(ពិភពលោក)៖ បញ្ហាបរិស្ថានបានក្លាយទៅជារឿងឈឺក្បាលមួយ នៅក្នុងចំណោមបញ្ហាដទៃទៀត របស់ពិភពលោកដែលកំពុងតែប្រឈម ខណៈដែលការជជែកពិភាក្សាមិនទាន់ឈានដល់ចំណុចរួមគំនិតគ្នា ដើម្បីដោះស្រាយបញ្ហាកើនកំដៅនៅក្នុងបណ្តាប្រទេសមួយចំនួន រហូតដល់មានអគ្គិភ័យឆេះព្រៃឈើជាដើម ជាក់ស្តែងនៅក្នុងប្រទេសអូស្រ្តាលីមានរហូតដល់ទៅ១០០កន្លែង រងការខូចខាតយ៉ាងខ្លំាងបានបង្កឱ្យមានក្តីកង្វល់ជារួម។
ដោយឡែកនៅឯតំបន់អាម៉ាហ្សូនក្នុងប្រទេសប្រេស៊ីលនោះវិញ វិនាសកម្មព្រៃឈើបានឈានចូលដល់កំរិតប្រកាសអាសន្នដែរ នៅក្នុងឆ្នំា២០១៩ ដែលគេចាត់ទុកថាជាឆ្នំាដែលមានការហិនហោចច្រើនបំផុត បើប្រៀបធៀបជាមួយនឹងបណ្តាឆ្នំាមុនៗនោះ។ ខណៈដែលដំណើរកិច្ចពិភាក្សាស្តីពីសប្តាហ៍បរិស្ថាន និងការប្រែប្រួលអាកាសធាតុនៅតែបន្តធ្វើនោះ ក្មេងប្រុសជាសកម្មជនបរិស្ថានម្នាក់នៅក្នុងប្រទេសអារ៉ាប់រួម (UAE) បានបង្កើតមនុស្សយន្តដើម្បីជួយការពារធម្មជាតិ ដោយបានរាយការណ៍ទៅកាន់កម្មវិធីបរិស្ថានអង្គការសហប្រជាជាតិឬហៅថា (UNEP)។
ទាក់ទិនទៅនឹងការបង្កើតមនុស្សយន្តជួយការពារបរិស្ថាននេះ មានសំណួរត្រូវគេលើកឡើងអំពីថា តើតួនាទីរបស់កុមារក្នុងការបង្កើតនូវគំនិតវិជ្ជមានជួយការពារដល់វិស័យបរិស្ថាននៅក្នុងប្រទេសអារ៉ាប់រួម កុមាររូបនេះមានអាយុត្រឹមតែ១១ឆ្នំា មានឈ្មោះថា Sainath Manikandan បានលើកឡើងថា ឆ្អឺងខ្នងរបស់ប្រជាជាតិ គឺយុវជនរបស់ខ្លួន។ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា Sainath Manikandan គឺជាសកម្មជនបរិស្ថានវ័យក្មេងឈានមុខនៅក្នុងការស្វះស្វែងរកដំណោះស្រាយ ប្រកបដោយនវានុវត្តន៍លើការប្រកួតប្រជែងវិស័យបរិស្ថាននៅក្នុងប្រទេសអារ៉ាប់រួម តាមរយៈការបញ្ជ្រៀបការយល់ដឹងនៅក្នុងសហគមន៍របស់គេ ដោយផ្តើមចេញពីសកម្មភាពបុគ្គលថា តើអាចជំរុញការផ្លាស់ប្តូរប្រកបដោយវិជ្ជមានឆ្ងាយប៉ុណ្ណា។
តាមរយៈការបង្កើតនូវការប្តេជ្ញាចិត្តមុតមំា របស់កុមារម្នាក់នេះ ដើម្បីបុព្វហេតុបរិស្ថានគឺជារឿងសំខាន់ខ្លំាងណាស់ ដោយផ្តើមចេញពីវ័យកុមារភាពនេះឯង រូបគេត្រូវបានគំាទ្រដោយគ្រួសារ និងសហគមន៍ដើម្បីបន្តនូវក្តីសុបិនរបស់គេប្រកបដោយភាពវិជ្ជមាន និងបន្តបញ្ឈប់នូវការធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។
