(អូស្ត្រាលី)៖ អ្នកពន្លត់អគ្គិភ័យពីរនាក់បានបាត់បងជីវិត និងបីនាក់ផ្សេងទៀតរងរបួស នៅក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្ដ ខណៈពួកគេកំពុងតស៊ូប្រយុទ្ធជាមួយអណ្ដាតភ្លើងឆេះព្រៃ ដែលកំពុងរីករាលដាលកាន់តែខ្លាំងនៅរដ្ឋ ញូសោតវែលស៍ (New South Wales) ភាគខាងកើតប្រទេសអូស្ត្រាលី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩។
ហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតឡើង នៅពេលរថយន្ដពន្លត់អគ្គីភ័យរបស់ពួកគេ បើកទៅបុកនៅដើមឈើមួយដើម បណ្ដោលឱ្យក្រឡាប់ធ្លាក់ចេញពីផ្លូវ កំឡុងបំពេញប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃ កាលល្ងាចពីថ្ងៃព្រហស្បតិ៍នៅទីក្រុង ប៊ូសថុន (Buxton) ស្ថិតនៅចំងាយ ១០០គីឡូម៉ែត្រពីភាគនិរតីស៊ីដនី។ ដោយឡែក បើតាមការិយាល័យពន្លត់អគ្គីភ័យក្នុងតំបន់ អ្នកដែលបាតបង់ជីវិតទាំងពីរនាក់ខាងលើ មានឈ្មោះ អាន់ឌ្រូ អូឌីយើ (Andrew O'Dwye) មានអាយុ ៣៦ឆ្នាំ និង ជីអូហ្វហ្វ្រេយ ឃាថុន (Geoffrey Keaton) អាយុ ៣២ឆ្នាំ ហើយអ្នកទាំងពីរសុទ្ធតែជាអ្នកពន្លត់អគ្គីភ័យស្ម័គ្រចិត្ត។
ចំណែកឯនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កតត៍ ម័ររីសុន (cott Morrison) បានកោតសរសើរយ៉ាងខ្លាំងដល់អ្នកទាំងពីរ ដោយលោកសង្កត់ធ្ងន់ថា ការលះបង់របស់ពួកគេនឹងត្រួវបានគេចងចាំទុកជានិច្ច។ លោក Morrison ដែលកំពុងរងការរិះគន់ចំពោះការធ្វើដំណើរកម្សាន្ត ជាមួយគ្រួសារទៅក្រៅប្រទេស ចំពេលប្រទេសជាតិកំពុងប្រឈមមុខនឹងវិបត្តិភ្លើងឆេះព្រៃ ក៏បានព្រមានផងដែរឱ្យប្រជាជន នៅរដ្ឋ New South Wales មានការប្រុងប្រយ័ត្នខ្ពស់ ស្របពេលស៊ីតុណ្ហភាពក្ដៅខ្លាំង បានកើនឡើងជិតដល់ ៥០អង្សសេ ដោយសារតែរលកកម្ដៅនៃភ្លើងឆេះព្រៃ៕