗកន្លងទៅនេះ បណ្តាញខ្សែ Fibre Optic មួយនៅស្តុតឡែនត្រូវបានគេធ្វើឲ្យដាច់ដោយអចេតនា កំឡុងដំណើរការសាងសង់មន្ទីរពេទ្យថ្មីមួយកន្លែង៕