សម្រាប់កុមារ Manikandan នវានុវត្តន៍បច្ចេកវិទ្យាគឺជាបេះដូង នៃការការពារបរិស្ថានដ៏សំខាន់។ កុមាររូបនេះបានបន្តទៀតថា ក្នុងឋានៈខ្ញុំជាសកម្មជន ខ្ញុំមានជំនឿយ៉ាងមុតមំាថា យើងអាចផ្លាស់ប្តូរការអនុវត្តដែលមានស្រាប់បានចូលទៅកាន់ពណ៌បៃតង និងដំណោះស្រាយប្រកបដោយចិរភាពតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា។ ដោយមានការជំរុញលើកទឹកចិត្តតាមរយៈគោលដៅអភិវឌ្ឍប្រកបដោយចិរភាព ហើយនិងការធ្វើយុទ្ធនាការសមុទ្រស្អាត និងប្រឆំាងការបំពុលបរិស្ថានតាមរយៈ ថង់ប្លាស្ទិកនៃកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិនោះបានធ្វើ Manikandan បង្កើតនូវរូបយន្តពីរដើម្បីគំាទ្រដល់គោលការណ៍ ដែលគេបានបញ្ជាក់ក្នុងនោះមានរូបយន្ត សម្រាប់ដោះស្រាយបញ្ហាកង្វះទឹកប្រើប្រាស់ និងមួយទៀតក្នុងគោលដៅដើម្បីបញ្ចប់នូវភាពអត់ឃ្លាន។
គេនៅចំាបានថា នៅមុនសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុអង្គការសហប្រជាជាតិ ឬហៅថា COP25 ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២ ខែធ្នូ ក្នុងនោះមានវិបសាយមួយ ដែលមានមូលដ្ឋាន នៅក្នុងប្រទេសអង់គ្លេស បានព្រមានអំពីការបញ្ចេញចោលនូវកាបោន ដោយជំរុញឱ្យមានការអនុវត្តន៍នូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីទម្លុះទម្លាយនូវរបំាង និងដើម្បីជៀសវាងអំពីការប្រែប្រួលប្រកដោយគ្រោះថ្នាក់។
សំណួរជាច្រើនត្រូវបានគេលើកឡើងយកមកជជែកថា តើចំណាត់ការចេញពីកិច្ចប្រជុំមួយនេះអាចចេញជាសាច់ការ ប្រកបដោយប្រសិទ្ធភាពទេ ក្នុងការទប់ការឡើងកំដៅផែនដី និងបំរែបំប្រួលកត្តាជីវចម្រុះដទៃទៀត ដែលកំពុងតែញុំញីភពផែនដីរបស់យើង។
រលាយដុំផ្ទំាងទឹកកកនៅតំបន់ Greenland នឹងបង្កឱ្យមានទឹកជំនន់បន្ថែមទៀត តាមការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្រ្តនាពេលថ្មីៗនេះ បានបង្ហាញថា តំបន់ដុំផ្ទំាងទឹកកក Greenland មានការរលាយដ៏ឆាប់រហ័សដែលគេរកឃើញថា មានទំហំរលាយទឹកកករហូតដល់ទៅ៣.៨លានលានតោន នៅចន្លោះឆ្នំា១៩៩២ និងឆ្នំា២០១៨ ហើយការសិក្សាត្រូវគេធ្វើឡើងតាមរយៈអង្គការណាសា ផ្តិតយករូបភាពពីលើទីលំហ និងទីភ្នាក់ងារអវកាសអឺរ៉ុប។
នៅក្នុងរបាយការណ៍ដដែលនោះបានគូសបញ្ជាក់បន្តទៀតថា ការសិក្សាអំពីមូលហេតុដែលនំាឱ្យដុំផ្ទំាងទឹកកករលាយឆាប់ ត្រូវគេប្រមែប្រមូលទិន្នន័យពីបណ្តុំផ្កាយរណបនានា រហូតដល់ទៅចំនួន២៦គ្រឿង ដែលតាមឃ្លំាមើលអំពីផលប៉ះពាល់ដោយសារតែកំដៅសកល ដែលជាបច្ច័យមួយនំាឱ្យកំរិតទឹកសមុទ្រកើនឡើងខ្ពស់ផងដែរ។
នៅក្នុងឯកសារស្រាវជ្រាវនេះ បានបង្ហាញអំពីការព្យាករណ៍ថា នៅឆ្នំា២១០០ខាងមុខ កំរិតទឹកសមុទ្រនឹងកើនឡើងចាប់ពី៣ ទៅ៥អ៊ីង (៧០ ទៅ១៣០មីលីម៉ែត្រ) ដែលមានន័យថា ទំហំនៃការរលាយមានទ្រង់ទ្រាយធំជាងបណ្តាសតវត្សរ៍មុនៗទៅទៀត ខណៈដែលការបាត់បង់ដុំផ្ទំាងទឹកកកនៅក្នុងតំបន់ Greenland នៅតែបន្តរលាយថែមទៀត។
តាមការវិភាគស្តីពីការប្រែប្រួលបរិយាកាសពីសំណាក់ក្រុមអ្នកស្រាវជ្រាវបានលើកឡើងថា ប្រសិនណាបើមានការប្រែប្រួលនៅក្នុងតំបន់ ដែលមានដុំផ្ទំាងទឹកកក នៃតំបន់អង់តាក់ទិកា និង Greenlandនោះ វាគឺជារឿងសំខាន់ និងគួរឱ្យមានក្តីកង្វល់ដល់សង្គមមនុស្ស ខណៈដែលមានផលប៉ះពាល់ ដោយត្រង់ទៅលើការកើនឡើងកំរិតទឹកសមុទ្រដែលជាលទ្ធផលឈានទៅរកការប្រែប្រួលបរិយាកាសភពផែនដី។
ឯកសារស្រាវជ្រាវបានបង្ហាញទៀតថា ប្រសិនបើដុំផ្ទំាងទឹកកកនៅតែរលាយវាអាចនឹងធ្វើកំរិតទឹកសមុទ្រកើនឡើងខ្ពស់ ការកើនឡើងនូវកំដៅជាសកលបែបនេះវានឹងធ្វើឱ្យដុំផ្ទំាងទឹកកក Greenland អាចនឹងបាត់បង់ទ្រង់ទ្រាយធំចាប់ពី២៥ពាន់លានតោន ក្នុងមួយឆ្នំា ក្នុងទសវត្សរ៍ទី៩០ ទៅជា២៣៤ពាន់លានតោនក្នុងមួយឆ្នាំ។
* តើភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្រ្តាលី នឹងនំាឱ្យមានផលវិបាករយៈពេលយូរដែរឬ?
ដោយយោងតាមកាសែត The Guardian បានចេញផ្សាយថា ភ្លើងឆេះព្រៃនៅក្នុងរដ្ឋ South Wales និងរដ្ឋ Queensland របស់ប្រទេសអូស្រ្តាលីបានបញ្ចេញនូវ CO2 ដ៏ធំមហិមាចូលទៅក្នុងបរិយាកាសចាប់តំាងពីខែសីហា វាស្មើនឹងជិតពាក់កណ្តាលនៃការបញ្ចេញឧស្ម័នផ្ទះ កញ្ចក់ប្រចំាឆ្នំារបស់អូស្រ្តាលីដែរ។
តាមរយៈរូបភាពវិភាគដែលធ្វើឡើងដោយអង្គការណាសា បង្ហាញថា ភ្លើងឆេះព្រៃនៅ NSW បានបញ្ចេញ CO2 មិនក្រោមពី១៩៥ម៉ែត្រតោននោះទេ។ កាសែតអង់គ្លេសបានស្រង់សំដីអ្នកជំនាញបានលើកឡើងថា ផ្សែងដែលចេញពីភ្លើងឆេះព្រៃវាមានការបំពុលខ្លំាងណាស់នៅក្នុងទីលំហ បច្ច័យនោះហើយដែលធ្វើឱ្យមានក្តីកង្វល់ជាទូទៅនៅក្នុងចំណោមក្រុមអ្នកវិទ្យាសាស្រ្តទំាងឡាយ។
* ហេតុផលនៅពីក្រោយនៃការមិនជោគជ័យ ទៅលើការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ នៅឯកិច្ចប្រជុំ COP25 នៅអេស្ប៉ាញ?
