(វ៉ាស៊ីនតោន)៖ ទីបំផុតដូចការរំពឹងទុក សភាតំណាងរាស្ត្រអាមេរិក ដែលកំពុងគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បានបោះឆ្នោតអនុម័តហើយ លើការចោទប្រកាន់ជាផ្លូវការ និងដំណើរការនីតិវិធីដកតំណែងប្រឆាំងលោក ដូណាល់ ត្រាំ ដែលនេះបានធ្វើឱ្យលោកក្លាយជាប្រធានាធិបតីទី៣ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលត្រូវបានដំណើរការនីតិវិធី ដកតំណែង។
ក្រោយការជជែកដេញដោលជាង ៦ម៉ោង នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) សភាតំណាងរាស្ត្របានបោះឆ្នោត អនុម័តលើមាត្រា១ នៃការចោទប្រកាន់លោក ត្រាំ ពីបទរំលោភអំណាចក្នុងសំឡេងគាំទ្រ ២៣០ ទល់នឹងសំឡេងប្រឆាំង ១៩៧។ ចំណែកឯមាត្រា ២ ដែលចោទប្រកាន់រូបលោកថាបានបង្កឧបសគ្គ ឬរារាំងដល់កិច្ចការស៊ើបអង្កេតរបស់សភា ត្រូវបានបោះឆ្នោតគាំទ្រអនុម័តក្នុងសំឡេង ២២៩ ទល់នឹង ១៩៨សំឡេង។
តែទោះបីជាមាត្រាចោទប្រកាន់ទាំង២នេះត្រូវបានអនុម័តក៏ដោយ វាមិនមែនន័យថាជីវិតនយោបាយ និងតំណែងប្រធានាធិបតីអាមេរិក របស់លោក ដូណាល់ ត្រាំ ដើរដល់ទីបញ្ចប់នោះទេ ដ្បិតមាត្រាចោទប្រកាន់ទាំងពីរនេះត្រូវបញ្ជូនទៅព្រឹទ្ធសភា បោះឆ្នោតអនុម័តជាបន្តទៀតសិន។
* រដ្ឋធម្មនុញ្ញអាមេរិកចែងយ៉ាងម្ដេចលើនីតិវិធីបន្ទាប់?
យោងតាមរដ្ឋធម្មនុញ្ញអាមេរិក ប្រធានាធិបតីម្នាក់ដែលត្រូវបានចោទប្រកាន់ ឬដំណើរការនីតិវិធីដកតំណែងដោយសភាតំណាងរាស្ត្រ នៅតែអាចកាន់តំណែងដដែល។ ពោលគឺតំណែងប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ គឺអាស្រ័យលើព្រឹទ្ធសភា ដែលត្រូវបានគេរំពឹងថា នឹងបើកសវនាកាជជែកដេញដោលនៅខែមករា ឆ្នាំ២០២០ខាងមុខនេះ ថាតើត្រូវបោះឆ្នោតអនុម័តដកលោក ត្រាំ ចេញពីតំណែង ដែរឬទេ។
បន្ថែមពីលើនេះ រដ្ឋធម្មនុញ្ញអាមេរិកក៏បានចែងដែរថាព្រឹទ្ធសភា ត្រូវរៀបចំសវនាកា ដោយសមាជិកព្រឹទ្ធសភាត្រូវដើរតួជាតុលាការ រីឯសមាជិកសភាតំណាងរាស្ត្រត្រូវដើរតួជារដ្ឋអាជ្ញា ហើយប្រធានាធិបតី និងរដ្ឋមន្ត្រីយុត្តិធម៌ នឹងត្រូវដើរតួជាចុងចោទ។ ព្រឹទ្ធសភាត្រូវការសំឡេងពីរភាគបី ដើម្បីអនុម័តដកលោក ដូណាល ត្រំា ពីតំណែងជាប្រធានាធិបតី។
* តើព្រឹទ្ធសភានឹងបោះឆ្នោតទម្លាក់លោក ត្រាំ ដែរឬទេ?
