Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Facebook កំពុងស៊ើបអង្កេតចំពោះការចោទប្រកាន់ថា ទិន្នន័យសម្ងាត់នៃអ្នកប្រើប្រាស់ «២៦៧លាននាក់» ត្រូវបែកធ្លាយជាសាធារណៈ (Video inside)

20-12-2019 10:06

(សាន់ហ្វា្រន់ស៊ីស្កូ)៖ ក្រុមហ៊ុន Facebook បានប្រកាសថា ខ្លួនកំពុងបើកការស៊ើបអង្កេត លើសេចក្ដីរាយការណ៍របស់គេហទំព័រខុមភែរីធិច (Comparitech) ដែលចោទប្រកាន់ថា ទិន្នន័យមានទាំងឈ្មោះ និងលេខទូរស័ព្ទរបស់អ្នកប្រើប្រាស់ច្រើនជាង ២៦៧លាននាក់ ត្រូវបានគេបង្ហោះជាសាធារណៈនៅលើបណ្ដាញអិនធើណិត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩។

យោងតាមគេហទំព័រ Comparitech ទិន្នន័យខាងលើអាចឱ្យគេទាញយក ឬ download កាលពីសប្ដាហ៍មុននៅលើវេទិកា online មួយដែលជជែកពីបញ្ហា hacker និងជាទំនងជាកម្មសិទ្ធរបស់ឧក្រិដ្ឋជនមួយក្រុម។ Comparitech បានឱ្យដឹងទៀតថា អ្នកស្រាវជ្រាវផ្នែកសនិ្តសុខព័ត៌មានវិទ្យាឈ្មោះ បុប ឌីយ៉ាជិនកូ (Bob Diachenko) គឺជាអ្នកប្រទះឃើញទិន្នន័យទាំងនោះ នៅបណ្ដាញអិនធើណិតក្នុងនោះមានដូចជា ឈ្មោះ, user IDs និងលេខទូរស័ព្ទរបស់អ្នកប្រើប្រាស់ Facebook ច្រើនជាង ២៦៧លាននាក់។

ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ ការលេចធ្លាយទិន្នន័យខាងលើ កើតមានឡើងនៅចំពេល ក្រុមហ៊ុន Facebook កំពុងព្យាយាមស្ដារទំនុកចិត្តពីអ្នកប្រើប្រាស់ឡើងវិញ ក៏ដូចជាដោះស្រាយបញ្ហាជាច្រើន ចាប់តាំងពីក្រុមហ៊ុនបណ្ដាញទំនាក់ទំនងយក្សមួយនេះ ត្រូវបានចោទប្រកាន់ថា បណ្ដោយឱ្យក្រុមហ៊ុនអង់គ្លេស ខេមប្រ៊ីជ អាន់ណាល់ឡាយធីខា (Cambridge Analytica) ប្រើប្រាស់ទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ជាង ៨៧លាននាក់ នៅក្នុងសហរដ្ឋអាមេរិកក្នុងចេតនាយោបាយ។ ដោយសារតែរឿងនេះ Facebook ត្រូវបង្ខំចិត្តបង់ប្រាក់ពិន័យ ៥ពាន់លានដុល្លារកាលពីដើមឆ្នាំ២០១៩ ដើម្បីផ្សះផ្សាជាមួយអាជ្ញាធរអាមេរិក៕