នៅក្នុងកិច្ចប្រជុំស្តីពីបរិយាកាសរបស់អង្គការសហប្រជាជាតិ នៅក្រុងម៉ាទ្រីឌ បានបង្ហាញគោលការណ៍៥ចំណុច ដែលនំាឱ្យមានកិច្ចប្រជុំនេះ៖
ទី១៖ ការដឹកនំាជារឿងសំខាន់ ព្រោះថា កិច្ចប្រជុំ COP25 នៅម៉ាទ្រីឌកើតឡើងដោយសារតែរដ្ឋាភិបាលឈីលី លើកសំណើរមកកាន់ក្រុងនេះ បន្ទាប់ពីមានបញ្ហាចលាចលសង្គមនៅក្រុងសាន់ឌីយ៉ាហ្គោ។
ទី២៖ មិនតភ្ជាប់គ្នា រវាងការរកឃើញអំពីបញ្ហាប្រែប្រួលបរិយាកាស ទៅនឹងការអនុវត្តជាក់ស្តែងដោយសារតែប្រទេសធំមួយចំនួន មិនបានគោរពតាមនិយាមការកាត់បន្ថយឧស្ម័នកាបូនិច តាមការចង់បានរបស់អង្គការសហប្រជាជាតិ និយាយឱ្យងាយស្តាប់មានន័យមិនបានចូលរួមពេញលេញ ដើម្បីទប់ស្កាត់ការកើនឡើងកំដៅ។
ទី៣៖ កង្វះកុងសង់ស៊ីស ដែលនំាឱ្យការប្រែប្រួលបរិយាកាសកាន់តែធ្ងន់ធ្ងរនៅក្នុងឆ្នំា២០២០ ម្យ៉ាងទៀតសន្និសីទបន្ទាប់អាចនឹងធ្វើឡើងនៅក្នុងទីក្រុង Glasgow វិញ ស្របពេលដែលសហគមន៍អឺរ៉ុបបង្ហាញក្តីសង្ឃឹមថា នៅឆ្នំា២០៣០ខាងមុខ ប្លុកសហគមន៍អឺរ៉ុបនឹងបង្កើតគោលដៅគ្មានសារធាតុកាបោន ដោយប្តេជ្ញាថានឹងកាត់បន្ថយឱ្យបាន៥៥%ដូចជាកាលពីឆ្នំា១៩៩០ដែរ។
កាលពីឆ្នំា២០១៤កន្លងទៅ ធ្លាប់មានកិច្ចព្រមព្រៀងស្តីពីបរិយាកាសមួយដែលចុះហត្ថលេខា ដោយលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូប៉ាម៉ា និងលោកប្រធានាធិបតីចិន ស៊ី ជីនពីង ប៉ុន្តែតំាងពីពេលនោះមកហាក់មានសភាពជាក់ស្តែងតិចតួច។
ទី៤៖ ភាពស្មុគ្រស្មាញ គេប្រៀបដូចជាដំរីនៅក្នុងបន្ទប់ មានសភាពចង្អៀតខ្លំាងមិនអាចធ្វើកើត ព្រោះកាលឆ្នំា២០១៥ នៅក្រុងប៉ារីស ក្រុមប្រទេសជាច្រើនបានបញ្ជូនផែនការ ស្តីពីបរិយាកាសលើកដំបូងរបស់ពួកគេ។ ប៉ុន្តែសម្រាប់ឆ្នំា២០២០ ពួកគេហាក់បង្ហាញថា មានការលំបាកដោះស្រាយវិញ ស្របពេលដែលសហរដ្ឋអាមេរិកឯណោះបានដកខ្លួនចេញពីកិច្ចព្រមព្រៀងប៉ារីសស្តីពីបំរែបំប្រួលអាកាសធាតុ។
* អ្វីគេជា Global warming?
