(ភ្នំពេញ)៖ កាលពីប៉ុន្មានខែមុនតារាហូលីវូដដ៏ល្បីល្បាញ គឺអ្នកនាង អ៊ែនជីលីណា ចូលី (Angelina Jolie) បានថតផ្សាយពាណិជ្ជកម្មម៉ាកទឹកអប់ដ៏ល្បីមួយរបស់ប្រទេសបារាំង ខណៈការថតនោះត្រូវបានធ្វើឡើងនៅគេហដ្ឋានរបស់អ្នកនាងផ្ទាល់ ដែលស្ថិតក្នុងប្រទេសកម្ពុជា។
ក្រៅពីឃ្លីបពាណិជ្ជកម្មផ្ទាល់ ក្រុមហ៊ុនទឹកអប់បារាំង Guerlain ថែមទាំងបានបញ្ចេញឃ្លីបវីដេអូមួយផ្សេងទៀត ដែលបង្ហាញពីសកម្មភាពនៅ ពីក្រោយការថតវីដេអូពាណិជ្ជកម្មនោះផងដែរ។ ក្នុងនោះអ្នកនាង Jolie បាននិយាយថា កាលប៉ុន្មានឆ្នាំមុនអ្នកនាងបានថតឃ្លីបពាណិជ្ជកម្ម ស្រដៀងគ្នានេះឲ្យម៉ាកទឹកអប់ Guerlain នេះដែរនៅឯគេហដ្ឋានអ្នកនាង ក្នុងប្រទេសបារាំង ប៉ុន្តែនៅឆ្នាំនេះអ្នកនាងបានសម្រេចជ្រើសរើសយក ទីតាំងថតនៅគេហដ្ឋានក្នុងប្រទេសកម្ពុជាវិញ ព្រោះវាធ្វើឲ្យអ្នកនាងមានអារម្មណ៍ស្និទ្ធស្នាល និងរស់រវើក។ គេហដ្ឋាននោះស្ថិតនៅក្នុងខេត្តមួយ ប៉ុន្តែពុំត្រូវបានដឹងលម្អិតជាសាធារណៈឡើយ។
តារាសម្តែងអាមេរិក ដែលមានសញ្ជាតិកម្ពុជាអ្នកនាង Angelina Jolie បានបន្តរក្សាទំនាក់ទំនងយ៉ាងស៊ីជម្រៅនៅក្នុងប្រទេសកម្ពុជា។ មិនត្រឹមតែអ្នកនាងមាន កូនប្រុសច្បងគេ ដែលកើតនៅកម្ពុជាប៉ុណ្ណោះទេ ខ្សែភាពយន្តមួយកាលពីឆ្នាំ២០១៧ ដែលអ្នកនាងបានដឹកនាំមានចំណងជើងថា «ដំបូងខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ» ក៏រៀបរាប់នូវសម័យកាលដ៏ខ្មៅងងឹតរបស់ប្រទេសកម្ពុជា នៅក្រោមរបបប្រល័យពូជសាសន៍ខ្មែរក្រហមថែមទៀតផង។
អ្នកនាង Angelina Jolie បានយល់ព្រមផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនទឹកអប់ Guerlain ដែលស្ថិតក្នុងចំណោមទឹកអប់ មានអាយុកាលចំណាស់ៗបំផុតនៅលើពិភពលោក ព្រោះវាជាម៉ាកទឹកអប់ ដែលម្តាយអ្នកនាងពេញចិត្តជាងគេ។ រីឯចំណូលទាំងប៉ុន្មានដែលអ្នកនាងទទួលបានពីក្រុមហ៊ុនទឹកអប់នេះ ត្រូវបរិច្ចាគចូលទៅក្នុងមូលនិធិសប្បុរសធម៌។
គួរបញ្ជាក់ថា Guerlain គឺជាប្រ៊ែនទឹកអប់មានប្រភពកំណើតនៅបារាំងសុទ្ធសាធ។ យីហោនេះត្រូវបានបង្កើតឡើងដោយលោក ព្យែរ៉េ ហ្វ្រង់ស្វ័រ ប៉ាស្កាល់ ហ្គែឡាំង (Pierre François Pascal Guerlain) នៅទីក្រុងប៉ារីសក្នុងឆ្នាំ១៨២៨។ វាបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់គ្រួសារ Guerlain អស់រយៈពេលជាង ១៥០ឆ្នាំហើយបន្ទាប់មកនៅឆ្នាំ១៩៩៤ វាត្រូវបានក្រុមបារាំងមួយទៀតឈ្មោះ LVMH ទិញយកដែលមានប្រ៊ែនល្បីៗដូចជា Louis Vuitton នៅក្នុងនោះផងដែរ៕
ប្រភព៖ W Magazine (ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩)