(ហុងកុង)៖ នាសប្តាហ៍នេះ អាជ្ញាធរទេសចរណ៍នៃទីក្រុងហុងកុង បានប្រកាសថា ជាលើកដំបូងក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ទីក្រុង នឹង មិនរៀបចំព្រឹត្តិការណ៍បាញ់កាំជ្រួចសម្រាប់អបអរឱកាសឆ្លងឆ្នាំ នៅចុងខែនេះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩។

រយៈពេល១០ឆ្នាំចុងក្រោយនេះ ព្រឹត្តិការណ៍បាញ់កាំជ្រួចដ៏ស្រស់ស្អាត ត្រូវបានរៀបចំឡើងជាប់មករហូត នៅថ្ងៃទី៣១ ខែធ្នូ លើកំពងផែ Victoria នៃទីក្រុងហុងកុង ដើម្បីជាការអបអរសាទរនៃឱកាសបុណ្យចូលឆ្នាំសកល។ ក៏ប៉ុន្តែកាលពីថ្ងៃពុធសប្តាហ៍នេះ អាជ្ញាធរទេសចរណ៍ ហុងកុងបានចេញសេចក្តីប្រកាសថា នឹងមិនមែនព្រឹត្តិការណ៍បាញ់កាំជ្រួចដូចរាល់ឆ្នាំឡើយ ក្រោមហេតុផលព្រួយបារម្ភពាក់ព័ន្ធចលនាបាតុកម្ម ខណៈអាជ្ញាធរផ្តល់អាទិភាពសំខាន់បំផុតទៅលើសុវត្ថិភាពសាធារណជន។

គួរជម្រាបថា ទោះជាបែបនេះក្តី អាជ្ញាធរហុងកុងបានសម្រេចរៀបចំព្រឹត្តិការណ៍អបអរឱកាសឆ្លងឆ្នាំ ក្នុងទម្រង់ថ្មីផ្សេងវិញ គឺតាមរយៈការបង្កើត ព្រឹត្តិការណ៍បំភ្លឺភ្លើងហៅថា «Symphony of Lights» នៅឯកំពង់ផែ Victoria ជាទីដែលធ្លាប់តែមានការបាញ់កាំជ្រួចជាច្រើនឆ្នាំកន្លងមក។ ទន្ទឹមគ្នានេះ ផ្សារទំនើបជាច្រើននៅក្នុងទីក្រុង ក៏ត្រូវគេរំពឹងថា នឹងបិទទ្វារនៅកំឡុងថ្ងៃបុណ្យណូអែល និងឆ្លងឆ្នាំផងដែរ ក្រោមហេតុផល ព្រួយបារម្ភដូចខាងលើ ខណៈការធ្វើបាតុកម្មតវ៉ាដែលបានផ្ទុះជាកន្លះឆ្នាំមកហើយនៅហុងកុង នៅមិនទាន់រសាយទៅវិញនៅឡើយទេ៕