Global warming គឺជាការឡើងកំដៅសកលដែលក្នុងន័យមានកើនឡើង នូវស៊ីតុណ្ហភាពរយៈពេលវែង នៅលើប្រពន្ធ័បរិយាកាសរបស់ភពផែនដី ដែលធ្វើឱ្យមានការប្រែប្រួលខ្លំាងនូវស្រទាប់បរិយាកាសគម្របផែនដីយើង។ តាមការស្រាវជ្រាវបានបង្ហាញថា ការកើនឡើងនូវកំដៅសកល គឺចេញមកពីសកម្មភាពរបស់មនុស្សភាគច្រើនបង្កឡើងតាមរូបភាពខុសៗគ្នា។
រឿងរ៉ាវប្រែប្រួលរបស់បរិយាកាស បានកើតមានឡើងតំាងតែពីមុនសម័យបុរេប្រវត្តិមកម៉្លេះ ប៉ុន្តែនៅពាក់កណ្តាលសតវត្សរ៍ទី២០នេះ ហាក់មានការកើនឡើងខ្លំាងខុសពីធម្មតា។ ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលបរិយាកាស ឬហៅកាត់ថា (IPCC) បានចេញរបាយការណ៍វាយតម្លៃលើកទី៥ បានសន្និដ្ឋានថា វាជារឿងអកុសលបំផុតដែលឥទ្ធិពលរបស់មនុស្សគ្របដណ្តប់ ទៅលើការប្រែប្រួលបរិយាកាសភពផែនដីនេះ។
ក្នុងរបាយការណ៍វាយតម្លៃដដែលបានគូសបញ្ជាក់បន្ថែមទៀតថា នៅក្នុងសតវត្សរ៍ទី២១សីតុណ្ហភាពនៅផ្ទៃខាងលើរបស់ផែនដី បានកើនឡើងបន្ថែមចាប់ពី០.៣ ទៅ១.៧អង្សាសេ ហើយការកើនឡើងបែបនេះវាជះឥទ្ធិពលផ្សេងៗ រាប់បញ្ចូលទំាងការកើនឡើងនូវកំរិតទឹកសមុទ្រ ការប្រែប្រួលកំរិតកំណកអាកាសនៅក្នុងតំបន់ ហេតុការណ៍អាកាសធាតុមិនទៀងទាត់ មានដូចជារលកកំដៅបង្កើតឱ្យមានរហោស្ថានកម្ម កំរិតឡើងខ្លំាងអាស៊ីតកម្មក្នុងទឹកសមុទ្រ ក៏ធាតុផ្សំចេញពីការបញ្ចេញនូវឧស្ម័នផ្ទះកញ្ចក់ផងដែរ។
* តើមនុស្សជាតិត្រូវដោះស្រាយដោយរបៀបណា?
ក្រុមអ្នកវិទ្យាសាស្រ្តបានពន្យល់ថា សំខាន់កត្តាមនុស្សត្រូវចូលរួមទំាងអស់គ្នា ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនូវកំដៅជាសកល តាមរយៈការកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ សម្របខ្លួនទៅនឹងបាតុភូត ហើយប្រទេសទំាងឡាយត្រូវរួមគ្នា ប្រយុទ្ធប្រឆំាងនឹងការប្រែប្រួលបរិយាកាស ស្ថិតនៅក្រោមឆត្រ័ក្របខណ្ឌអនុសញ្ញាការប្រែប្រួលបរិយាកាសអង្គការសហប្រជាជាតិ (UNFCCC)៕
ប្រែសម្រួល៖ ប្រាក់ សម្ជស្ស
ប្រភព៖ បរទេស
«ឧស្ម័នផ្ទះកញ្ចក់» គឺជាពាក្យ ដែលបកប្រែពីភាសាបារាំងថា Gaz à effet de serre និងភាសាអង់គ្លេសថា Greenhouse Gas ជាភាសាខ្មែរ ពាក្យថា «ឧស្ម័នផ្ទះកញ្ចក់» ឧស្ម័នផ្ទះកញ្ចក់នេះ មានដូចជាចំហាយទឹក (H2O) ឧស្ម័នកាបូនិក (CO2) និងមេតាន (CH4) ជាដើម មាននៅក្នុងបរិយាកាសជុំវិញ ផែនដីជាលក្ខណៈធម្មជាតិ ជាយូរលង់ណាស់មកហើយ។ ឧស្ម័ននេះមានវត្តមាននៅក្នុងបរិយាកាស ជុំវិញភពផែនដី ហើយអាចទប់កម្តៅ ព្រះអាទិត្យមួយផ្នែក មិនឲ្យភាយចេញទៅវិញ៕