(ស៊ីដនី)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំអូស្រ្តាលី នាថ្ងៃព្រហស្បតិ៍នេះបាននិយាយថា ប្រសិនបើចង់ឲ្យទំនាក់ទំនងទ្វេភាគីមានភាពប្រសើរឡើង ទីក្រុងកង់បេរ៉ាត្រូវតែបោះបង់ចោលការរិះគន់លើទីក្រុងប៉េកាំង និងគោរពប្រទេសចិន ហើយចាត់ទុកការអភិវឌ្ឍរីកចម្រើនទៅមុខរបស់ចិន ជាឱកាសដ៏ពិសេសមួយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩។

ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអូស្រ្តាលីលោក ចេង ជីងយ៉េ (Cheng Jingye) បានហៅឆ្នាំ២០១៩ ថាជាឆ្នាំច្របូកច្របល់នៃទំនាក់ទំនងរវាប្រទេសទាំងពីរ។ កន្លងមកអូស្រ្តាលីបានព្យាយាមបន្ធូរបន្ថយភាពតានតឹងទ្វេភាគី តាមរយៈការមិនចេញមុខរិះគន់ជាសាធារណៈលើប្រទេសចិន ប៉ុន្តែប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មន្រ្តីរដ្ឋាភិបាលអូស្រ្តាលីមួយចំនួនបានលើកឡើងថា ទីក្រុងកង់បេរ៉ានឹងមិនបិទមាត់ ជុំវិញក្តីព្រួយបារម្ភមួយចំនួនពាក់ព័ន្ធនឹងចិនឡើយ។

លោក Cheng បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងស៊ីដនីថា បើតាមការយល់ឃើញរបស់លោក វាមានសារសំខាន់ជាខ្លាំងក្នុងការចាត់ ទុកការអភិវឌ្ឍរីកចម្រើនរបស់ភាគីម្ខាងៗជាឱកាសមួយ ជាជាងចាត់ទុកជាការគម្រាមកំហែង ហើយបើតាមចង់ឲ្យចំណងទាក់ទងទ្វេភាគីមានភាពប្រសើរឡើង ប្រទេសទាំងពីរត្រូវតែបញ្ឈប់ការរិះគន់ ហើយប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក។

គួរជម្រាបថា ទំនាក់ទំនងរវាងអូស្រ្តាលី និងចិនដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន បានធ្លាក់ចុះដុនដាបនៅអំឡុងប៉ុន្មានឆ្នាំកន្លងមកនេះ ដោយសារមានការចោទប្រកាន់ថា ទីក្រុងប៉េកាំងបានលូកដៃជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ទីក្រុងកង់បេរ៉ា។ ម៉្យាងវិញទៀតអូស្រ្តាលីក៏ព្រួយបារម្ភថា ចិនកំពុងព្យាយាមពង្រីកឥទ្ធិពលឲ្យខ្លាំងលើសលុប នៅតំបន់ប៉ាស៊ីហ្វិកផងដែរ៕