(ម៉ូស្គូ)៖ ពាក់ព័ន្ធព័ត៌មានលោក ដូណាល់ ត្រាំ ត្រូវសភាតំណាងរាស្រ្តអាមេរិក អនុម័តគាំទ្រឲ្យដំណើរការនីតិវិធីទម្លាក់ពីតំណែង ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបង្ហាញការយល់ឃើញថា លោកប្រធានាធិបតីអាមេរិកនឹងហែលឆ្លងផុតពីបញ្ហានេះ ជាក់ជាពុំខាន។ នេះបើតាមការដកស្រង់ការផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters នាយប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩។
នាថ្ងៃព្រហស្បតិ៍នេះ លោក ពូទីន បានលើកឡើងថា លោក ត្រាំ នឹងនៅបន្តកាន់តំណែងជាប្រធានាធិបតីអាមេរិកដដែល ទោះបី ត្រូវសភាតំណាងរាស្រ្តអាមេរិកបោះឆ្នោតគាំទ្រ ឲ្យដំណើរការនីតិវិធីដកតំណែងរបស់លោកក៏ដោយ។ ថ្លែងក្នុងសន្និសីទកាសែត ប្រចាំឆ្នាំមួយដែលធ្វើឡើងនៅទីក្រុងម៉ូស្គូ លោកប្រធានាធិបតីរុស្ស៊ីបាននិយាយដូច្នេះថា «វាទំនងជាមិនអាចទៅរួចឡើយ ដែល ព្រឹទ្ធសភាអាមេរិកនឹងទម្លាក់អ្នកតំណាងគណបក្សរបស់ពួកគេ (លោក ត្រាំ) ចេញពីអំណាច ដោយផ្អែកលើហេតុផល ដែលបើតាម ការយល់ឃើញរបស់ លោក គឺត្រូវបានប្រឌិតឡើងសុទ្ធសាធ»។
លោក ពូទីន បានបន្តថា មូលហេតុបានជាបក្សប្រជាធិបតេយ្យអាមេរិក ខិតខំប្រឹងប្រែងទម្លាក់លោក ត្រាំ ចេញពីអំណាចបែបនេះ គឺព្រោះតែពួកគេបានទទួលបរាជ័យ ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦។ លោក ពូទីន ក៏បានគូសបញ្ជាក់ថា បក្សប្រជាធិបតេយ្យ អាមេរិកកន្លងមក បានចោទប្រកាន់ថា រុស្ស៊ីចូលលូកលាន់ដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ ប៉ុន្តែការចោទប្រកាន់នេះត្រូវ បានស៊ើបរកឃើញថា វាមិនពិតនោះទេ ដូច្នេះឥឡូវពួកគេបានងាកទៅរករឿងអាស្រូវពាក់ព័ន្ធអ៊ុយក្រែនវិញម្តង។
គួរជម្រាបថា កាលពីថ្ងៃពុធសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីអាមេរិកទី៣ ក្នុងប្រវត្តិសាស្រ្តដែលត្រូវ បានសភាតំណាងរាស្រ្តអាមេរិក ដំណើរការនីតិវិធីទម្លាក់ចេញពីតំណែង។ លោក ត្រាំ បានរងការចោទប្រកាន់ចំនួនពីរ ទី១គឺពីបទ រំលោភអំណាច និងទី២ពីបទបង្កការរាំងស្ទះដល់ការងារស៊ើបអង្កេតរបស់សភា។ ការព្យាយាមទម្លាក់លោក ត្រាំ ពីតំណែងបាន ចាប់ផ្តើមឡើងកាលពីខែកញ្ញា បន្ទាប់ពីមានការលេចធ្លាយនូវកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky។
ដោយឡែក បន្ទាប់ពីការបោះឆ្នោតគាំទ្ររបស់សភាតំណាងរាស្រ្ត សវនាការនឹងត្រូវរៀបចំឡើងនៅក្នុងព្រឹទ្ធសភា ដើម្បីសម្រេចថា តើលោក ត្រាំ នឹងត្រូវទម្លាក់ចេញពីអំណាចដែរឬយ៉ាងណា ក៏ប៉ុន្តែព្រឹទ្ធសភាអាមេរិកស្ថិតក្រោមការគ្រប់គ្រងរបស់ គណបក្សសាធារណរដ្ឋ ដែលឈរនៅខាងលោក ត្រាំ៕