(ប៉ាគីស្ថាន)៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក អ៊ីមរ៉ាន ខាន់ (Imran Khan) បានដកស្រង់ខឹ្លមសារចេញពីសៀវភៅមួយក្បាលរបស់អ្នកនិពន្ធឥណ្ឌា ដ៏ល្បីល្បាញម្នាក់គឺលោក ឃូសវ៉នត៍ ស៊ីង (Kushwant Singh) ដើម្បីថ្កោលទោសការសម្រេចចិត្តរបស់រដ្ឋាភិបាលឥណ្ឌា ជុំវិញការអនុម័តច្បាប់ស្ដីពីសញ្ជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩។
លោក Imran Khan បង្ហោះខឹ្លមសារដកស្រង់ចេញពីសៀវភៅ The End of India របស់លោក Singh ដូច្នេះថា «រាល់របបហ្វាស៊ីសផ្ដាច់ការ តែងតែប្រើប្រាស់សហគមន៍ ឬមនុស្សមួយក្រុមដែលខ្លួនអាចចាត់ទុកថា ជាក្រុមបង្កគ្រោះថ្នាក់ធ្វើជាលេស ដើម្បីសម្រេចវត្ថុបំណងរបស់ពួកគេ។ ពួកគេបានចាប់ផ្ដើមជាមួយមនុស្សមួយក្រុម ឬពីរក្រុមដោយមិនមានទីបញ្ចប់ឡើយ តែបែរជាបង្កការស្អប់ខ្ពើមហើយនាំទៅរកការភ័យខ្លាច និងជម្លោះតែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា កំហឹង និងបាតុកម្មតវ៉ាដ៏ហិង្សានៅឥណ្ឌា បាននិងកំពុងផ្ទុះឡើងស្ទើតែទូទាំងប្រទេសឥណ្ឌា បន្ទាប់ពីវិសោធនកម្មលើ សេចក្ដីព្រាងច្បាប់ស្តីអំពីសញ្ជាតិ ដែលត្រូវបានចុះឱ្យក្លាយទៅជាច្បាប់កាលពីសប្ដាហ៍មុន។ ច្បាប់នេះគឺមានគោលដៅផ្ដល់សញ្ជាតិ ដល់ជនជាតិដើមភាគតិចកាន់ សាសនា ហិណ្ឌូ ស៊ីគ (Sikhs), ព្រះពុទ្ធ, ហ្សេនស៍ (Jains), ផាស៊ីស (Parsis) និងគ្រិស្ត (Christians) មកពីប្រទេសអាហ្វហ្គានីស្ថាន បង់ក្លាដែស និងប៉ាគីស្ថាន ដែលមកដល់ប្រទេសឥណ្ឌាមុនឆ្នាំ២០១៥ លើកលែងអ្នកកាន់សាសនាអ៊ីស្លាម។
ដូច្នេះហើយទើបក្រុមអ្នករិះគន់បារម្ភថា ច្បាប់នេះអាចក្លាយជាការលុបបំបាត់ សហគមន៍ម៉ូស្លីមភាគតិចនៅពេលអនាគត។ ប៉ុន្តែនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានទាត់ចោលការចោទប្រកាន់ពីការលំអៀងផ្នែកសាសនា៕