(ឡូសអាន់ជែលែស)៖ ក្មេងស្រីវ័យជំទង់ម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន នៅថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីនាងបានប៉ុនប៉ងលួចយន្តហោះខ្នាតមធ្យមមួយគ្រឿង នៅឯព្រលានយន្តហោះក្នុងរដ្ឋកាលីហ្វ័រញ៉ា ហើយបានបញ្ជាខុសបច្ចេកទេស ចូលទៅក្នុងរបងអគារមួយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩។
មេបញ្ជាការប៉ូលិសលោក ឌ្រូ ប៊េសស៊ីងហ្គើ (Drew Bessinger) ប្រចាំអាកាសយានដ្ឋាន អន្តរជាតិ ហ្វ្រេស្នូ យ៉ូសេម៉ៃត៍ (Fresno Yosemite) បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយថា ក្មេងស្រីជំទង់វ័យ ១៧ឆ្នាំម្នាក់បានផ្លោះរបងអាកាសយានដ្ឋានអន្តរជាតិនេះ ហើយសំដៅទៅឡើងជិះយន្តហោះដែលនៅចតចោល រួចបន្ទាប់មកនាងក៏បានបញ្ឆេះម៉ាស៊ីនដើម្បីបញ្ជាវាតែម្តង។
ប៉ូលិសបានបន្តទៀតថា ក្មេងស្រីវ័យជំទង់បានបញ្ជាយន្តហោះនោះទាំងខុសបច្ចេកទេស ទៅបុកទម្លាយរបងចូលក្នុងអគារមួយស្ថិតនៅក្បែរផ្លូវបើកបរ ដែលជាទ្រព្យសម្បត្តិរបស់អាកាយានដ្ឋាន។ ជាសំណាងល្អដែលយន្តហោះបាន ឈប់ត្រឹមនេះ និងគ្មានការឆាបឆេះអ្វីនោះឡើយ ប៉ុន្តែបានទទួលរងការខូចខាតគួរឲ្យកត់សម្គាល់។
គួរបញ្ជាក់ថា នារីវ័យជំទង់ខាងលើនេះ ត្រូវបានចាប់ខ្លួនក្រោមការសង្ស័យថា មានចេតនាលួចយកយន្តហោះ កាលពីវេលាម៉ោង ៧៖៣០នាទីព្រឹក (ម៉ោងនៅកាលីហ្វ័រញ៉ា)។ គ្មានមនុស្សណាម្នាក់បានទទួលរងរបួសនោះឡើយ៕