(ហ្គាហ្សា)៖ យន្តហោះចម្បាំងអ៊ីស្រាអែលបានចាប់ផ្តើមធ្វើការវាយប្រហារ នៅយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះទៅលើតំបន់ហ្គាហ្សា ដើម្បីឆ្លើយតបទៅនឹងគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ ដែលត្រូវបានបាញ់ចេញពីទឹកដីហ្គាហ្សា សំដៅទៅទឹកដីអ៊ីស្រាអែលភាគខាងត្បូង។ បើតាមការរចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩។

ប្រភពពីមន្ត្រីនៅហ្គាហ្សាបានប្រាប់ទីភ្នាក់ងាររបស់ស៊ីនហួរថា យន្តហោះចម្បាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកទៅលើទីតាំងហ្វឹកហ្វឺនរបស់ប៉ាឡេស្ទីន ដែលស្ថិតនៅភាគខាងជើង និងខាងត្បូងរបស់តំបន់ហ្គាហ្សាស្ទ្រីព (Gaza Stripe) តែជាសំណាងល្អ មិនមាននរណាម្នាក់ទទួលរងរបួសនោះឡើយ។

គួរបញ្ជាក់ថា សារព័ត៌មានអ៊ីស្រាអែលក៏បានចេញផ្សាយផងដែរ អំពីការទម្លាក់គ្រាប់បែក ដោយយន្តហោះចម្បាំងរបស់ខ្លួន ទៅលើតំបន់ហ្គាហ្សាស្ទ្រីព។ យោធាអ៊ីស្រាអែលបាន បន្ថែមទៀតថា គ្រាប់រ៉ុក្កែតដែលហោះចេញពីហ្គាហ្សានោះ បានធ្លាក់ទៅលើទីវាលនៅភាគខាងត្បូងអ៊ីស្រាអែល និងគ្មាននរណាម្នាក់រងគ្រោះថ្នាក់ឡើយ៕