ផ្អែកលើការបោះឆ្នោតនៅក្នុងសភាតំណាងរាស្ត្រ សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ស្ទើតែស្រុងបានបោះឆ្នោត ជំទាស់នឹងដំណើរនីតិវិធីដកតំណែងលោក ត្រាំ ហើយបូករួមទាំងទម្លាប់ចាស់ ព្រឹទ្ធសភាអាមេរិកដែលបច្ចុប្បន្នគ្រប់គ្រងដោយ គណបក្សសាធារណរដ្ឋ ត្រូវបានគេរំពឹងថានឹងមិនបោះឆ្នោតប្រឆាំងនឹងលោក ដូណាល់ ត្រាំ នោះទេ។ ពីព្រោះការធ្វើបែបនេះ អាចនឹងធ្វើឱ្យខូចមុខមាត់ និងកិត្តិយសបក្សទាំងមូល ជាពិសេសគឺអាចធ្វើឱ្យអ្នកគាំទ្រលែងមានទំនុកចិត្តលើ បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋតែម្ដង។
ជាឧទាហរណ៍ជាក់ស្ដែង ក្រោយលោក រីឆាដ ណិចសុន (Richard Nixon) បានលាពីតំណែងដោយខ្លួនឯង ក្រោយរងការគំរាមកំហែងពីការដំណើរការនីតិវិធីដកតំណែង កំឡុងទសវត្សរ៧០ លោក Gerald Ford ដែលជាអនុប្រធានាធិបតី បានឡើងមកកាន់តំណែងជាប្រធានាធិបតីបន្ត ហើយ ថែមទាំងបានលើកលែងទោសឱ្យលោក ណិចសុន ចំពោះបទល្មើសទាំងឡាយ បានប្រព្រឹត្តកំឡុងកាន់អំណាចទៀតផង។
ប៉ុន្តែក្រោយមកទៀត លោក Gerald Ford បានចាញ់នៅក្នុងបោះឆ្នោតប្រធានាធិបតី ដោយបាត់បង់កៅអីសេតវិមានទៅឱ្យ លោក Jimmy Carter មកពីគណបក្សប្រជាធិបតេយ្យ។ ដូច្នេះទាញចេញពីមេរៀននេះ មជ្ឈដ្ឋានជាច្រើនយល់ថាព្រឹទ្ធសភា គ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ នឹងមិនបោះឆ្នោត ដកតំណែងលោក ត្រាំ នោះឡើយ។
* តែចុះបើលោក ត្រាំ ត្រូវដកតំណែង តើនរណានឹងមកជំនួសកន្លែងលោក?
នៅក្នុងករណីដែលព្រឹទ្ធសភា បោះឆ្នោតអនុម័តលើមាត្រាចោទប្រកាន់ទំាងពីរ ដែលអនុម័តដោយសភាតំណាងរាស្រ្តនោះលោក ត្រាំ នឹងត្រូវអស់តំណែងដោយស័្វយប្រវត្តិ ហើយអនុប្រធានាធិបតី លោក Mike Pence នឹងឡើងកាន់តំណែងជាប្រធានាធិបតី រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ បើតាមមាត្រា២ នៃកថាខណ្ឌទី៤ នៃរដ្ឋធម្មនុញ្ញអាមេរិក មន្ត្រីសហព័ន្ធក្នុង នោះរួមមានទាំង ប្រធានាធិបតី អនុប្រធានាធិបតី និងចៅក្រមសហព័ន្ធ នឹងត្រូវបានដកចេញពីតំណែងតាមរយៈនីតិវិធី ដកតំណែង ក្នុងករណីដែលត្រូវបានគេចោទប្រកាន់ជាផ្លូវការពីបទប្រព្រឹត្តបទឧក្រិដ្ឋដូចជា ក្បត់ជាតិ ពុករលួយ និងបទឧក្រិដ្ឋ ដ៏ទៃទៀតដែលមានលក្ខណៈធ្ងន់ធ្ងរ។
ការកាត់ទោស ឬការចោទប្រកាន់ប្រធានាធិបតីកំពុងកាន់អំណាច ពីបទឧក្រិដ្ឋ មិនអាចធ្វើទៅរួចឡើយ តែរដ្ឋធម្មនុញ្ញ បានបើកផ្លូវឱ្យមានចោទប្រកាន់ដាច់ដោយឡែក នៅពេលប្រធានាធិបតីត្រូវបានដកចេញពីតំណែង។
* តើប្រធានាធិបតីណាខ្លះធ្លាប់ត្រូវបានចោទប្រកាន់ជាផ្លូវការ?
នៅក្នុងប្រវត្តិសាស្ត្រអាមេរិក លោក អាន់ឌ្រូ ចនសុន (Andrew Johnson), លោក បៀល គ្លីនតុន (Bill Clinton) និងលោក ដូណាល់ ត្រាំ គឺជាប្រធានាធិបតីអាមេរិកតែ៣នាក់គត់ ដែលត្រូវបានគេដំណើរការនីតិវិធីចោទការប្រកាន់ ឬទម្លាក់ចេញពី តំណែង ខណៈលោក រីឆាដ ណិចសុន (Richard Nixon) បានលាពីតំណែងដោយខ្លួនឯង ក្រោយរងការគំរាមកំហែងពីការដំណើរការនីតិវិធីនេះ។ លោក ចនសុន ត្រូវគេដំណើរការនីតិវិធីដកតំណែងនៅឆ្នាំ១៨៦៨ ដោយសារតែភាពលាចល ក្រោយសង្រ្គាមស៊ីវិលនៅអាមេរិក ហើយលោក បៀល គ្លីនតុន នៅឆ្នាំ១៩៩៨ ដោយសារតែរឿងអាស្រូវផ្លូវភេទជាមួយ លេខាសេតវិមានម្នាក់ឈ្មោះ Monica Lewinsky។ រីឯលោក ត្រាំ គឺជាប្រធានាធិបតីទី៣ ដែលត្រូវដំណើរការនីតិវិធីកាលពី ថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩ (ម៉ោងនៅវ៉ាស៊ីនតោន) ដោយចោទថាបានល្មើសអំណាច និងបង្កឧបសគ្គដល់ការ ស៊ើបអង្កេតរបស់សភា។
មកទល់នឹងពេលនេះ មិនទាន់មានប្រធានាធិបតីអាមេរិកណាម្នាក់ត្រូវបានគេដកហូត ឬបណ្ដេញចេញពីតំណែងនោះឡើយ ហើយលោក ដូណាល់ ត្រាំ ក៏អាចនឹងមិនត្រូវបានគេដកតំណែងដូចគ្នាដែរក៏ថាបាន។ ផ្ទុយទៅវិញ បើតាមការស្ទង់មតិជាច្រើន ការដំណើរការនីតិវិធីដកតំណែង អាចនឹងជួយឱ្យលោកកេងចំណេញខាងនយោបាយទៀតផង។
* តើប្រជាជនអាមេរិក យល់យ៉ាងដូចម្ដេចចំពោះការដកលោក ត្រាំ ពីតំណែង?
បើតាមការស្ទង់មតិ ចេញផ្សាយកាលពីព្រឹកថ្ងៃពុធ ដោយវិទ្យាស្ថាន Gallup ការបើកការស៊ើបអង្កេតដើម្បីដំណើរការ នីតិវិធីដកដំណែងប្រកាសដោយប្រធានសភាតំណាងរាស្ត្រ លោកស្រី Nancy Pelosi កាលពីខែតុលាកន្លងទៅបានជួយឱ្យលោក ត្រាំ ឈ្នះខាងនយោបាយ និងកើនប្រជាប្រិយភាពទៅវិញ។ ការស្ទង់មិតដដែលបង្ហាញថា៖
១៖ អត្រាគំាទ្រការបំពេញការងាររបស់លោក ត្រាំ បានកើនឡើងពី៣៩ ដល់៤៥ភាគរយ
២៖ អត្រាគាំទ្រដកតំណែង និងដំណើការនីតិវិធីដកតំណែងលោក ត្រាំ បានធ្លាក់ចុះពី៥២ភាគរយ មកនៅត្រឹម៤៦ភាគរយ។ ដោយឡែក ការស្ទង់មតិរបស់ CNN ចន្លោះពីថ្ងៃទី៤ ខែធ្នូ ដល់ថ្ងៃទី១៥ ខែធ្នូ ក៏បានបង្ហាញដែរថាអាត្រាគាំទ្រដំណើរការ នីតិវិធីដកតំណែង និងដកតំណែង មាន៤៦ភាគរយ ខណៈមិនគាំទ្រមាន ៤៩ភាគរយ។
គួរបញ្ជាក់ថា ក្រុមសមាជិកសភានៃសភាតំណាងរាស្ត្រអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ បានបើកការស៊ើបអង្កេត មួយជាផ្លូវការកាលពីខែតុលា ដើម្បីដំណើរការនីតិវិធីចោទប្រកាន់ ឬទម្លាក់លោក ដូណាល់ ត្រាំចេញពីតំណែង ដោយចោទថា ប្រធានាធិបតីអាមេរិករូបនេះ បានស្វះស្វែងរកការគំាទ្រពីបរទេស ដើម្បីផ្ដួលគូប្រជែងរបស់លោក គឺលោក Joe Biden ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០។
ការប្រកាសបើកការស៊ើបអង្កេតខាងលើ ធ្វើឡើងដោយប្រធានសភាអាមេរិក នៃគណបក្សប្រជាធិបតេយ្យ លោកស្រី Nancy Pelosi ។ ភាពចម្រូងចម្រាស់នយោបាយអាមេរិក បានផ្ទុះឡើងជាថ្មី ក្រោយមានសេចក្ដីរាយការណ៍ថា លោក ដូណាល់ ត្រាំ បានពិភាក្សាគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Zelensky ដោយខាងបក្សប្រជាធិបតេយ្យបានចោទប្រកាន់ លោក ត្រាំ ថាបានគំរាមកំហែងកាត់បន្ថយជំនួយយោធា ដើម្បីបងំ្ខឱ្យអ៊ុយក្រែនបើកការស៊ើបអង្កេត ពីបទពុករលួយប្រឆាំង នឹងបេក្ខជនប្រធានាធិបតីអាមេរិកបក្សប្រជាធិបតេយ្យ លោក Joe Biden និងកូនប្រុសរបស់ លោកឈ្មោះ Hunter។ ប៉ុន្តែ លោក ត្រាំ បានទាត់ចោលរាល់ការចោទ ប្រកាន់ប្រឆាំងនឹងរូបលោក ហើយចាត់ទុកថានិតិវិធីដករបស់បក្សប្រជាធិបតេយ្យ គឺជាការប៉ុនប៉ងធ្វើរដ្ឋប្រហាររូបលោក៕