(ញូយ៉ក)៖ ក្មេងប្រុស Ryan Kaji មានអាយុត្រឹមតែ៨ឆ្នាំ មានសមត្ថភាពរកចំណូលបាន២៦លានដុល្លារ ក្នុងឆ្នាំ២០១៩ នៅលើ YouTube channel ដែលនេះបានធ្វើឱ្យរូបគេក្លាយជាអ្នករកចំណូលបានច្រើនជាងគេបំផុត ពីបណ្ដាញទំនាក់ទំនងសង្គមយក្ស មួយនេះ។ នេះបើតាមទស្សនាវដ្ដី Forbes ដង់ស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩។
យោងតាមទស្សនាវដ្ដី Forbes Kaji ដែលមានឈ្មោះពិតប្រាកដថា Ryan Guan ក៏ធ្លាប់ឈរនៅលើតំណែងកំពូលក្នុងនាមជា YouTuber រកប្រាក់បានច្រើនជាងគេបំផុតជាមួយចំណូល២២លានដុល្លារ កាលពីឆ្នាំ២០១៨។ Channel របស់ក្មេងប្រុសរូបនេះ មានឈ្មោះថា Ryan's World ត្រូវបានបង្កើតក្នុងឆ្នាំ២០១៥ និងមានអ្នកតាមដាន ឬ subscribers ២២.៩លាននាក់។ តែ ដំបូងឡើយ Channel នេះមានឈ្មោះថា Ryan ToysReview ដែលបង្ហោះវីដេអូណែនាំពីសម្ភារៈក្មេងលេង ហើយវាត្រួវបានប្ដូរ ឈ្មោះបន្ទាប់ពីរងបណ្ដឹងពីអង្គការការពារអតិថិជន Truth in Advertising ទៅកាន់គណកម្មាការសហព័ន្ធពាណិជ្ជកម្មអាមេរិក (FTC)។ អង្គការនេះបានចោទថា Ryan ToysReview មិនបានបញ្ជាក់ឱ្យច្បាស់ពីវីដេអូដែលទទួលផ្សាយពាណិជ្ជកម្ម។
គួរបញ្ជាក់ថា វីដេអូជាច្រើននៅលើ Ryan's World មានអ្នកចូលមើលច្រើនជាង១ពាន់លាននាក់ ហើយ Channel មួយនេះ ក៏ទទួលបានអ្នកមើល ៣៥ពាន់លាននាក់ផងដែរ ចាប់តាំងពីបង្កើតឡើង៕