(អាមេរិក)៖ លោក យូរី ស៊ីតនីក (Yuri Sytnik) ដែលជាអាកាសយានិករុស្ស៊ីម្នាក់ បានអះអាងថា យន្តហោះស៊ើបការណ៍ P-8 ផូសេដុន (P-8 Poseidon) របស់អាមេរិក ដែលហោះហើរនៅក្បែរដែនដីរបស់ប្រទេសស៊ីរី ចាប់បានរលកសញ្ញាប្រេកង់ធ្វើប្រតិបត្តិការរបស់ ប្រព័ន្ធមីស៊ីលរុស្ស៊ី S-400 ដែលស្ថិតនៅបន្ទាយទ័ពអាកាសរុស្ស៊ី ហាមៃមីម (Hmeymim) ក្នុងប្រទេសស៊ីរី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩។
ទោះជាបែបនេះក្តី យោងតាមអាកាសយានិករុស្ស៊ីខាងលើ យោធាអាមេរិកនៅតែត្រូវការរិះរកវិធី ដើម្បីបកប្រែទិន្នន័យទាំងនោះ ទើបអាចយកពួកវាទៅប្រើការបាន។ លោក Sytnik បានគូសបញ្ជាក់ដូច្នេះថា «ឥឡូវពួកគេត្រូវការបកប្រែកូដនៃប្រព័ន្ធមីស៊ីល S-400 របស់យើង ដែលកំពុងធ្វើប្រតិបត្តិការនៅស៊ីរី។ ពួកគេកំពុងព្យាយាមស្ទាបស្ទង់សមត្ថភាព ប្រព័ន្ធការពារដែនអាកាសរបស់យើង តាមរយៈការឈ្លបការណ៍ពីលើផ្ទៃអាកាស»។
លោក Sytnik បានបន្តថា នៅពេលអាមេរិកអាចបំបែកកូដដែលប្រើដោយប្រព័ន្ធ S-400 បាននោះពួកគេនឹងអាចមានលទ្ធភាព ចូលអុកឡុកប្រព័ន្ធប្រតិបត្តិការរបស់ S-400 ដូចជាធ្វើឲ្យប្រព័ន្ធរ៉ាដាគាំងដំណើរ ឬឲ្យ S-400 មើលឃើញយន្តហោះ ដែលតាមពិតមិនមានវត្តមានក៏ដោយ ។ យ៉ាងណាមិញវាមិនច្បាស់នោះទេថា ប្រព័ន្ធ S-400 ទាំងអស់ប្រើប្រេកង់ដូចគ្នា ឬក៏យ៉ាងណាឡើយ។ ប្រព័ន្ធមីស៊ីល S-400 ត្រូវបានរុស្ស៊ីដាក់ពង្រាយនៅស៊ីរីកាលពីឆ្នាំ២០១៥ ហើយបានការពារ មូលដ្ឋានទ័ពអាកាសរុស្ស៊ី Hmeymim នៅទីនោះរហូតមកទល់សព្វថ្ងៃ។
គួរជម្រាបថា ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-500 ដែលជំនាន់ថ្មីបំផុតរបស់រុស្ស៊ីវិញ គឺប្រើប្រាស់ប្រព័ន្ធរ៉ាដាផ្សេងខុសពីប្រព័ន្ធ S-400 ដូច្នេះពួកវាក៏ប្រើប្រាស់ប្រេកង់ធ្វើប្រតិបត្តិការ ខុសពីប្រព័ន្ធការពារដែនអាកាសចាស់ៗដែរ។ ប្រព័ន្ធ S-500 ត្រូវគេរំពឹងថា នឹងចាប់ផ្តើមធ្វើប្រតិបត្តិការដោយយោធារុស្ស៊ី នៅឆ្នាំ២០២០ ខាងមុខនេះ៕